កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសពិភពលោក៖ កីឡាករតេក្វាន់ដូ ត្រូវការពេល៣ខែ ក្នុងការស្តារកម្លាំងឡើងវិញ កីឡាករ ប៉ាល់ ជីវ័ន (លើគេ)លោតធាក់មិត្តរួមក្រុមពេលសម្តែងក្នុងពិធីបិទការប្រកួតថ្នាក់ជាតិឆ្នាំ២០១៩
× តេក្វាន់ដូ ITF ជាកីឡាមួយស្ថិតក្នុងចំណោមកីឡាជាង៣០ប្រភេទ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការប្រមូលផ្តុំហ្វឹកហាត់ ដោយសារបារម្ភការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្រាប់កីឡាករតេក្វាន់ដូ ITF ត្រូវការពេលវេលាពី២ទៅ៣ខែ ក្នុងការស្តារកម្លាំង និងបច្ចេកទេសឡើងវិញ។ នេះជាការយល់ឃើញរបស់កីឡាករ ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសពិភពលោកកីឡាតេក្វាន់ដូ ITF។
ក្រសួងអប់រំយុវជននិងកីឡាកាលពីពេលថ្មីៗ បានប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល ដោយសារបារម្ភពីការរីករាលដាលនៃជំងឹរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសថ្មី។ ការណ៍នេះ ទាមទារឲ្យកីឡាករទាំងនោះត្រូវព្យាយាមហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះ ដើម្បីរក្សាគុណផលរបស់ពួកគេ។
សម្រាប់ម្ចាស់មេដាយមាសពិភពលោកកីឡាតេក្វាន់ដូ ITF កីឡាករ ប៉ាល់ ជីវ័ន ការហ្វឹកហាត់ដោយខ្លួននៅផ្ទះរបស់កីឡាករ ពុំមានប្រសិទ្ធិភាពដូចការហ្វឹកហាត់ជាក្រុម ក្រោមការត្រួតពិនិត្យនិងណែនាំពីគ្រូបង្វឹកនោះទេ។ ដ្បិតរូបគេជឿជាក់ថា ការហ្វឹកហាត់នៅផ្ទះ កីឡាករទំនងជាគ្មានឆន្ទៈ និងហ្វឹកហាត់ដិតដល់ដូចការប្រមូលផ្តុំហ្វឹកហាត់នោះទេ។
បញ្ហានេះធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិថ្នាលរូបនេះ វាយតម្លៃថា ការហ្វឹកហាត់ងាយៗដោយគ្មានការជំរុញផ្ទាល់ពីគ្រូបង្វឹក អាចធ្វើឲ្យកីឡាករធ្លាក់ចុះទាំងកម្លាំងកាយ និងបច្ចេកទេស។ សម្រាប់ ជីវ័ន កីឡាករតេក្វាន់ដូ ITF ត្រូវការពេលវេលាហ្វឹកហាត់យ៉ាងតិចពី២ទៅ៣ខែ ក្នុងការស្តារកម្លាំងកាយ និងបច្ចេកទេសឡើងវិញ។
«សម្រាប់កីឡាតេក្វាន់ដូ ITF បើនិយាយពីគុណភាពកម្រិតខ្ពស់យើងត្រូវការពេលហ្វឹកហាត់យ៉ាងតិចពី២ទៅ៣ខែ ទើបអាចស្តារកម្លាំងកាយ និងបច្ចេកទេសឡើងវិញបាន។ ខ្ញុំនិយាយបែបនេះ ដោយសារកន្លងមកមុនចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ យើងត្រូវការហ្វឹកហាត់ទាំងព្រឹកទាំងល្ងាចរយៈពេលដូចគ្នា ទើបអាចមានសមត្ថភាពគ្រប់គ្រាន់ចេញទៅប្រកួតបាន»។ នេះជាការលើកឡើងរបស់កីឡាករ ប៉ាល់ ជីវ័ន។
ទោះបីយ៉ាងនេះក្តីម្ចាស់មេដាយមាសពិភពលោកកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារីកាលពីឆ្នាំ២០១៩ រូបនេះ គាំទ្រចំពោះការអនុវត្តរាល់ថ្ងៃរបស់កីឡាករ ព្រោះជាវិធីសាស្ត្រមួយដ៏ល្អក្នុងការរក្សាកម្លាំងកាយ និងគុណផលរបស់កីឡាករកុំឲ្យមានការធ្លាក់ចុះខ្លាំង។
គួររំលឹកថា ក្រោយកម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ក្រសួងអប់រំយុវជននិងកីឡាបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីរួមចំណែកបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឹរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ។ ក្នុងនោះក្រសួងសម្រេចផ្អាកការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល ផ្អាករៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ការប្រកួតជើងឯកសិស្សបឋមសិក្សាថ្នាក់ជាតិ ការប្រកួតជើងឯកថ្នាក់ជាតិ និងហាមមិនឲ្យមានការជួបជុំលើសពី១០នាក់នៅពហុកីឡដ្ឋានជាតិជាដើម។ កាលពីពេលថ្មីៗក្រសួង សម្រេចឲ្យផ្អាកដំណើរការក្លិបហាត់ប្រាណ និងការលេងកីឡា និងហាត់ប្រាណលក្ខណៈជួបជុំនៅតាមទីលានឯកជន និងសាធារណៈ៕
Tag:
ប៉ាល់ ជីវ័ន
តេក្វាន់ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com