ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ភាវ សុខ បារម្ភ​ថា​គ្មាន​កូនចៅ​បន្ត​របរ​ធ្វើ​រទេះគោ​ពី​ខ្លួន​
19, Apr 2020 , 8:39 pm        
រូបភាព
​សៀមរាប​៖ អស់​រយៈពេល​២៧​ឆ្នាំ​មកហើយ ដែល​លោក ភាវ សុខ វ័យ​៦៧​ឆ្នាំ ចាប់​របរ​ធ្វើ​រទេះគោ​តាំង​លម្អ​តាម​ផ្ទះ ឬ​តាម​សណ្ឋាគារ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ក៏​និយម​ទិញ​រទេះគោ​របស់លោក សុខ ទុកជា​វត្ថុ​អនុស្សាវរីយ​ផងដែរ​។ ដ្បិត​របរ​ធ្វើ​រទេះគោ បានផ្តល់​ប្រាក់ចំណូល​ស​មរ​ម្យ ក៏ប៉ុន្តែ​ក្មេងៗ​ជំនាន់​ក្រោយ​មិនសូវ​អ្នក​ចង់​ធ្វើ​របរ​នេះ​នោះទេ ពួកគេ​ចូលចិត្ត​ធ្វើការ​នៅ​ទីក្រុង ជា​បុគ្គលិក​សណ្ឋាគារ មគ្គុទេសក៍ និង​ការងារ​ផ្សេងៗ​ដែល​អាច​នឹង​បាន​ចំណូល​ជាង​ការធ្វើ​សិប្បកម្ម​។ លោក ភាវ សុខ ដែលមាន​កូន​ដល់​ទៅ​៨​នាក់ ក៏​បារម្ភ​បាត់បង់​របរ​ដែល​សល់​ពី​បុរាណ​មួយ​នេះដែរ ខណៈដែល​កូនៗ​របស់ខ្លួន ក៏​ងាក​ទៅធ្វើ​ការ​ផ្សេងៗ និង​មានគ្រួសារ បែក​ផ្ទះ​រៀងខ្លួន​ហើយ​នោះ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
 
​ភូមិ​រហាល មាន​ភូមិសាស្ដ្រ​ចន្លោះ​ខាងជើង​ប្រាសាទបន្ទាយក្ដី រហូតដល់​ប៉ែក​ខាងជើង​ស្រះស្រង់​។ ប្រជាជន​ភាគច្រើន​មាន​របរ​ធ្វើការ​នៅ​ទីក្រុង​ដូចជា ជា​បុគ្គលិក​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ជា​កម្មករសំណង់ មួយចំនួនទៀត​លក់ដូ​រ​តាម​ប្រាសាទ និង​មួយចំនួនទៀត ធ្វើ​សិប្បកម្ម​។ សិប្បកម្ម​ទាំងនោះ​មានដូចជា រទេះគោ គ្រឿង​ភ្លេង មាន​ស្គរ ឈើច្រត់ ពូថៅ កាំបិត រហាត់ទឹក តុ គ្រែ ទូ​។​ល​។​
 
​លោក ភាវ សុខ ជា​ចាស់ទុំ​ម្នាក់​ក្នុងភូមិ ដែល​ចាប់​អាជីព​ជា​អ្នកធ្វើ​រទេះគោ​។ រទេះគោ​ដែល​លោក សុខ ផលិត ជា​ប្រភេទ​រទេះ​ខ្នាតតូច សម្រាប់​ដាក់តាំង​លម្អ​តាម​ផ្ទះ សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​នានា​។ លោក​ចាប់​របរ​នេះ​២៧​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៣​មកម្ល៉េះ​។ លោក​ប្រាប់ថា ពេលនោះ​លោក​បាន​រៀន​ត​ពី​បងប្អូន ដោយសារ​មិនមាន​របរ​អ្វី​ធ្វើ​នឹង​គេ​ក្រោយពី​ធ្វើស្រែ​រួច​។​


 
​រំ​ឮ​ក​ទៅ​ពេលមុន លោក សុខ ធ្វើ​រទេះគោ​តូចៗ ដែលមាន​អ្នកទិញ​ធំ​នៅ​ទីក្រុង​សៀមរាប​។ ក្នុង​មួយឈុត លោក​អាច​លក់បាន​ទឹកប្រាក់​៧​ដុល្លារ ដែល​ពេលនោះ​ធ្វើឱ្យ​លោក​មាន​ចំណូល​សមរម្យ ក្នុង​គ្រួសារ​ដែលមាន​កូន​៨​នាក់​។ ដោយសារ​កាក់កប​នឹង​របរ​នេះ ពិសេស​ជា​របរ​នៅតែ​ផ្ទះ លោក​ក៏​បន្ដ​ចាប់​ជំនាញ​នេះ រហូតមកដល់​សព្វថ្ងៃ​។​
 
