COVID-19
ជាតិ
សុខភាព
អ្នកស្រី ចាន់​ចរិយា​៖ មើលថែ​អ្នកជំងឺ​កូ​វីដ ប្រឈម​គ្រោះ​ថ្នាក់ខ្ពស់ តែ​ជា​បទពិសោធ​ដ៏​មានន័យ​ក្នុង​ជីវិត​ខ្ញុំ
20, Apr 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុងនាម​ជា​គិលានុបដ្ឋាយិកា​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុស្សី​) គឺ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង  ប៉ុន្តែ អ្នកស្រី ឆាយ ចាន់​ចរិយា យល់ថា​ជា​បទពិសោធ​ដ៏​មានន័យ​សម្រាប់​ជីវិត​របស់​អ្នកស្រី ក្នុងការ​បំពេញបេសកកម្ម​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កូ​វីដ​-១៩​។

 

​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី ឆាយ ចាន់​ចរិយា តាម​ប្រព័ន្ធ Facebook Messenger Video Call ដូចខាងក្រោម​៖ 
 
 
​អ្នកស្រី ឆាយ ចាន់​ចរិយា តាំងចិត្ត​ថា ទោះបីជា​ជំងឺ​កូ​វីដ​-១៩ ឆ្លង​លឿន​ក្តី ក៏​មិន​បានធ្វើ​ឲ្យ​អ្នកស្រី មានចិត្ត​ភ័យខ្លាច ហើយ​មានបំណង​ដកខ្លួន​ចេញពី​បេសកកម្ម​សង្គ្រោះ​អ្នកជំងឺ​កូ​វីដ​-១៩ នោះទេ​។ គិលានុបដ្ឋាយិកា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ជាការ​ស្រឡាញ់​អាជីព​របស់​យើង​។ យើង បានដាក់​ចិត្ត​ធ្វើ​ការងារ​នេះ គឺ​តាំងពី​មិនទាន់មាន​ជំងឺ​នេះ (​កូ​វីដ​-១៩) កើតឡើង មកម្ល៉េះ​»​។​


 
​ការស្រឡាញ់​អាជីព រួមទាំង​មនសិការ​ផង​នោះ បាន​ជំរុញ​ទឹកចិត្ត​អ្នកស្រី ឆាយ ចាន់​ចរិយា ឲ្យ​បន្ត​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ រហូតដល់​សព្វថ្ងៃនេះ​។ អ្នកស្រី ចរិយា ប្តេជ្ញាចិត្ត​ថា​៖«​ទោះ​យើង មិនទាន់មាន​ជំងឺ​នេះ​កើតឡើង​ក៏ដោយ ក៏​យើង​ប្រឈមមុខ​ជាមួយ​អ្នកជំងឺ​ដទៃ ដែលមាន​មេរោគ​ជាច្រើន​នៅក្នុង​មន្ទីរពេទ្យ​ដែល​អាច​ចម្លង​គ្នា​បាន​…[​តែ​] ខ្ញុំ នៅតែ​រក្សា​ជំហរ​ក្នុងការ​ចូលរួម​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​ជាសះស្បើយ​ពី​មេរោគ​នេះ​ដោយ​មិន​រុញ​រា​ឡើយ​»​។​
 
​ស្ត្រី​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ទៀតថា ពេល​ចាប់ផ្តើម​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ លើកដំបូង គឺមាន​អារម្មណ៍​ភ័យខ្លាច​ដែរ ប៉ុន្តែ​អារម្មណ៍​នេះ បាន​រំសាយ​ទៅវិញ ដោយសារ​មានការ​គាំទ្រ និង​ការលើក​ទឹក​ពី​ក្រុមគ្រួសារ និង មនុស្ស​នៅ​ជុំវិញខ្លួន ពិសេស​ការមើលឃើញ​អ្នកជំងឺ​របស់ខ្លួន បានជា​សះស្បើយ ហើយ​ត្រឡប់​ទៅ​ស្រុកកំណើត​ដោយ​សុវត្ថិភាព​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​១២២​នាក់ នៅ​រាជធានី​-​ខេត្ត​ចំនួន​១៣ ដោយ​ក្នុងនោះ មាន​អ្នកជា​សះស្បើយ​វិញ ដល់​ទៅ​១០៥​នាក់​ហើយ ខណៈ​១៧ ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​៕
 


 

Tag:
 COVID-19
  មើលថែ​អ្នកជំងឺ​កូ​វីដ​-១៩
  ឆាយ ចាន់​ចរិយា​
© រក្សាសិទ្ធិដោយ thmeythmey.com