កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​ពិភពលោក​៖ កីឡាករ​តេ​ក្វាន់​ដូ ត្រូវការ​ពេល​៣​ខែ ក្នុង​ការស្តារ​កម្លាំង​ឡើងវិញ​
18, Apr 2020 , 9:39 pm        
រូបភាព
កីឡាករ ប៉ាល់ ជីវ័ន (លើគេ)លោតធាក់មិត្តរួមក្រុមពេលសម្តែងក្នុងពិធីបិទការប្រកួតថ្នាក់ជាតិឆ្នាំ២០១៩
កីឡាករ ប៉ាល់ ជីវ័ន (លើគេ)លោតធាក់មិត្តរួមក្រុមពេលសម្តែងក្នុងពិធីបិទការប្រកួតថ្នាក់ជាតិឆ្នាំ២០១៩
ដោយ:
​តេ​ក្វាន់​ដូ ITF  ជា​កីឡា​មួយ​ស្ថិត​ក្នុងចំណោម​កីឡា​ជាង​៣០​ប្រភេទ ដែល​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្អាក​ការប្រមូលផ្តុំ​ហ្វឹកហាត់ ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម្រាប់​កីឡាករ​តេ​ក្វាន់​ដូ ITF ត្រូវការ​ពេលវេលា​ពី​២​ទៅ​៣​ខែ ក្នុង​ការស្តារ​កម្លាំង និង​បច្ចេកទេស​ឡើងវិញ​។ នេះ​ជាការ​យល់ឃើញ​របស់​កីឡាករ ប៉ាល់ ជីវ័ន ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​តេ​ក្វាន់​ដូ ITF​។

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពីពេល​ថ្មីៗ បានប្រកាស​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំ​ងឹ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី​។ ការណ៍​នេះ ទាមទារ​ឲ្យ​កីឡាករ​ទាំងនោះ​ត្រូវ​ព្យាយាម​ហ្វឹកហាត់​ដោយ​ខ្លួនឯង​នៅផ្ទះ ដើម្បី​រក្សា​គុណ​ផល​របស់​ពួកគេ​។ 
 
​សម្រាប់​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​តេ​ក្វាន់​ដូ ITF កីឡាករ ប៉ាល់ ជីវ័ន ការហ្វឹកហាត់​ដោយ​ខ្លួន​នៅផ្ទះ​របស់​កីឡាករ ពុំមាន​ប្រសិទ្ធិភាព​ដូច​ការហ្វឹកហាត់​ជា​ក្រុម ក្រោម​ការត្រួតពិនិត្យ​និង​ណែនាំ​ពី​គ្រូបង្វឹក​នោះទេ​។  ដ្បិត​រូបគេ​ជឿជាក់ថា ការហ្វឹកហាត់​នៅផ្ទះ កីឡាករ​ទំនងជា​គ្មាន​ឆន្ទៈ និង​ហ្វឹកហាត់​ដិតដល់​ដូច​ការប្រមូលផ្តុំ​ហ្វឹកហាត់​នោះទេ​។ 
 
​បញ្ហា​នេះ​ធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្នាល​រូបនេះ វាយតម្លៃថា ការហ្វឹកហាត់​ងាយៗ​ដោយ​គ្មាន​ការជំរុញ​ផ្ទា​ល់ពី​គ្រូបង្វឹក អាចធ្វើ​ឲ្យ​កីឡាករ​ធ្លាក់ចុះ​ទាំង​កម្លាំងកាយ និង​បច្ចេកទេស​។ សម្រាប់ ជីវ័ន កីឡាករ​តេ​ក្វាន់​ដូ ITF ត្រូវការ​ពេលវេលា​ហ្វឹកហាត់​យ៉ាងតិច​ពី​២​ទៅ​៣​ខែ ក្នុង​ការស្តារ​កម្លាំងកាយ និង​បច្ចេកទេស​ឡើងវិញ​។ 
 
«​សម្រាប់​កីឡា​តេ​ក្វាន់​ដូ ITF បើ​និយាយ​ពី​គុណភាព​កម្រិត​ខ្ពស់​យើង​ត្រូវការ​ពេល​ហ្វឹកហាត់​យ៉ាងតិច​ពី​២​ទៅ​៣​ខែ ទើប​អាច​ស្តារ​កម្លាំងកាយ និង​បច្ចេកទេស​ឡើងវិញ​បាន​។  ខ្ញុំ​និយាយ​បែបនេះ ដោយសារ​កន្លងមក​មុន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ម្តងៗ យើង​ត្រូវការ​ហ្វឹកហាត់​ទាំង​ព្រឹក​ទាំង​ល្ងាច​រយៈពេល​ដូចគ្នា ទើប​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ចេញទៅ​ប្រកួត​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ប៉ាល់ ជីវ័ន​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ប្រទេស​ប៊ុលហ្គារី​កាលពី​ឆ្នាំ​២០១៩ រូបនេះ គាំទ្រ​ចំពោះ​ការអនុវត្ត​រាល់ថ្ងៃ​របស់​កីឡាករ ព្រោះ​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ក្នុង​ការរក្សា​កម្លាំងកាយ និង​គុណ​ផល​របស់​កីឡាករ​កុំ​ឲ្យ​មានការ​ធ្លាក់ចុះ​ខ្លាំង​។ 
 
​គួររំលឹកថា ក្រោយ​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​រួមចំណែក​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំ​ងឹ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​។ ក្នុងនោះ​ក្រសួង​សម្រេច​ផ្អាក​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល ផ្អាក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ការប្រកួត​ជើងឯក​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី​១០​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជាដើម​។  កាលពីពេល​ថ្មីៗ​ក្រសួង សម្រេច​ឲ្យ​ផ្អាក​ដំណើរការ​ក្លិប​ហាត់ប្រាណ និង​ការលេង​កីឡា និង​ហាត់ប្រាណ​លក្ខណៈ​ជួបជុំ​នៅតាម​ទីលាន​ឯកជន និង​សាធារណៈ​៕ 
 
 

Tag:
 ប៉ាល់ ជីវ័ន​
  តេ​ក្វាន់​ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com