ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​ប្រកប​របរ​លក់ដូរ​តិច​តួច​នៅ​គល់ស្ពាន​អ្នក​លឿង ត្អូញត្អែរ​លក់​មិន​ដាច់​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​
20, Apr 2020 , 8:39 am        
រូបភាព
​កណ្ដាល​៖ អ្នក​ប្រកប​របរ​លក់ដូរ​តិច​តួច​ដូចជា លក់​ពង​ទា​ពង​ក្រួច​ស្ងោរ សត្វ​ក្រួច​និង​ចង្រិត​បំពង ផ្លែឈើ​នំចំណី និង​ម្លូ​ស្លា​ជាដើម នៅ​គល់ស្ពាន​អ្នក​លឿង សុទ្ធតែ​ត្អូញត្អែរថា​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ពួកគេ​លក់​មិន​ដាច់​។ នៅ​ថ្ងៃ​ធម្មតា​ស្ងាត់​ទៅហើយ មកដល់​ថ្ងៃ​ចូលឆ្នាំ​រិត​តែ​ស្ងាត់​ថែមទៀត អ្នកលក់​របរ​ទាំងនេះ​ពិតជា​ទន្ទឹងរង់ចាំ​ថ្ងៃ​គ្មាន​កូ​វីដ​១៩​ត្រឡប់មកវិញ​ខ្លាំង ដើម្បី​ស្រោចស្រង់​ជីវភាព​គ្រួសារ​ឡើងវិញ​។



សូមស្តាប់សំឡេង៖




​ផ្ដើមចេញពី​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច​ដែល​ស្ថិតក្នុង​ខេត្តកណ្ដាល តូប​មិនតិចជាង​៥០​ឡើយ ដែល​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​១ មាន​លក់​ចង្រិត​លីង ពង​ក្រួច​បំពង ក្រូចថ្លុង បាយក្ដាំង នំ​ខ្ចប់​ស្លឹកចេក​បែប​ខ្មែរ​ជាដើម ដែល​មើលទៅ​គួរឱ្យ​ចង់​ទទួលទាន តែ​បែរជា​មិនមាន​អ្នកដំណើរ​ចុះ​ទិញ​ច្រើន​ឡើយ​។ ជាធម្មតា​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ នៅទីនេះ​មាន​អ្នកដំណើរ​ទៅមក​ស្ទះ​ណែនណាន់តាន់តាប់ ដោយ​ឈប់​ទិញ​ទំនិញ​ផ្ញើ​អ្នកផ្ទះ តែ​ថ្ងៃ​ចូលឆ្នាំ​នៅ​ឆ្នាំនេះ​ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​ទៅទៀត ធ្វើឱ្យ​អ្នកលក់​នៅ​គល់ស្ពាន​ត្រើយ​ខាងលិច​នេះ​ខកចិត្ត​។


 
​ជា​អ្នក​លក់ទំនិញ​បន្តិច​ប​ន្ទួ​ច​នៅ​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិតក្នុង​ឃុំ​កំពង់​ភ្នំ កញ្ញា បូ​ផា មាន​អាយុ​១៩​ឆ្នាំ ដែល​ពាក់អាវ​ពណ៌​លឿង​ដៃ​វែង ពាក់មួក​និង​ម៉ាស់​ជិត​មុខ​ទុក​តែ​ភ្នែក ថា​ថ្ងៃ​ចូលឆ្នាំ​នាង​លក់ដាច់​ចាញ់​ថ្ងៃ​ធម្មតា​ទៅទៀត ព្រោះ​មិនមាន​មនុស្ស​ធ្វើដំណើរ​៖«​ឆ្នាំមុន​ដាច់​ខ្លាំង ឆ្នាំនេះ​មិនមាន​មនុស្ស​សោះ​ហ្មង​។ និយាយ​ទៅ​មាន​ចូល​ខ្លះៗ​ដែរ តែ​វា​មិនសូវ​ដាច់​ដូច​ឆ្នាំមុន សឹងតែ​ចង់​ចាញ់​ថ្ងៃ​ធម្មតា​ដែល​មិនមាន​បុណ្យទាន​ផង​។ បើ​កាលពី​ឆ្នាំមុន មួយថ្ងៃ​អាច​លក់បាន​ប្រហែល​ចូល​១​លាន​រៀល តែ​ឥឡូវ​បានតែ​២០​ទៅ​៣០​ម៉ឺន​ហ្នឹង​។ នៅ​ហ្នឹង​មាន​ចង្រិត កន្តេះឡង់ មាន​ចាប មាន​ក្រួច មាន​ពង​ទា ពង​ក្រួច គ្រាប់​ល្ពៅ​អី​អ៊ីចឹង​»​។


