COVID-19
ជាតិ
សង្គមជាតិ
សិក្ខាកាមយោធាខ្មែរ៣នាក់ នៅរុស្ស៊ី ឆ្លងជំងឺកូវីដ-១៩
19, Apr 2020 , 7:30 pm        
រូបភាព
សិក្ខាកាមយោធាកម្ពុជា ចូលរួមក្នុងកម្មវិធីបើកវគ្គកីឡាអន្តរជាតិ នៅប្រទេសរុស្ស៊ី កាលពី៣ ខែសីហា ឆ្នាំ២០១៩ (រូប ថតចេញពីវីដេអូ ដែលបង្ហោះលើ Channel Youtube ឈ្មោះ Somrith thlai)
សិក្ខាកាមយោធាកម្ពុជា ចូលរួមក្នុងកម្មវិធីបើកវគ្គកីឡាអន្តរជាតិ នៅប្រទេសរុស្ស៊ី កាលពី៣ ខែសីហា ឆ្នាំ២០១៩ (រូប ថតចេញពីវីដេអូ ដែលបង្ហោះលើ Channel Youtube ឈ្មោះ Somrith thlai)
ភ្នំពេញ៖ សិក្ខាកាមយោធាកម្ពុជា៣នាក់ នៅទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ី បានឆ្លងជំងឺកូវីដ-១៩ (COVID-19)។ នេះបើតាមលិខិតរបស់ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធានៃស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ដែលផ្ញើមកកាន់នាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។



លិខិតរបស់ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ បានបញ្ជាក់ថា សិក្ខាកាមយោធាកម្ពុជាទាំង៣នាក់ បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមួយកន្លែង កាលពីថ្ងៃទី១៨ ខែមេសា។  ពួកគេទាំង៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ពីសិក្ខាកាមយោធាជនបរទេសដទៃទៀត ដែលសិក្សា និងស្នាក់នៅជាមួយគ្នា។ ពួកគេ គឺជាសិក្ខាកាម ដែលកំពុងសិក្សាលើជំនាញវេជ្ជសាស្រ្តទូទៅ ក្នុងឆ្នាំទី៣ នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធានៃទីក្រុង Saint Petersburg។ 

លិខិតដដែល បានឲ្យដឹងថា សិក្ខាកាមយោធាកម្ពុជាទាំង៣នាក់នោះ កំពុងសម្រាកព្យាបាល និងតាមដានជំងឺនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ពួកគេ មិនទាន់មានសភាពធ្ងន់ធ្ងរទេ  ដោយសារតែពួកគេ បានរាយការណ៍ពីសុខភាព និងស្ថានភាពជំងឺទៅគ្រូពេទ្យពិនិត្យរកមេរោគកូវីដ-១៩ បានទាន់ពេល។

គិតត្រឹមថ្ងៃទី១៩ ខែមេសា ប្រទេសរុស្ស៊ី ស្ថិតក្នុងលំដាប់លេខរៀងទី១០ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ លើពិភពលោក។ បើតាមគេហទំព័រ https://www.worldometers.info/coronavirus/  រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៤,២ម៉ឺននាក់ហើយ ដោយក្នុងនោះស្លាប់ជាង៣៦០នាក់ និងបានជាសះស្បើយវិញជាង៣ពាន់នាក់។

សារព័ត៌មានថ្មីៗ (ThmeyThmey.com) ព្យាយាមទាក់ទងទៅលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំបញ្ជាក់ព័ត៌មានបន្ថែមពីសិក្ខាកាមយោធាកម្ពុជាទាំង៣នាក់ ដែលឆ្លងជំងឺកូវីដ-១៩ នៅប្រទេសរុស្ស៊ី តែលោកទាំង២ សុទ្ធតែមិនលើកទូរស័ព្ទ។

កន្លងមក មានពលរដ្ឋខ្មែរ៣នាក់ នៅកូរ៉េខាងត្បូង ក៏បានឆ្លងជំងឺកូវីដ-១៩ដែរ តែបានជាសះស្បើយវិញ។

រដ្ឋាភិបាលកម្ពុជា បានប្រកាសថា មិនមានគម្រោងយកនិស្សិតឬពលរដ្ឋខ្មែរពីក្រៅប្រទេស មកកម្ពុជាវិញទេ តែអំពាវនាវឲ្យពួកគេ ប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺកូវីដ-១៩ ជាពិសេសត្រូវគោរពតាមបទបញ្ជារបស់ប្រទេសគេ។

នៅកម្ពុជា មានមនុស្ស១២២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ តែបានជាសះស្បើយវិញ ១០៥នាក់ហើយ ខណៈ១៧នាក់ទៀត កំពុងសម្រាកព្យាបាល (គិតត្រឹមថ្ងៃ១៩មេសា)៕

Tag:
 COVID-19
  សិក្ខាកាមយោធាខ្មែរនៅក្រៅប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com