COVID-19
អន្តរជាតិ
លោក ត្រាំ ថា ចិន​នឹង​ជួប​បញ្ហា​ធំ បើ​ពិត​ជាមាន​ចេតនា​លាក់បាំង​ជំងឺ COVID-19
19, Apr 2020 , 9:58 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ ខែមេសា បាន​ព្រមាន​ចិន​ចំ​ជុំវិញ​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ សម្រាប់​លោក ត្រាំ ចិន​គេច​មិន​ផុតពី​ផលវិបាក​ឡើយ បើ​ពិត​មាន​ជាមាន​ចេតនា​លាក់បាំង​ជំងឺ​នេះ​តាំងពី​ដំបូង​មក​នោះ ហើយ​បណ្ដោយ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ទូទាំង​ពិភពលោក​។ លោក ត្រាំ ក៏​នៅតែ​មិន​ជឿថា ចំនួន​អ្នកស្លាប់​នៅ​ចិន​មាន​ត្រឹម​ខ្ទង់ពាន់​នាក់​ដូច​របាយការណ៍​រដ្ឋាភិបាល​ដែរ​។​

 
«​វា​គួរតែ​ត្រូវបាន​បញ្ឈប់​ត្រឹម​ចិន មុនពេល​វា​ចាប់ផ្ដើម​រាលដាល ប៉ុន្តែ​រឿង​មិនកើត​បែប​នោះឡើយ​។​» ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ស្ដីពី​ការវិវត្ត​របស់​ជំងឺ COVID-19 ។ លោក ត្រាំ ទំនង​ចង់​ចោទ​ចិន​ថា មិនបាន​អនុវត្ត​វិធានការ​ឲ្យ​ទាន់ពេល និង​សមស្រប​ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា ឬក៏​ថែមទាំង​មាន​ចេតនា​ឲ្យ​វីរុស​នេះ​សាយភាយ​ទៅកាន់​ប្រទេស​ផ្សេងទៀត​តែម្ដង​។​
 
​បច្ចុប្បន្ន COVID-19 ឆ្លង​រាលដាល​ពេញ​ពិភពលោក​ជាមួយនឹង​ករណី​ឆ្លង​សរុប​កើន​ដល់​ជាង​ពីរលាន​បី​សែន​នាក់ និង​អ្នក​ស្លាប់មាន​១៦​ម៉ឺន​នាក់​ផងដែរ​។ លោក ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​ថា ពិភពលោក​កំពុង​រងគ្រោះ​ដោយសារ​ទង្វើ​របស់​ចិន​។​
 
​ឆ្លើយ​នឹង​សំណួរ​ថា ចិន​នឹង​ប្រឈមមុខ​បញ្ហា​អ្វី​ឬទេ​ចំពោះ​រឿង COVID-19 នេះ ប្រធានាធិបតី​អាមេរិក​ផ្ញើ​សារ​ព្រមាន​ថា ប្រសិនបើ​ចិន​ពិតជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​នេះ ចិន​ច្បាស់​ជា​ជួប​បញ្ហា ព្រោះ​ខុស គឺ​ខុស​។ លោក ត្រាំ បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​នេះ​ជា​កំហុស​កើតចេញពី​ការ​គ្មាន​លទ្ធភាព​គ្រប់គ្រង ឬ​ជា​កំហុស​ចេតនា​? វា​ជា​រឿង​ពីរ​ខុសគ្នា​ស្រឡះ​។​» 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក ត្រាំ ក៏​បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ទៅនឹង​ការបដិសេធ​របស់​ចិន​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​អាមេរិក​ចូល​ស្រាវជ្រាវ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​វីរុស​នៅ​វូ​ហាន​។ ត្រង់ចំណុច​នេះ ទីក្រុង​ប៉េកាំង ធ្លាប់​និយាយថា ខ្លួន​បានអនុញ្ញាត​ឲ្យ​អ្នកជំនាញ​អាមេរិក​ចូលរួម​ក្នុង​ក្រុម​បេសកកម្ម​ពិសេស​ស​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​រក​ការពិត​ទាក់ទង​ប្រភេទ​វីរុស​ថ្មី​ផងដែរ​។ 
 
​ទោះជា​យ៉ាងណា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក នៅតែ​សង្ស័យថា COVID-19 មាន​ប្រភពពី​មន្ទីរពិសោធន៍​មួយកន្លែង​នៅ​វូ​ហាន​ដែល​នៅក្បែរ​ផ្សារ​មួយ​ដែល​ត្រូវបាន​ចាត់ទុកជា​កន្លែង​ចម្លង​វីរុស​ដំបូង​គេ មុន​រាលដាល​នៅ​ចិន រួច​បន្ត​ទៅកាន់​ផ្នែក​ផ្សេងទៀត​របស់​ពិភពលោក​។ លោក ត្រាំ ផ្ទាល់ ក៏​មិន​ជឿថា អ្នកស្លាប់​នៅ​ចិន​មាន​អត្រា​០,៣៣​ភាគរយ​ក្នុងចំណោម​មនុស្ស​១​សែន​នាក់ ខណៈ​អាមេរិក​មាន​អត្រា​១១,២៤​ភាគរយ​ក្នុង​១​សែន​នាក់ ខណៈ​អេ​ស្ប៉ា​ញ​មាន​៤២,៨២​ភាគរយ​ឯណោះ​៕
 

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com