COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សម័យ​កូ​វីដ​-១៩ ទាមទារ​ឱ្យ​ពលរដ្ឋ​មានចំណេះដឹង​ខ្ពស់​ក្នុងការ​ស្វែងរក​ព័ត៌មាន​ពិត​
19, Apr 2020 , 10:38 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​មួយចំនួន មាន​ឧបសគ្គ​ក្នុងការ​ស្វែងរក ឬ​ទទួលបាន​ព័ត៌មាន​ពិត ពី​ស្ថានភាព​កូ​វីដ​១៩ ក្នុងសម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​។ ដូច្នេះ​ក្នុង​បរិបថ​នេះ ទាមទារ​ឱ្យ​ពលរដ្ឋ​ត្រូវមាន​ចំណេះដឹង​ខ្ពស់ ឬ​សមល្មម​ដែល​អាច​បែង​ចែង​បាន​ថា​តើ​ព័ត៌មាន​ណា​ក្លែងក្លាយ ហើយ​តើ​ព័ត៌មាន​ណា​ពិតប្រាកដ​ដែល​គួរ​តាមដាន ។ យុវជន​មួយចំនួន ចែករំលែក​ពី​របៀប​ស្វែងរក​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន ស្ដីពី​កូ​វីដ​១៩​។​



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
 
​វា​ជា​រឿង​ចាំ​បាញ់​បំផុត ក្នុងការ​តាមដាន​ព័ត៌មាន​ពី​កូ​វីដ​១៩ ព្រោះ​ដើម្បី​ដឹង​ពី​ការវិវត្ដ​នៃ​ជំងឺ ក៏ដូចជា​ការបង្ការ​ខ្លួន​នានា​។ បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន ទូរ​សព្ទ​ដៃ​ទំនើប​កាន់តែ​ធ្វើឱ្យ​មនុស្ស​ពិបាក​បែងចែក​ថា​ព័ត៌មាន​ណា​ពិត ហើយ​ព័ត៌មាន​ណា​ប្រឌិត​។ ក្នុងស្ថានភាព​នេះ វិទ្យុ និង ទូរទស្សន៍ គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ ដែល​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​ស្ថានភាព​កូខ​វីដ​១៩ ដែល​អាច​ជឿទុកចិត្ត​បាន​ភាគច្រើន​។ 
 
​ជា​តន្ត្រីករ​ភ្លេងបុរាណ លោក ណូន សុខ ដែលជា​ជនពិការភ្នែក​តាំងពី​កំណើត​នោះ តែងតែ​តាមដាន​ស្ថានភាព​កូ​វីដ​១៩ យ៉ាងសកម្ម​តាមរយៈ​វិទ្យុ​។ មិនមែន​គ្រប់​បណ្ដាញ​វិទ្យុ លោក សុខ ស្ដាប់​ទាំងអស់​ឡើយ ប៉ុន្តែ​មាន​វិទ្យុ​តែមួយ​ចំនួន​ប៉ុណ្ណោះ​ដែល​លោក​ផ្ដល់​ទំនុកចិត្ត​៖«​រឿង​កូ​វីដ​១៩​ហ្នឹង ខ្ញុំ​ដឹង​តាម​វិទ្យុ​។ ខ្ញុំ​ចូលចិត្ត​ស្ដាប់​វិទ្យុ​ច្រើន ជាពិសេស​វិទ្យុ​បារាំង​។ កាល​ខ្ញុំ​នៅ​ភ្នំពេញ ខ្ញុំ​ស្ដាប់​១០២ ហើយនឹង ABC កម្ពុជា​។ ប៉ុន្តែ​ពេល​ខ្ញុំ​មក​នៅ​សៀមរាប ខ្ញុំ​ស្ដាប់​វិទ្យុ​វា យោ ១០៥.៥ វិទ្យុ​បារាំង ហើយនឹង​ABC កម្ពុជា​។ ប៉ុន្តែ​ភាគច្រើន​ខ្ញុំ​ស្ដាប់​វិទ្យុ​បារាំង និង​វិទ្យុ​វាយោ​»​។​
 