 
​ឈរ​ក្បែរ​តូប​របស់ខ្លួន នារី​ដែល​ជួល​ដី​គេ​សម្រាប់​លក់​អីវ៉ាន់​ក្នុង​មួយខែ​១៥​ម៉ឺន​រៀល​រូបនេះ ប្រឹង​និយាយ​ប្រជែង​ជាមួយ​សំឡេង​ឡាន​ម៉ូតូ ដែល​បើក​ឆ្លងកាត់​ថា នាង​ចង់ឱ្យ​ស្ថានភាព​មាន​ភ្ញៀវ​ច្រើន​កុះករ​ត្រឡប់មកវិញ​ឆាប់ៗ​៖«​និយាយ​ទៅ​របស់​ហ្នឹង បើ​មាន​មនុស្ស​ច្រើន​យើង​ធ្វើ​ច្រើន អត់​សូវ​មាន​មនុស្ស​អ៊ីចឹង​យើង​ធ្វើ​តិចៗ​ទៅ​សម្រាប់​លក់​មួយថ្ងៃៗ​។ ថ្ងៃ​ខ្លះ​លក់​ដល់​ល្ងាច​អាច​អស់​។ យើង​ទើបតែ​ចម្អិន​អ៊ីចឹង សល់​ស្អែក​មួយ​ព្រឹក​អត់​អី​ទេ​។ ទុន​ដែល​ទិញ​របស់​អស់​ទាំងនេះ​ចូល​១​លាន​រៀល​ដែរ ព្រោះ​អីវ៉ាន់​វា​ច្រើន​ដែរ បើ​យើង​លក់​អស់​បាន​ច្រើន​អ៊ីចឹងទៅ​។ អ្នកលក់​ពិតជា​ចង់ឱ្យ​លក់ដាច់​វិញ​»​។ 
 
​ដើរ​ទូល​ថាស​ចង្រិត​ស្រោច​ដោយ​ម្ទេស​ពណ៌​ក្រហមឆ្អិនឆ្អៅ​លាយ​ខ្ទឹមស​សឹង​ពេញ​ថាស នៅ​ពាក់កណ្ដាល​ស្ពាន​អ្នក​លឿង ស្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​អាយុ​៣៦​ឆ្នាំ ត្រូវ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​គ្មាន​មនុស្ស​ធ្វើដំណើរ​៖«​ឆ្នាំមុន​រដូវ​បុណ្យទាន​លក់បាន​២០​គីឡូក្រាម​ឬ​១៥​គីឡូក្រាម​។ ពេលនេះ​លក់​មិន​ដាច់​ពិបាក​ណាស់ ខ្វះមុខខ្វះក្រោយ​។ ខ្ញុំ​លក់​តែ​ចង្រិត​នេះ​មួយ​មុខតែ​ប៉ុណ្ណោះ​មិនមាន​មុខរបរ​ផ្សេង​ទេ ខ្ញុំ​លក់​ប្រហែល​៣​ឆ្នាំ​ហើយ​»​។


 
​ស្ត្រី​ដែល​ពាក់​ម៉ាស់​ពណ៌​ខៀវ​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​រូបនេះ អាច​ប្រឈម​ជំពាក់​ប្រាក់​គេ​កាន់តែច្រើន ប្រសិនបើ នៅតែ​លក់​មិន​ដាច់​បែបនេះ​។ អ្នកស្រី​បញ្ជាក់បន្ថែម​ទាំង​ភ្នែក​ខំ​សម្លឹង​ទៅ​អ្នកដំណើរ​ដែល​ឈប់​ម៉ូតូ​នៅក្បែរនោះ ក្នុង​បំណង​ចង់​ហៅ​គេ​ឱ្យ​ទិញ​ចង្រិត​របស់ខ្លួន​៖«​ទើបតែ​ឆ្នាំនេះ​មិនមាន​មនុស្ស​ព្រោះ​កើត​កូ​រ៉ូ​ណា​។ ឥឡូវ​លក់​មិន​បានទេ ៥​គីឡូក្រាម​លក់​៣​ថ្ងៃ​។ មិនមាន​មនុស្ស​ទេ ខ្ញុំ​ជំពាក់​គេ​ស្លាប់​ហើយ​។ ដើម​ក្នុង​មួយ​ជើង​ប្រហែល​១០​ម៉ឺន​រៀល បើ​ដាច់​ធម្មតា​ចំណេញ​បាន​៣​ម៉ឺន តែ​ឥឡូវ​មិនមាន​មនុស្ស​ឯណា​។ ខ្ញុំ​ចេះតែ​លក់​ទៅ​មិនដឹងថា​ទៅធ្វើ​អ្វី​។ មួយថ្ងៃ​ខ្ញុំ​អាច​លក់បាន​១០​ម៉ឺន ទាំង​ដើម​ទាំង​ចំណេញ​។ បើ​គិតតែ​ចំណេញ​បានតែ​២​ម៉ឺន​ទេ ពិបាក​ណាស់​តាំងពី​កើត​កូ​រ៉ូ​ណា​ហ្នឹង​មក​»​។
 
