ជាតិ
ប្រៃសណីយ៍​កម្ពុជា ផ្អាក​ទទួលបញ្ញើ​ទៅគ្រប់​ប្រទេស​
19, Apr 2020 , 5:22 pm        
រូបភាព
ទំនិញនិងរបស់របរផ្សេងៗ ដែលផ្ញើទៅក្រៅប្រទេសឬផ្ញើមកពីក្រៅប្រទេស តាមប្រៃសណីយ៍កម្ពុជា​ (រូបពីប្រៃសណីយ៍កម្ពុជា)
ទំនិញនិងរបស់របរផ្សេងៗ ដែលផ្ញើទៅក្រៅប្រទេសឬផ្ញើមកពីក្រៅប្រទេស តាមប្រៃសណីយ៍កម្ពុជា​ (រូបពីប្រៃសណីយ៍កម្ពុជា)
ដោយ: ថ្មីៗ
​ប្រៃសណីយ៍​កម្ពុជា សម្រេច​ផ្អាក​ការទទួល​បញ្ញើ ដែល​ផ្ញើ​ទៅគ្រប់​ប្រទេស​។ ប្រៃសណីយ​កម្ពុជា លើក​មូល​ហេតុថា ការ​រា​ត​ដ្បា​ត​ជំងឺ​កូ​វីដ​-១៩ នៅ​ជំវិញ​ពិភពលោក បានធ្វើ​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស «​អាក់ខាន​ស្ទើរតែ​ទាំងស្រុង​»​។



​តាមរយៈ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ប្រៃសណីយ៍​កម្ពុជា បញ្ជាក់ថា​៖«​យើងខ្ញុំ នឹង​ទទួលបញ្ញើ​តាម​ធម្មតា​វិញ នៅពេល​ស្ថានភាព​នៃ​ជំងឺ​នេះ ត្រូវបាន​ស្ងប់ស្ងាត់​»​។ 
 
​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ជើងហោះហើរ​កម្ពុជា ស្ទើរតែ​លែងមាន​។ លោក ស៊ីន ចាន់​សេរី​វុត្ថា អគ្គនាយករង​បច្ចេកទេស​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លើកឡើង​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​១៦ ខែមេសា ឆ្នាំ​២០២០ ថា អ្នកធ្វើដំណើរ​ចេញចូល​កម្ពុជា តាម​យន្តហោះ បាន​ថយចុះ​ដល់​ទៅ​ជាង​៩០​ភាគរយ​ហើយ​។ 
 
​លោក អះអាងថា ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​៣៩​នៅ​កម្ពុជា ភាគច្រើន បាន​ផ្អាក​ការហោះហើរ ដោយ​នៅសល់តែ​រង្វង់​៨​ទៅ​១០​ភាគរយ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ការហោះហើរ​។ យ៉ាងណា លោក បញ្ជាក់ថា ទោះ​ចំនួន​អ្នកជិះ ធ្លាក់ចុះ​យ៉ាងគំហុក​បែបនេះ​ក្តី តែ​មិនទាន់មាន​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ ក្ស័យធន​ឡើយ​។ 
 
​មាន​មូលហេតុ​ចម្បង​ពីរ ដែល​ធ្វើ​ឲ្យ​ជើងហោះហើរ​នៅ​កម្ពុជា ក៏​ដូច​បណ្តា​ប្រទេស​ដទៃ ធ្លាក់ចុះ គឺ​ទីមួយ ដោយសារតែ​អ្នកដំណើរ លែង​ហ៊ាន​ធ្វើដំណើរ​កម្សាន្ត ទៅ​ក្រៅប្រទេស​ដោយ​ខ្លួនឯង​ព្រោះ តែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង ទី​ពីរ ប្រទេស​មួយចំនួន បាន​បិទ​ប្រទេស​ខ្លួន មិន​ឲ្យ​មានការ​ធ្វើដំណើរ​ចេញចូល​។ 
 
​សម្រាប់​កម្ពុជា ក៏បាន​ផ្អាក​ការទទួល​ភ្ញៀវ​បរទេស មកពី​ប្រទេស​៥ គឺ​អាមេរិក អេ​ស្ប៉ា​ញ អាល្លឺម៉ង់ អ៊ីតាលី និង បារាំង​។ បច្ចុប្បន្ន ប្រទេស​ទាំង​៥​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើនជាងគេ​លើ​ពិភពលោក​។ 
 
​ចំណែក​ជាមួយ​ប្រទេសជិតខាង គឺ​វៀតណាម និង ថៃ​, កម្ពុជា បាន​សហការ​ផ្អាក​មិន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងបី ធ្វើដំណើរ​ចេញចូល​។ តែ​ចំពោះ​ការដឹកជញ្ជូន​ទំនិញ ប្រទេស​ទាំងបី នៅ​ដំណើរការ​ជាធម្មតា​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២២​នាក់ តែ​បានជា​សះស្បើយ​វិញ​១០៥​នាក់​ហើយ ខណៈ​១៧​នាក់ កំពុង​សម្រាក​ព្យាបាល​៕
 

Tag:
 COVID-19
  ប្រៃសណីយ៍​
© រក្សាសិទ្ធិដោយ thmeythmey.com