​ថ្វី​ដ្បិត​ពិការភ្នែក​ក៏ពិតមែន ប៉ុន្តែ​ការតាមដាន​ពី​គុណភាព​ព័ត៌មាន ក៏ដូចជា​កេរ្ដិ៍ឈ្មោះ​របស់​ស្ថាន​ប័នផ្ដល់​ព័ត៌មាន​ដែល​លោក ផ្ដល់​ទំនុកចិត្ត​ឱ្យ​នោះ គឺ​ត្រូវបាន​បុរស​សម្បុរ​សរូប​នេះ​យកចិត្តទុកដាក់​ខ្ពស់​។ «​ក្មួយ​ស្រី​របស់ខ្ញុំ គេ​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្រៅពីនោះ ដូចជា​បងស្រី​ខ្ញុំ ប្អូនស្រី ម្ដាយ​ខ្ញុំ​អីហ្នឹង គាត់​ស្ដាប់​វិទ្យុ​ដូច​ខ្ញុំ​ដែរ​។ ពេលខ្លះ​អ្នកជិតខាង​ម្នាក់​នោះ គាត់​មក​អង្គុយ​ស្ដាប់​ជាមួយ​ខ្ញុំ​នៅក្រោម​ផ្ទះ ហើយ​គាត់​មានមតិ​យោបល់​ខ្លះៗ ទាក់ទង​នឹង​កូ​វីដ​នេះដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ខ្ញុំ​ស្ដាប់ បើ​ខុស​ក៏​ខុស​តិចតួច​។ វិទ្យុ​១០២​ក្ដី ថ្មីៗ​នេះ​ក្ដី វិទ្យុ​បារាំង វិទ្យុ​វាយោ​ក្ដី មុននឹង​គេ​យកមក​ផ្សាយ គេ​បាន​ក្ដោប​ព័ត៌មាន​បាន​ច្បាស់​ណាស់​»​។​
 
​ចំណែកឯ​កញ្ញា ឈិ​ត ភារ​ម្យ ដែលមាន​អាយុ​៣១​ឆ្នាំ ហាក់​មានចំណេះដឹង​ខ្ពស់ ក្នុងការ​ថ្លឹងថ្លែង​រក​ព័ត៌មាន​ពិត ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នាង​បាន​មើលឃើញ​។​៖ «​ខ្ញុំ​ទទួលបាន​ព័ត៌មាន​តាមរយៈ​ទូរទស្សន៍ និង​ទូរ​សព្ទ តែ​ទូរ​សព្ទ​ភាគច្រើន​ជាង​។ ភាគច្រើន​ខ្ញុំ មើល​ហ្វ្រេស​ញូ​ស​, VOA, RFA ខ្ញុំ​យល់ថា​ជា​ព័ត៌មាន​ដែលមាន​ភាពជាក់លាក់​ច្រើន បើទោះជា​ពេលខ្លះ​ការផ្សាយ​ចេញមក​មាន​កម្រិត​ល្អៀង​ខុសគ្នា​តិចតួច​ក្ដី​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​យល់ថា ខ្ញុំ​យក​ព័ត៌មាន​ទាំងអស់​ហ្នឹង​មក​ថ្លឹងថ្លែង​ពិចារណា ធៀប​ទៅនឹង​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ចែករំលែក​តៗ​គ្នា ពី​មតិ​ជាទូទៅ ហើយនឹង​ពី​ស្ថានភាព​ជាក់ស្ដែង​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​»​។ 
 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ខេត្តក្រចេះ កញ្ញា ភារ​ម្យ ក៏​តាមដាន​ព័ត៌មាន​ដែល​ចែករំលែក​តៗ​គ្នា​ដែរ តែ​ក្នុង​កម្រិត​ពិចារណា​ច្រើន​។ «​ខ្ញុំ​មិនសូវ​ជឿ​ទេ​លើ​ព័ត៌មាន ដែល​មិនមាន​ប្រភព​ច្បាស់លាស់​។ ទោះជា​យ៉ាងណា ក៏​ខ្ញុំ​នៅតែ​មើល​ដែរ ព្រោះ​ខ្ញុំ​ជឿថា​ប្រជាពលរដ្ឋ ដែល​គាត់​យកទៅ​បង្ហោះ​ហ្នឹង​។ ទី​១​ស្ថានភាព​ជាក់ស្ដែង ឧទាហរណ៍​ដូចជា​បុរស​ម្នាក់ អ្នកខ្លះ​គេ​ថា​ជា​ជនជាតិ​ចិន ហើយ​អ្នកខ្លះ​ថា​ជា​ជនជាតិ​វៀតណាម ដែល​គាត់​ស្លាប់​នៅមុខ​ពេទ្យ​រុស្សី ជាក់ស្ដែង​មនុស្ស​ពិតជា​ស្លាប់​មែន​»​។​
 
