COVID-19
ពីនេះ ពីនោះ
កូវីដ-១៩៖ ចូរស្រមៃថា បើពិភពលោកគ្មានសារព័ត៌មាន…!
× មិនទៅណាឆ្ងាយពីរឿងកូវីដ១៩ឡើយ គ្រាន់តែនៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាពីតួនាទីសារព័ត៌មាននៅក្នុងបរិបទផ្ទុះមេរោគកូវីដ១៩។ សារព័ត៌មានត្រូវបានអ្នកខ្លះចាត់ទុកជាអ្នកនៅជួរទី២ បន្ទាប់ពីគ្រូពេទ្យក្នុងការធ្វើសេចក្តីរាយការណ៍រឿងមេរោគកូវីដ១៩នេះ។
សុធីរ៖ អា សំណាង! ចុះបើពិភពលោកគ្មានសារព័ត៌មានជួយរាយការណ៍ពីការរាតត្បាតនៃមេរោគកូវីដ១៩ តើវានឹងទៅជាយ៉ាងណាទៅវិញ?
សំណាង៖ អើបើគ្មាន គឺគេឈប់និយាយទៅហើយ។ តែអ្វីដែលអញចង់ប្រាប់អ្ហែងនៅពេលនេះ គឺថា សារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់ប្រទេសនីមួយៗក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគដ៏កាចសាហាវមួយនេះ។
សុធីរ៖ តែរដ្ឋាភិបាលនីមួយៗអាចផ្សព្វផ្សាយដោយខ្លួនឯងបានតើ?
សំណាង៖ អើ! រដ្ឋាភិបាលនីមួយៗអាចធ្វើដោយខ្លួនឯងបានតើ! តែត្រូវចំណាយថវិកាច្រើនរយលានដុល្លារណា៎ ហើយគេមិនដឹងថា តើវាមានប្រសិទ្ធិភាពប៉ុណ្ណាផង។ ម្យ៉ាងទៀត នៅពេលដែលរដ្ឋាភិបាលប្រកាសរឿងអ្វីមួយដោយខ្លួនឯង ជួនកាលគេអត់ជឿទៀតផង។ អ៊ីចឹង តួនាទីសារព័ត៌មានឯករាជ្យ(អាជីព) ឬឯកជននេះ សំខាន់ណាស់ណា៎។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបរិបទរឿងកូវីដ១៩នេះ សារព័ត៌មានជាច្រើន បានចូលរួមបង្កើតសារអប់រំជុំវិញរឿងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដ១៩។
សុធីរ៖ បើអញស្តាប់អ្ហែងទៅ សារព័ត៌មានដើរតួនាទីសំខាន់ខ្លាំងណាស់នៅក្នុងបរិបទកូវីដនេះ មិនថាអ៊ីចឹង?
សំណាង៖ អើ! លើសពីនេះទៅទៀត បើអត់សារព័ត៌មាន ពលរដ្ឋអត់ទទួលដំណឹង ការចម្លងពីម្នាក់ទៅម្នាក់មិនដឹងជាទៅជាយ៉ាងណាយ៉ាងណីទេ។ បើអត់សារព័ត៌មាន ពលរដ្ឋនៅតាមជនបទដាច់ស្រយាលមិនអាចទទួលដំណឹងពីរឿងកូវីដនេះបានត្រឹមត្រូវឡើយ។ គេច្រើននិយាយថា បើគ្មានព័ត៌មាន ឬគ្មានដំណឹង ពិភពលោកហាក់បីដូចជាងងឹតសូន្យឈឹង។
សុធីរ៖ ចុះអញឃើញអ្នកសារព័ត៌មានប្រជាពលរដ្ឋ(អ្នកកាសែតហ្វេសប៊ុក)ជួយច្រើនដែរតើ?
សំណាង៖ ពេលខ្លះ អ្នកសារព័ត៌មានប្រជាពលរដ្ឋ ជួយដែរតើ តែពេលខ្លះទៀត ក៏ជួយឲ្យវ៉ល់ដែរ។ ចូរប្រយ័ត្នបន្តិចណា៎! តែបើរឿងសារព័ត៌មានអាជីព ពួកគេបានជួយរដ្ឋាភិបាលក្នុងប្រទេសនីមួយៗច្រើនណាស់ ទោះអត្ថបទខ្លះរិះគន់ខ្លាំង ឬអត្ថបទខ្លះទៀតលើកសរសើររដ្ឋាភិបាលក៏ដោយក្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com