ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប្រាក់ ប៉ូ ជឿថាការធ្វើពិធី«សែនជូនដូនតាទៅស្រុកវិញ»នាំឱ្យគ្រួសារសុខចម្រើន
× កណ្ដាល៖«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» នាឱកាសឆ្លងឆ្នាំថ្មីនេះ គឺជាពិធីដែលគ្រួសាររបស់លោក ប្រាក់ ប៉ូ វ័យវ័យ៧៥ឆ្នាំ ធ្វើបន្តពីជីដូនជីតាច្រើនជំនាន់មកហើយ។ ថ្វីបើនេះគ្រាន់តែជាជំនឿក្នុងគ្រួសារក៏ពិតមែន ប៉ុន្តែលោក ប្រាក់ ប៉ូ ជឿថាការធ្វើពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» បានជួយឱ្យគ្រួសារលោកមានសេចក្ដីសុខ និងមិនមានគ្រោះចង្រៃបៀតបៀន។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ បន្ទាប់ពីលោករៀបចំពិធីសែនព្រេននៅល្ងាចថ្ងៃឆ្លងឆ្នាំប្រពៃណីជាតិ លោក ប្រាក់ ប៉ូ ដែលមានកូន៧នាក់ ពន្យល់ថា ពិធីសែននេះមិនមាននៅក្នុងក្បួនគម្ពីរណាមួយឡើយ គឺគ្រួសាររបស់លោកប្រារព្ធតពីដូនតារៀងមក។ ដោយសង្កេតឃើញថា គ្រួសារចេះតែជួបសេចក្ដីសុខចម្រើន លោក ប្រាក់ ប៉ូ យល់ថាពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» ក៏មានចំណែកជួយដែរ។
ដើម្បីជ្រាបច្បាស់ ពីការយល់ឃើញរបស់លោក ប្រាក់ ប៉ូ ចំពោះការរៀបចំពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ» សូមលោកអ្នកនាង ទស្សនាបទសម្ភាសខាងក្រោមដោយក្ដីរីករាយ៖
គ្រឿងរណ្ដាប់សម្រាប់សែន មានបែងចែកជា៤ផែន។ ផែនទី១ តំណាងឱ្យក្បាល មានម្លូស្លាបារីនិងថ្នាំចុករៀបជាគូ ដែលដាក់នៅលើខ្នើយកើយ។ ផែនទី២ តំណាងឱ្យក មានទៀន និងធូបដែលអុជឱ្យមានពន្លឺ។ ផែនទី៣ តំណាងឱ្យតួខ្លួន មានទឹកតែ ទឹកត្រជាក់ និងអាការសាហាវ ព្រមទាំងមានបាយម្ហូបនំចំណីដែលរៀបជាគូៗ។ ផែនទី៤ តំណាងឱ្យជើង គឺសម្រាប់ដាក់ទូកដែលធ្វើពីស្រទបចេក។
ផែនទី៤នេះ គឺជាផែនដែលសំខាន់ជាងគេបំផុត នៅក្នុងពិធី«សែនជូនដូនតាត្រឡប់ទៅស្រុកវិញ”»នេះ។ នៅក្នុងទូក ដែលមានច្រវា២នោះ មានដាក់ស្បៀងរយៈពេលយូរ ដូចជា អង្ករ ស្រូវ ពោត សណ្ដែក ប្រហុក អំបិល ស្ករ រួមទាំងប្រាក់ជាដើម ទុករួចជាស្រេច។
ក្រោយពីមេគ្រួសារបានអំពាវនាវហៅ ដូនតា និងញាតិសណ្ដាន ដែលបានបាក់បែកចែកឋានទៅ ឱ្យមកសេពសោយគ្រឿងសំណែន គម្រប់៣ដងហើយ កូនចៅទាំងឡាយប្រញាប់រូតរះរំលែកអាហារពីក្នុងចានទាំងនោះ ដាក់ចូលក្នុងទូកខ្លះ និងទុកក្នុងចានខ្លះ។
កូនប្រុសក្នុងគ្រួសារ ត្រូវមានភារកិច្ចយកទូកនោះ ទៅបណ្ដែតក្នុងទឹកទន្លេ ដោយប្រញាប់ប្រញាល់ ចុះពីលើផ្ទះឱ្យបានលឿនបំផុត។ ឪពុក ឬមេគ្រួសារ ត្រូវបាចអង្ករពីក្រោយអ្នកយកទូកចុះយ៉ាងលឿន ឱ្យបានគ្រប់៣ដង និងមានពាក្យជូនដំណើរស្របពេលនោះផង។ សមាជិកគ្រួសារម្នាក់ទៀត ត្រូវប្រញាប់លើករលាស់កន្ទេលដែលក្រាលសែននោះ ឱ្យទាន់ដំណើរចុះទូកផងដែរ។
ចំណែកបាយដែលនៅសល់ក្នុងចាន ក្រោយពីសែនរួចនោះ កូនចៅទាំងអស់ ត្រូវទទួលទាន ព្រោះតែគេជឿថា នឹងមានសុខភាពល្អ គ្មានរោគបៀតបៀនបាន៕
Tag:
ចូលឆ្នាំ
សែន
ពិធី
ជំនឿ
ទំនៀមទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com