​រស់ក្នុង​គ្រួសារ​ដែលមាន​សមាជិក​៦​នាក់ ម្ដាយ​ឪពុក​របស់​កញ្ញា ដែលមាន​ទឹកមុខ​ប្រជាប្រិយ​រូបនេះ ក៏​សកម្ម​តាមដាន​ពី​ព័ត៌មាន​កូ​វីដ​-១៩​ដែរ​។ កញ្ញា ភារ​ម្យ បញ្ជាក់ បន្ត​៖«​ឪពុកម្ដាយ​របស់ខ្ញុំ​គាត់​តាមដាន​រាល់ថ្ងៃ ពី​បញ្ហា​កូ​វីដ​ហ្នឹង​។ គាត់​ប្រើ​ហ្វេ​ស​ប៊ុ​ក​។ ទូរទស្សន៍​ជាទូទៅ​គាត់​មើល​តិចតួច​ដែរ ព្រោះ​ទូរទស្សន៍​ព័ត៌មាន វា​មិន​រហ័ស​ដូច​ហ្វេ​ស​ប៊ុ​ក​ទេ​។ សូម្បីតែ​យូ​ធូប ក៏​គាត់​តាមដាន​ដែរ​។ ខ្ញុំ​ឃើញ​គាត់​មើល VOA និង RFA​។ ខ្ញុំ​ឃើញ​មាន​ប៉ុន្មាន​ទៀត គាត់​មើល​លើស​ខ្ញុំ​ទៀត​»​។​
 
​មិន​ខុសគ្នា​ទេ​កញ្ញា ស្រី អួ​ច ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ តែង​តាមដាន​ព័ត៌មាន​តាមរយៈ​វិទ្យុ ហើយនឹង​គេហទំព័រ​ព័ត៌មាន ដែល​នាង​ប្រាកដថា​អាច​ជឿ​ង​ទុកចិត្តបាន​។ «​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី​ទូរ​សព្ទ​ផង ពី​វិទ្យុ​ផង​។ ការចូល​មើល​ព័ត៌មាន​របស់ខ្ញុំ​គឺ​តាម​គេហទំព័រ ខ្ញុំ​កម្រ​មើល​តាម​គេ​ចែករំលែក​តៗ​គ្នា​ណាស់​។ ទូរ​សព្ទ​របស់ខ្ញុំ​មាន​ដំឡើង​កម្មវិធី talk back ដូច្នេះ​នៅពេលដែល​ខ្ញុំ​ប៉ះចំ​កម្មវិធី​ណាមួយ គឺ​ក្នុង​ទូរ​សព្ទ​ហ្នឹង​អាន​កម្មវិធី​នោះ ទើប​ខ្ញុំ​អាច​ចុច​ចូល​បាន តែបើ​ខ្ញុំ​មិនមាន​កម្មវិធី talk back នេះ​ទេ ខ្ញុំ​មិនអាច​ប្រើ​ទូរ​សព្ទ​ដៃ​ទំនើប​ដូច​មនុស្ស​ទូទៅ​បាន​ទេ​»​។ 
 