​មាន​វ័យ​៦៧​ឆ្នាំ លោក សុខ នៅមាន​កម្លាំង​មាំ​ក្នុងការ​ច្រៀក កាត់ និង​ខាត់​ឈើ នៃ​គ្រឿង​បង្គំ​នានា​ដែល​លោក​ធ្វើ​រទេះគោ​ពី​ដៃ ដោយ​គ្មាន​ការប្រើ​គ្រឿង​ម៉ាស៊ីន​ឡើយ​។ រទេះគោ​របស់លោក សុខ គឺ​ធ្វើ​ពី​ឈើ​គ្រញូង​សុទ្ធសាធ​។ ចំណែក​គោ ធ្វើ​ពី​ឈើ​ចម្រុះ​។ ដោយ​មិនមាន​ពេល​គ្រប់គ្រាន់ ណាមួយ​ត្រូវធ្វើ​តែម្នាក់ឯង​លោក សុខ ត្រូវ​ទិញ​គោ​ពី​អ្នកភូមិ​ដទៃ សម្រាប់​ដាក់​បង្គ្រប់​មួយ​សម្រាប់ៗ​។ ក្នុង​មួយ​សម្រាប់​លោក​អាច​លក់បាន​តម្លៃ ១២០​ដុល្លារ​ឡើងទៅ តាម​ទំហំ​រទេះ​តូច​ឬ​ធំ​។ 
 
​លោក សុខ ចាប់ផ្តើម​ធ្វើ​រទេះគោ​ខ្នាតតូច តាំង​សម័យ​អ៊ុនតាក់ និង​ឈានដល់​ធ្វើ​ខ្នាត​ធំ ពី​ឆ្នាំ​២០០០​មក​។ លោក​បញ្ជាក់ថា ខ្នាត​ធំ​អាច​រកលុយ​បាន​ច្រើនជាង​រទេះ​តូចៗ ហើយ​គេ​និយម​ទិញ​ទៅ​តាំងនៅ​ក្នុងផ្ទះ ឬ​តាម​សណ្ឋាគារ​ធំៗ​។ ក្នុង​អាជីព​នេះ លោក សុខ ប្រាប់ថា ធ្វើឱ្យ​គ្រួសារ​លោក​មាន​ចំណូល​បាន​ធូរធារ​សមរម្យ​។ យ៉ាងណាក៏ដោយ លោក​ប្រាប់ថា របរ​នេះ​ក៏​ពឹង​លើ​ភ្ញៀវទេសចរ ឬ​អ្នកដំណើរ​ដែរ បើ​គ្មាន​អ្នក​ទាំង​នោះទេ លោក​ក៏​មិនអាច​ធ្វើ​រទេះគោ​លក់បាន​ដែរ​។​


 
​រំ​ឮ​ក​ពី​ការរៀន​ធ្វើ​រទេះគោ​ដំបូង លោក សុខ រៀបរាប់ថា លោក​រៀនសូត្រ​បន្ដ​ពី​ប្អូនថ្លៃ​ដែល​ចាប់​អាជីព​នេះ​មុន​លោក​។ ក្នុង​មួយថ្ងៃៗ​លោក​អង្គុយ​អារ បិត គិតពី​របៀប​ធ្វើ​ទាំងនោះ ដែល​ហាក់​មានការ​លំបាក​ជាខ្លាំង​សម្រាប់​រូបលោក​។ មិនយូរប៉ុន្មាន ដោយសារ​ការតាំង​ចិត្ត និង​មាន​ទេពកោសល្យ​ពី​កំណើត​ផង លោក សុខ អាច​ចេះ​ជាប់​ជំនាញ​នេះ​បាន​យ៉ាង​លឿន និង​កែច្នៃ​ធ្វើ​រទេះគោ​តាមបែប​ផែន​ផ្សេងៗ​បាន​ដោយ​ខ្លួនឯង​ថែមទៀត​។​
 
