សិល្បៈអន្តរជាតិ
អន្តរជាតិ
លោក Gene Deitch អ្នកដឹកនាំ​រឿង Tom & Jerry ទទួលមរណភាព​​ក្នុង​អាយុ​៩៥​ឆ្នាំ​
20, Apr 2020 , 6:29 am        
រូបភាព
ដោយ: ធីតា
​ម្ចាស់​ពានរង្វាន់​អូ​ស្ការ លោក Gene Deitch ដែលមាន​ប្រវត្តិ​ដឹកនាំ​រឿង​គំនូរជីវចល ឆ្មា និង​កណ្តុរ (Tom & Jerry), Popeye និង​ស្នាដៃ​ជាច្រើន​ទៀត បានទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ នៅ​ទីក្រុង​ប្រាគ សាធារណរដ្ឋ​ឆេ​ក កាលពី​ថ្ងៃទី​១៦ ខែមេសា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ឆេ​ក CTK​។​



​ដើមកំណើត​អាមេរិក លោក Gene Deitch បាន​ទៅ​រស់នៅ​ក្រុង​ប្រាគ​ជាមួយ តាំងពី​ឆ្នាំ​១៩៥៩​មក​។ បើទោះបីជា​លោក​មាន​វ័យចាស់​ជរា​ក៏ដោយ ប៉ុន្តែ​ករណី​ស្លាប់​របស់​អតីត​កំពូល​វិចិត្រករ​គំនូរជីវចល​រូបនេះ មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ច្បាស់​នោះឡើយ​។ ចុងក្រោយ លោក​បានរស់នៅ​ជាមួយ​លោកស្រី Zdenka Najmanova ភរិយា​ទី​ពីរ​ដែល​បាន​រៀបការ​តាំងពី​ឆ្នាំ​១៩៦៤​មក​។​

​លោក Gene ដែលមាន​ឈ្មោះ​ដើម​ថា Eugene Merrill Deitch បានឈ្នះ​ពានរង្វាន់​អូ​ស្ការ​ផ្នែក Best Animated Short Film កាលពី​ឆ្នាំ​១៩៦០ លើ​ស្នាដៃ​រឿង «Munro» ហើយ​បាន​ជាប់​បេក្ខភាព​នៃ​ពានរង្វាន់​នេះ​ចំនួន​២​ទៀត​នៅ​ឆ្នាំ​១៩៦៤ លើ​ស្នាដៃ​រឿង «Here’s Nudnik» និង «How to Avoid Friendship»​។​



​ស្នាដៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់លោក Gene មានដូចជា «Tom Terrific» និង​សហ​ស្នាដៃ «Sidney’s Family Tree» ជាដើម​។ ជាមួយគ្នានេះ លោក​មានឈ្មោះ​ល្បីល្បាញ​យ៉ាងខ្លាំង​លើ​ស្នាដៃ​គំនូរ និង​ដឹកនាំ​រឿង​ភាគ​គំនូរជីវចល «Tom & Jerry» ចំនួន​១៣​ភាគ និង​ការរួមចំណែក​ក្នុង​រឿង «Popeye the Sailor»​។ លោក​បាន​បង្កើត​តួ​ក្នុង​គំនូរជីវចល​ជាច្រើន ដូចជា Sidney the Elephant, Gaston Le Crayon, Clint Clobber និង Terr’ble Thompson​។​



តាមពិតទៅ កាលពី​ឆ្នាំ​១៩៥៩ លោក​មាន​គម្រោង​បេសកកម្ម​ជាមួយ​ផលិតកម្ម​ហូលីវូដ នៅ​ឆេ​កូ​ស្លូ​វា​គី (​ឆេ​ក​) តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទីនោះ លោក​បាន​ចាប់ចិត្ត​ស្រឡាញ់​អ្នកស្រី Zdenka ហើយក៏​បានសម្រេច​ចិត្ត​នៅ​ទីនោះ​រហូតដល់​ថ្ងៃ​ទទួលមរណភាព​។  លោក​មានកូន​ប្រុស​៣​នាក់​ជាមួយ​ភរិយា​ដំបូង គឺ​លោកស្រី Marie Deitch ដោយ​អ្នក​ទាំងនោះ សុទ្ធតែ​សិល្បករ​គំនូរ និង​គំនូរជីវចល​ទាំងអស់​។

​ទាក់ទង​នឹង​រឿង «Tom & Jerry» លោក Gene Deitch ជា​មនុស្ស​ទី​៣ ដែល​បាន​គូរ និង​ដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​នេះ ដោយ​ចាប់ផ្តើម​ពី​លោក Willam Hanna និង​លោក Joseph Barbera ពី​ឆ្នាំ​១៩៤០ ដល់​ឆ្នាំ​១៩៥៨​។ លោក Gene បាន​ដឹកនាំ​ផលិត​បាន​១៣​ភាគ​ចន្លោះ​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៦២ សម្រាប់​ផលិតកម្ម Rembrandt Films​។​

​ឈុត​រឿង «Tom & Jerry» ទាំង​១៣ ក្រោម​ការដឹកនាំ និង​ផលិត​ដោយ​លោក Gene មាន Switchin' Kitten, Down Outing, It's Greek to Me-ow!, High Steaks, Mouse into Space, Landing Stripling, Calypso Cat, Dicky Moe, The Tom and Jerry Cartoon Kit, Tall in the Trap, Sorry Safari, Buddies Thicker Than Water, Carmen Get It!៕



© រក្សាសិទ្ធិដោយ thmeythmey.com