ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ក្អក​សោះ​ក៏​អាច​បញ្ជាក់ថា អ្នកមាន​ជំងឺ​អ្វី​ដែរ​ទេ​?
22, Nov 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្អក​ជាប់​រហូត​អាច​រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ និង​នាំ​ឲ្យ​បន្លប់​អារម្មណ៍​ធ្វើការ​បាន​។ ប៉ុន្តែ​មិន​ខ្វល់​ថា​វា​កើតឡើង​ពីរ​បី​ថ្ងៃ ឬ​រំខាន​ច្រើន​សប្តាហ៍​ឡើយ ប្រភេទ​នៃ​ការ​ក្អក​ដែល​អ្នក​កំពុងតែជួបប្រទះ​នេះ​ច្រើនតែ​អាច​ឲ្យ​អ្នក​ដឹងថា ជា​ជំងឺ​អ្វី​ក្នុង​ខ្លួន​។​


 
​ការបង្ក​រោគ​ក្នុង​ផ្លូវដង្ហើម​ខាងលើ​អាច​បង្ក​ជាការ​ក្អក​ស្រួចស្រាវ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​មួយ​។ ការយល់ដឹង​កាន់តែច្រើន​អំពី​ការ​ក្អក​របស់​អ្នក (​ក្អក​ស្ងួត ឬ​ស្លេស្ម ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ​) អាច​កំនត់​បាន​នូវ​ជម្រើស​ព្យាបាល​ដ៏​ល្អ​បំផុត​បើសិន​វា​មិន​ស្រាកស្រាន្ត​ទៅវិញ​ទេ​។​
 
​ការ​ក្អក​ស្រួចស្រាវ​ដោយសារតែ​ជំងឺ​បណ្តោះអាសន្ន​
 
​ការ​ក្អក​បែបនេះ​ភាគច្រើន​ទំនងជា​កើតឡើង​នៅពេល​ផ្តាសាយ ឬ​មាន​ការបង្ក​រោគ​បណ្តោះអាសន្ន​។ វា​អាចមាន​រយៈពេល​យូរ​រហូតដល់ ៨​សប្តាហ៍​ឯណោះ ហើយ​ការប្រើ​ថ្នាំ​ច្រើនតែ​អាចជួយ​បំបាត់​ការ​ក្អក​នេះ​បាន​។ បើសិនជា​អ្នក​មិន​ធូរស្រាល​ពី​ការ​លេបថ្នាំ​ទេ ឬ​កើតឡើង​ជាប់​រហូតដល់​ពីរ​សប្តាហ៍ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម​។ 
 
​ក្អក​រ៉ាំរ៉ៃ​ដោយសារតែ​ជំងឺ​ក្នុង​ខ្លួន​
 
​ការ​ក្អក​រ៉ាំរ៉ៃ​មានន័យថា​អ្នក​អាច​ក្អក​យូរ​ចាប់ពី ៨​សប្តាហ៍​ឡើងទៅ ហើយ​វា​អាច​បង្កឡើង​ដោយ​មូលហេតុ​ខុសៗ​គ្នា​ជាច្រើន​។ ចំពោះ​ជម្រើស​ព្យាបាល​វិញ​ច្រើនតែ​ត្រូវ​ការរក​មូលហេតុ​រប​ស់វា​ឲ្យ​ឃើញ​ទើប​អាច​ព្យាបាល​ជា​។ ជំងឺ​ដែល​អាចធ្វើ​ឲ្យ​ក្អក​រ៉ាំរ៉ៃ​មានដូចជា​៖
 
Chronic Obstructive Pulmonary Disease (COPD)៖ វា​គឺជា​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​រលាក​សួត​រហូតដល់​ផ្លូវដង្ហើម​រួម​តូច និង​ពិបាក​ដកដង្ហើម​។ រឿងនេះ​ច្រើនតែ​បង្កឡើង​ដោយ​ការប៉ះពាល់​នឹង​ការ​រលាក​រយៈពេល​យូរ​ដូចជា ការជក់បារី​ជាដើម​។ លក្ខណៈ​នៃ​ការ​ក្អក គឺ​ក្អក​រ៉ាំរ៉ៃ ក្អកមាន​ស្លេស្ម​ជាពិសេស​នៅពេល​ព្រឹក​។​
 
Gastroesophageal Reflux Disease (GERD)៖ ជំងឺ​នេះ​កើតឡើង​នៅពេល​អាស៊ីត​ក្រពះ​ធ្វើ​ឲ្យ​រលាក​ដល់​បំពង់​លើ​ក្រពះ​។ វា​គឺជា​មូលហេតុ​ចំបង​ទី​ពីរ​ហើយ​ដែល​នាំ​ឲ្យ​ក្អក​រ៉ាំរ៉ៃ​។ ការ​ក្អកមាន​លក្ខណៈ​ស្ងួត និង​កើតឡើង​នៅពេល​គេង​។​
 
Post-nasal Drip៖ វា​គឺជា​ការហូរ​ទឹកសំបោរ​នៅ​ផ្នែក​ខាងក្រោយ​នៃ​បំពង់ក​ដែល​ធ្វើ​ឲ្យ​មានការ​ក្អក និង​កើតឡើង​ដោយសារតែ​ការ​អា​ឡែ​ហ្ស៊ី ផ្តាសាយ ឬ​ការបង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​។ វា​អាច​ជាការ​ក្អក​ស្ងួត ឬ​ស្លេស្ម និង​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​យប់​។​
 
​ជំងឺហឺត​៖ វា​គឺជា​ការ​រលាក ហើម និង​កើនឡើង​សម្បោរ​ក្នុង​ផ្លូវដង្ហើម ដែលជា​ហេតុ​នាំ​ឲ្យ​កាន់តែ​ពិបាក​ដកដង្ហើម​។ វា​អាច​បង្ក​ជាការ​ក្អក​ស្ងួត ឬ​ស្លេស្ម និង​លឺ​សម្លេង​ដូច​ហួច ព្រមទាំង​ធ្ងន់ធ្ងរ​ឡើង​នៅពេល​យប់ ពេល​មាន​ខ្យល់​ត្រជាក់ ឬ​ហាត់ប្រាណ​។​
 
​ក្អក​ដោយសារតែ​លេបថ្នាំ​៖ ការ​ក្អក​ប្រភេទ​នេះ​អាច​កើតឡើង​រយៈពេល​ពីរ​បី​សប្តាហ៍​ក្រោយពី​ចាប់ផ្តើម​លេបថ្នាំ​ថ្មី​។ ឧទាហរណ៍ ២០​ភាគរយ​នៃ​អ្នកជំងឺ​លេបថ្នាំ​លើស​សម្ពាធ​ឈាម​ប្រភេទ ACE Inhibitors គឺមាន​ការ​ក្អក​បែបនេះ ជាពិសេស​ក្អក​ស្ងួត​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com