​អង្គុយ​រៀបរាប់​នៅក្នុង​រោង​សិប្បកម្ម​ក្បែរ​ផ្ទះ លោក សុខ ដែល​ចូលចិត្ត​ព្រលែង​ខ្លួន​ទទេ និង​មាន​ស្បែក​ជ្រៀវ​ជ្រួញ​ដោយ​កន្លែង​ទៅហើយ ប្រាប់ទៀតថា ក្រៅពី​រទេះគោ លោក​ក៏​អាចធ្វើ​កាំបិតបន្ទោះ និង​ចង្កឹះ សម្រាប់​លក់​ផងដែរ​។ កាំបិទបន្ទោះ​មាន​ធ្វើ​ពី​ឈើ និង​ដែក ហើយ​គ្រឿង​ធ្វើ​ពី​ឈើ គឺ​ភ្ញៀវ​ចូលចិត្ត​ទិញ ព្រោះ​ងាយស្រួល​ដាក់​តាម​ខ្លួន ឬ​ទិញ​ដាក់​ទៅតាម​ប្រទេស​ពួកគេ​។ កាំបិទ​មួយ​លោក​អាច​លក់បាន​តម្លៃ​១០​ដុល្លារ ដែល​ត្រូវ​ចំណាយ​ពេលធ្វើ​ចន្លោះ​៣​ថ្ងៃ​។ ចំណែក​ចង្កឹះ ដែល​ធ្វើ​ពី​ឈើ​គ្រញូង​ដូចគ្នា ក៏​ធ្វើ​មិន​ឈ្នះ​អ្នកទិញ​ដែរ​។ គេ​ចូលចិត្ត​ទិញ​សម្រាប់​ដាក់​លម្អ ឬ​ប្រើប្រាស់ ដោយសារ​មាន​ភាពស្រស់ស្អាត​នៃ​គ្រឿង​ឈើ ក៏ដូចជា​ជួយ​លើកស្ទួយ​ស្នាដៃ​បុរាណ ពិសេស​សិប្បកម្ម​ធ្វើ​ពី​ដៃ​របស់លោក សុខ ដែល​នៅសល់​មិន​ច្រើន​ប៉ុន្មាន​ទេ​។​
 
​ដ្បិតថា ខេត្តសៀមរាប​កំពុង​ជួបប្រទះ​គ្មាន​ភ្ញៀវទេសចរ បង្កឡើង​ដោយសារ​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្ដី តែ​លោក សុខ នៅតែ​បន្ត​ផលិត​គ្រឿង​រទេះគោ និង​របស់របរ​ផ្សងៗ ព្រោះ​លោក​យល់ថា គ្រឿង​ទាំងនោះ មិនមាន​ការខូចខាត​នោះទេ​។ លោក​ផលិត ដើម្បី​ត្រៀម​បំពេញតម្រូវការ​ទីផ្សារ នៅពេល​ភ្ញៀវ​ចាប់​មាន​ឡើងវិញ​។​


 
​ដោយសារ​ធ្វើ​ពី​ដៃ លោក សុខ ត្រូវ​ចំណាយពេល​មួយខែ ក្នុងការ​ធ្វើ​រទេះ​គោមួយ​។ លោក​រៀបរាប់ថា ដោយសារ​គ្មាន​កូន​ជួយ​ធ្វើ ព្រោះ​ពួកគេ​មានការ​ងារ​នៅ​ទីក្រុង និង​បែក​គ្រួសារ​រៀងៗ​ខ្លួន ដូច្នេះ​លោក​មិន​ហ៊ាន​ទិញ​គ្រឿង​ម៉ាស៊ីន​ទាំងនោះ​ទុកចោល​ទេ ណាមួយ​លោក​កាន់តែ​ចាស់ គ្មាន​កម្លាំងកំហែង​កាន់​ម៉ាស៊ីន​ទាំង​នោះទេ​។​
 
​ជា​ចាស់ទុំ និង​ចេះ​ធ្វើ​សិប្បកម្ម​រទេះគោ ដែលជា​ទំនៀម​ពី​បុរាណ លោក សុខ បង្ហាញ​ការព្រួយបារម្ភ​ជាខ្លាំង នៅពេល​ក្មេងជំនាន់ក្រោយៗ ហាក់​មិនសូវ​អើពើ​នឹង​ជំនាញ​មួយ​នេះ​។ លោក​យល់ថា ចង់ឱ្យមាន​អ្នក​បន្តធ្វើ​ជំនាញ​នេះ ទៅ​ថ្ងៃក្រោយ​ទៀត មិន​ចង់ឱ្យ​បាត់បង់​ទេ តែ​លោក​ក៏​មិន​ហ៊ាន​បង្ខំ​ក្មេងៗ​ទាំងនោះ​ឱ្យធ្វើ​ដែរ ដ្បិត​ការងារ​នេះ​ត្រូវមាន​ភាព​អត់ធ្មត់ និង​ហត់នឿយ​ជាជាង​ការងារ​ទីក្រុង​នាពេល​បច្ចុប្បន្ន​៕














 

© រក្សាសិទ្ធិដោយ thmeythmey.com