COVID-19
អន្តរជាតិ
ពលរដ្ឋអាមេរិកបាតុកម្មប្រឆាំងបញ្ជាឲ្យនៅផ្ទះ ខណៈអ្នកស្លាប់ COVID-19 មាន៤ម៉ឺននាក់ ប្រភពរូប៖ Reuters
× មនុស្សយ៉ាងតិច២៥០០នាក់ បានប្រមូលផ្ដុំគ្នានៅអគារ Capitol រដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃ១៩ ខែមេសា ដើម្បីតវ៉ាប្រឆាំងបទបញ្ជាស្នាក់នៅផ្ទះក្នុងគោលដៅទប់ស្កាត់ការរីករាលដាល COVID-19។ បាតុករអាមេរិកទាំងនេះ បានល្មើសបម្រាមលើការប្រមូលផ្ដុំមនុស្សលើស៥០នាក់។
ទោះបីមានការប្រកាសពីអ្នករៀបចំបាតុកម្មឲ្យពាក់ម៉ាស់ បាតុករជាច្រើនពុំបានចាប់អារម្មណ៍អនុវត្តតាមឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters សមត្ថកិច្ចប៉ាន់ស្មានថា ក្រុមបាតុករមានចំនួនប្រមាណ ២៥០០នាក់ ដែលជាបាតកម្មធំបំផុតមួយក្នុងសហរដ្ឋអាមេរិកប្រឆាំងនឹងបទបញ្ជាបិទប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters អ្នករៀបចំបាតុកម្មឈ្មោះ Tyler Miller អាយុ ៣៩ឆ្នាំ ដែលជាវិស្វករម្នាក់ បានអះអាងដូច្នេះថា៖« ការបិទអាជីវកម្ម ដោយជ្រើសរើសអ្នកឈ្នះ និងអ្នកចាញ់ ដែលចាត់ទុកថាវាចាំបាច់ និងមិនចាំបាច់នោះ គឺល្មើសនឹងរដ្ឋធម្មនុញ្ញសហព័ន្ធ និងរដ្ឋ»។ លោក Miller ចាត់ទុកការធ្វើបាតុកម្មនេះជាកិច្ចប្រឹងប្រែងផ្ដល់សេរីភាពដល់រដ្ឋវ៉ាស៊ីនតោន។
កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា លោក ប្រធានាធីបតី ដូណាល់ ត្រាំ តាមរយៈ Twitter បានបង្ហាញការគាំទ្រការធ្វើបាតុកម្មស្រដៀងគ្នានេះក្នុងរដ្ឋ Michigan, Minnesota និង Virginia ក្នុងគោលដៅផ្ដល់សេរីភាពដល់ពួកគេពីបទបញ្ជាគម្លាតសុវត្ថិភាព។
ដោយឡែក លោកអភិបាលរដ្ឋវ៉ាស៊ីនតោន Jay Inslee មកពីបក្សប្រជាធិបតេយ្យ ដែលជាអ្នកដាក់ចេញបទបញ្ជាស្នាក់នៅផ្ទះនេះ នៅថ្ងៃ១៩ ខែមេសា បានលើកឡើងថា សមាជិកសភាមកពីបក្សសាធារណរដ្ឋ បានគាំទ្រក្រុមបះបោរប្រឆាំងបទបញ្ជាគម្លាតសុវត្ថិភាព។
ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា លោកគាំទ្រសិទ្ធិសេរីភាពនៃបញ្ចេញមតិ ក៏ប៉ុន្តែក្រុមបាតុករទាំងនេះពុំមានលទ្ធភាពផ្លាស់ប្តូរគោលនយោបាយលោកឡើយ ព្រោះថាបញ្ហានេះពុំមែនជារឿងនយោបាយឡើយ តែសម្រាប់សុខភាពពលរដ្ឋទាំងអស់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ២០ ខែមេសា សហរដ្ឋអាមេរិក មានករណីឆ្លងCOVID-19 សរុបជាង៧៦ម៉ឺនករណី ក្នុងនោះជាសះស្បើយមាន៧ម៉ឺននាក់ ខណៈអ្នកស្លាប់មាន៤ម៉ឺននាក់។ នេះបើតាមវេបសាយ worldometers.info ។ រដ្ឋវ៉ាស៊ីនតោន គឺជារដ្ឋអាមេរិកដំបូងគេដែលបានរកឃើញករណីCOVID-19 កាលពីចុងខែមករាមកម្ល៉េះ៕
Tag:
សហរដ្ឋអាមេរិក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com