​នារី​ពិការភ្នែក​ពី​កំណើត ដែលមាន​វ័យ​២៥​ឆ្នាំ និង​មាន​បងប្អូន​៨​នាក់​រូបនេះ ថែមទាំង​ណែនាំ​បងប្អូន​របស់ខ្លួន ពី​របៀប​ស្វែងរក​ប្រភពព័ត៌មាន​ពិត​ពី​កូ​វីដ​១៩ ថែម​ទៀតផង​។ «​ទាក់ទង​នឹង​កូ​វីដ​១៩​នេះ ខ្ញុំ​តែង​ចូល​មើល​ផេ​ក​ក្រសួងសុខាភិបាល ខ្ញុំ​តាមដាន​រាល់ថ្ងៃ​។ បើតាម​ខ្ញុំ​សង្កេតមើល​ព័ត៌មាន​ក្នុង​ក្រុម​ឆាត​របស់​ពួកគាត់ (​បងប្អូន​)​។ ជាទូទៅ​គាត់​ច្រើនតែ​តាមដាន​ព័ត៌មាន​ដែល​ចែករំលែក​តៗ​គ្នា​។ នៅពេល​ដំបូង​ខ្ញុំ​ប្រាប់​គាត់ តែ​គាត់​តែងតែ​គិតថា​ខ្ញុំ​ពិការភ្នែក ខ្ញុំ​មិនអាច​ដឹង​ពីអ្វី ដែលមាន​លក្ខណៈ​ជ្រៅ ដូច្នេះ​គាត់​តែង​និយាយថា​ព័ត៌មាន​ណា ក៏​ដូច​ព័ត៌មាន​ណា​ដែរ​។ ប៉ុន្តែ​ក្រោយ​ពេលដែល​ខ្ញុំ​ប្រាប់​ហេតុផល​ទៅ​គាត់​ច្រើនដង គាត់​អាច​យល់​។ ឥឡូវ​ការចែករំលែក​ព័ត៌មាន​របស់គាត់ មាន​លក្ខណៈផ្សេង​ពីមុន​»​។​
 
​ទោះបី​អាច​ប្រើ​ទូរ​សព្ទ​ដៃ​ទំនើប​បាន​ក៏ពិតមែន ប៉ុន្តែ​នារី​ពិការភ្នែក​រូបនេះ ក៏​នៅមាន​ឧបសគ្គ​ខ្លះ​ដែរ ពី​ការទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដូច​មនុស្ស​ធម្មតា​។ «​មាន​ផេ​ក​ខ្លះ មាន​វីដេអូ អ៊ីចឹង​មាន​សំឡេង​ស្រាប់ ហើយ​ខ្លះទៀត​មាន​ជា​អក្សរ​។ មាន​ផល​លំបាក​ខ្លះ​ដែរ ត្រង់​ថា​ព័ត៌មាន​ដែល​គេ​បង្ហោះ​ជា​រូបភាព អ៊ីចឹង​វា​ជា​បញ្ហា​មួយ​សម្រាប់​ខ្ញុំ ដែល​មិនអាច​មើល​បាន​»​។​
 
​យ៉ាងណាក៏ដោយ ក៏​នៅមាន​ប្រជាជន​ខ្មែរ​មួយចំនួនធំ នៅតែ​ពិបាក​ស្វែងរក​ប្រភពព័ត៌មាន​ពិត ដែល​អាច​ជឿ​ទុកចិត្តបាន ស្ដីពី​កូ​វីដ​-១៩ ពី​ទូរ​សព្ទ​ដៃ​ទំនើប​របស់ខ្លួន ដែល​រួមមាន​ពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ជាដើម​នោះ​។ រាជរដ្ឋាភិបាល​កម្ពុជា តែង​លើកទឹកចិត្ត​ប្រជាជន ឱ្យ​តាមដាន​ព័ត៌មាន​កូ​វីដ​១៩ ពី​ក្រសួងសុខាភិបាល​ផ្ទាល់​តែម្ដង ដោយ​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងសាមី​នេះ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងដំណាក់កាល​នេះ វិទ្យុ និង​ទូរទស្សន៍ គឺជា​ប្រភព​ផ្ដល់ព័ត៌មាន​ដែល​អាច​ជឿទុកចិត្ត​បាន​ភាគច្រើន ស្ដីពី​កូ​វីដ​-១៩ ព្រោះ​ស្ថាន​ប័ន​ទាំងនោះ មានការ​ត្រួតពិនិត្យ​ព័ត៌មាន បាន​ត្រឹមត្រូវ​មុននឹង​ចេញផ្សាយ​។ ជាង​នោះ​ទៅទៀត នៅតាម​ភូមិ​ស្រុក​នានា អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏បាន​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​ខ្លួន ពី​កូ​វីដ​១៩ តាម​ឧ​គ្ឃោ​សន​សព្ទ​យ៉ាង​ទៀងទាត់​ផងដែរ​។ បន្ថែម​ពី​នោះ គ្រប់​បណ្ដាញ​ទូរ​សព្ទ ក៏បាន​សហការ​ផ្សព្វផ្សាយ​សារ​ជា​សំឡេង និង​ជា​អក្សរ ទៅដល់​អតិថិជន​រប​ស់​ខ្លួន​ផងដែរ ពី​កូ​វីដ​-១៩៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com