COVID-19
ជាតិ
អភិបាលស្រុក​បន្ទាយស្រី ផ្ដើម​គម្រោង ​«​ធ្វើស្រែ​សមូហភាព​»​យក​ស្រូវ​ចែក​ពលរដ្ឋ​ក្រីក្រ»​
20, Apr 2020 , 9:19 am        
រូបភាព
រូបភាពពី​ហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី
រូបភាពពី​ហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី
​ភ្នំពេញ​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី កំពុង​អនុវត្ត​គម្រោង​«​ធ្វើស្រែ​សមូហភាព​»​សាកល្បង ដើម្បី​ប្រមូល​ទិន្នផល​ស្រូវ​ចែក​ទៅ​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ស្រុក​។ គម្រោង​«​ធ្វើស្រែ​សមូហភាព​» ត្រូវធ្វើ​នៅលើ​ផ្ទៃដី​ជិត ៤០​ហិកតា ដែលជា​ដីស្រែ​របស់​ពលរដ្ឋ ៣៩​គ្រួសារ នៅក្នុង​ឃុំ​ព្រះ​ដាក់​។ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី តាម​គម្រោង គម្រោង​«​ធ្វើស្រែ​សមូហភាព​» នឹង​អាច​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ នៅ​រយៈពេល​៣​ខែ​ទៀត​។​

 
​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ផ្តួច​ផ្តើ​គម្រោង​«​ធ្វើស្រែ​សមូហភាព​»​សាកល្បង ក្នុង​បំណង​កៀងគរ​ធនធាន​រួម មក​ផលិត​អង្ករ​សម្រាប់​ចែកជូន​ដល់​ពលរដ្ឋ​ទ័លក្រ​នៅក្នុង​ស្រុក​។ ស្រែ​សមូហភាព គ្រោង​ធ្វើ​នៅលើ​ផ្ទៃដី​ជិត​៤០​ហិកតា ដែលជា​ដីស្រែ​របស់​ពលរដ្ឋ ៣៩​គ្រួសារ ភូមិ​អូរទទឹង និង​ភូមិ​ថ្នល់ទទឹង ក្នុង​ឃុំ​ព្រះ​ដាក់​។ នេះ​បើ​យោងតាម​សំណេរ​ទៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ឃឹម ហ្វី​ណង់​។ 
 
​លោក ឃឹម ហ្វី​ណង់ បញ្ជាក់​ដូច្នេះ​៖«​ក្នុង​កាលៈទេសៈ​ដែល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​ជះ​ហានិភ័យ​ទៅដល់​សេដ្ឋកិច្ច​គ្រួសារ និង​ជីវភាព​ប្រចាំថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក ជម្រើស​ល្អ​បំផុត​មួយ គឺ​ការធានា​ឲ្យ​មាន​សុវត្ថិភាព​ស្បៀងអាហារ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ និង​ចាស់ជរា ដែល​ងាយ​រង​ផលប៉ះពាល់ និង​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​»​។​


រូបភាពពី​ហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី
 
​តាម​លោក​អភិបាលស្រុក​បន្ទាយស្រី ឃឹម ហ្វី​ណង់ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ៣​ខែ​ទៀត គម្រោង​នេះ​នឹង​អាច​ប្រមូល​ទិន្នផល​ស្រូវស្រាល​ដើមរដូវ  ជុំ​ទី​១​។ ហើយ​ស្រូវ​ទាំងនោះ នឹងត្រូវ​ចែក​ទៅ​ម្ចាស់​ស្រែ​ខ្លះ នៅសល់​ប៉ុន្មាន​ទុក​ចែកជូន​ពលរដ្ឋ​គោលដៅ​។​
 
​រដ្ឋបាល​ស្រុក​បន្ទាយស្រី ក៏​ទទួលបាន​អំណោយ​ជា​ពូជស្រូវ​ស្រាល​, ជី​លាមក​សត្វ​,​ម៉ាស៊ីន និង​គ្រឿងចក្រ​,​ប្រេង និង​កម្លាំង​ស្ទូង និង​ច្រូត​ផងដែរ​។  លោក ឃឹម ហ្វី​ណង់ សង្ឃឹមថា គម្រោង​ធ្វើស្រែ​សមូហភាព​សាកល្បង​ជំ​ហ៊ាន​ដំបូង ដែល នឹង​ក្លាយ​គំរូ​ល្អ ក្នុងការ​ពង្រីក​ឲ្យ​ធំ​ជាង​មុន នៅ​អនាគត​៕
 
 


រូបភាពពី​ហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី


រូបភាពពី​ហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី

Tag:
 កសិកម្ម​
 ​ស្រូវ​
 ​ស្រែ​សមូហភាព​
  COVID-19
 ​សៀមរាប​
 ​ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com