​ខ្ញុំ​បានធ្វើ​ដំណើរ​បន្តទៅ​ត្រើយ​ខាងកើត​ស្ពាន​អ្នក​លឿង​ទៀត គឺ​ទៅ​ខេត្តព្រៃវែង ដើម្បី​សាកសួរ​អ្នកលក់​ផ្សេងទៀត​។ ជួល​ដី​គេ​ដើម្បី​លក់ទំនិញ​ក្នុងតម្លៃ​ថ្ងៃ​គួរសម អ្នកស្រី ឌៀង ខួ​ន អាយុ​៣៩​ឆ្នាំ ដែល​ចាប់​របរ​លក់ដូរ​តាំង​ពីមុន​ស្ពាន​សាងសង់ ក៏បាន​ត្អូញត្អែរ​មិន​ខុះពី​អ្នកលក់​ទាំងពីរ​ខាងលើ​ដែរ​៖«​មាន​លក់​ផ្លែឈើ​ម្លូ​ស្លា នំ​ធុង តែ​លក់​មិន​ដាច់​ផង​ហ្នឹង​។ ពីមុន​មាន​ឡាន​ចូល​យើង​លក់បាន​ខ្លះ តែ​ឥឡូវ​អត់​ដាច់​តែម្ដង​ហ្នឹង​។ ខ្ញុំ​ជួល​ដី​គេ​ក្នុង​មួយខែ​១​លាន​រៀល បើ​គិត​បណ្ដោយ​ដី​ប្រហែល​ចូល​៤០​ម៉ែត្រ​ហើយ​។ លក់​មិន​ដាច់​យ៉ាងនេះ ឆ្នាំនេះ​ចប់​ហើយ​»​។


 
​ឆ្នាំនេះ​ស្ត្រី​សម្បុរ​សរ​ដែល​ពាក់អាវ​ពណ៌​ក្រហម និង​ពាក់មួក​ពណ៌​ខៀវ​រូបនេះ​ក៏​ខាត​ប្រា​ក់លើ​មុខរបរ​របស់ខ្លួន​ដែរ​៖«​ឆ្នាំនេះ​លក់​មិន​បានទេ មានតែ​ចូល​ដើម ចូលឆ្នាំ​ហ្នឹង​នោះ​។ ចូល​ដើម​ប្រហែល​២​រយ​ដុល្លារ ព្រោះ​យើង​លក់​មិន​ដាច់​ផង ហើយ​យើង​ចំណាយលុយ​លើ​ម្ហូបអាហារ​រាល់ថ្ងៃ​។ គ្រូ​សារ​ខ្ញុំ​ពិបាក​ជាង​មុន​អ៊ីចឹង​ណា វា​មិនបាន​បរិបូរ វា​បាន​ត្រឹម​ផិតផើយ​អ៊ីចឹង​ណា​។ ខ្ញុំ​មិនបាន​ទៅ​ស្រុក​ផង​ឆ្នាំ​ហ្នឹង រាល់​ឆ្នាំ​ខ្ញុំ​ទៅ​ស្រុក​តើ​។ បើ​យើង​លក់ដាច់​មាន​ប្រាក់ចំណូល​ខ្លះ ចំណេញ​សល់​បន្តិច​ប​ន្ទួ​ច​។ ឆ្នាំមុន​សល់​ប្រាក់​ខ្លះ ដូច​ថា​យើង​ចំណេញ​បាន​១​លាន ឬ​១​លានជាង​អ៊ីចឹង​ណា ព្រោះ​យើង​លក់​អីវ៉ាន់​ច្រើន​»​។​
 
​មិនមែន​មានតែ​អ្នកលក់​បី​រូប​នេះឡើយ ដែល​ជួបប្រទះ​គ្មាន​ភ្ញៀវ​ទិញ​ទំនិញ តែមាន​អ្នកលក់​ច្រើន​នាក់​ទៀត​ដែល​ជួប​បញ្ហា​ដូចគ្នានេះ ក្នុងអំឡុងពេល​កូ​វីដ​១៩​នេះ ហើយ​ពួកគេ​សុទ្ធតែ​ចង់ឱ្យ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ឆាប់​ផុតរលត់​ទៅ​៕


 

Tag:
 កណ្ដាល​
  មុខរបរ​
  អាជីវកម្ម​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com