COVID-19
ជាតិ
អចលនទ្រព្យ
COVID-19៖ ស្លាកផ្ទះ​,អគារ​,ដីសម្រាប់​ជួល ឬ​សម្រាប់​លក់​បង្ហាញខ្លួន​កាន់តែច្រើន​…!
20, Apr 2020 , 10:31 am        
រូបភាព
​ភ្នំពេញ​៖ វិបត្តិ​សុខភាព បាន និង​កំពុង​រុញច្រាន​ពិភពលោក រួមទាំង​កម្ពុជា​ផងដែ ឲ្យ​ធ្លាក់ចូល​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ នៅក្នុង​ប្រទេស​កម្ពុជា វិបត្តិ​កូវីដ-​១៩ បង្ក​ផល​បះ​ពាល់​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍​, វិស័យ​កាត់ដេរ និង​វិស័យ​អចលនទ្រព្យ​។ នៅក្នុង​អំឡុងពេល​វិបត្តិ​នេះ គេ​សង្កេតឃើញ​ស្លាកអគារ គេហដ្ឋាន ដីធ្លី ដាក់​សម្រាប់​ជួល និង​លក់​មាន​វត្តមាន​កាន់តែ​ច្រើនជាង​មុន​។ តើ​នេះ​បណ្តាលមកពី​កត្តា​អ្វីខ្លះ​?

 
​តាមពិត វិស័យ​អចលនទ្រព្យ​កម្ពុជា ​បាន​សំ​យ៉ុង​ក្បាល​ចុះ​ចាប់តាំងពី​ចុងឆ្នាំ​២០១៩​មកម្ល៉េះ ពោលគឺ​ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​បិទ​កាស៊ីណូ​អន​ឡាញ ​នៅ​ក្រុងព្រះសីហនុ ​ដែល​ភាគច្រើន​«​លេង​»​ដោយ​ជនជាតិ​ចិន​។ 
 
​ការចាកចេញ​របស់​អ្នកជំនួញ​ជនជាតិ​ចិន​ពី​ក្រុងព្រះសីហនុ​កាលនោះ បាន​ទាញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាក់ចុះ ក្នុង​កម្រិត​ច្រើន ឬ​តិច​ទៅតាម​តំបន់​ផ្សេងៗ​គ្នា​។ អ្នកជំនួញ​ជនជាតិ​ចិន​ ចាកចេញ​មិនបាន​ប៉ុន្មាន​សប្តាហ៍​ផង ស្រាប់តែ​ជំងឺ​កូ​វីដ-​១៩ ​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន និង​បន្ទាប់មកជំងឺ​នេះ បាន​រាលដាល​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក ក្នុងនោះរួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ 
 
​កូ​វីដ​-១៩ មិន​ត្រឹមតែ​ដាក់​សម្ពាធ​លើ​វិស័យ​ទេសចរណ៍ និង​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​ទេ តែ​វា​បានដាក់​សម្ពាធ​ផងដែរ​ ទៅលើ​វិស័យ​អចលនទ្រព្យ​។ ជារួម វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ទទួលរង​សម្ពាធ​ពី​ពីរ​កត្តា​ផ្សេងគ្នា​។ កត្តា​ទី​១ គឺ​ការចាកចេញ​របស់​អ្នកជំនួញ​ជនជាតិ​ចិន​មួយចំនួន​ ពី​ប្រទេស​កម្ពុជា និង​កត្តា​ទី​២ គឺ​ដោយសារ​វិបត្តិ​សុខភាព​កូ​វីដ​-១៩​នេះ​តែម្តង​។ ចុះ ស្លាក ផ្ទះ​, អគារ​, ដី ដែល​ដាក់​សម្រាប់​ជួល ឬ​សម្រាប់​លក់​កាន់តែច្រើន​នេះ បណ្តាលមកពី​រឿង​អ្វី​ពិតប្រាកដ​? 
 
​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ចរន្ត​នេះ កាន់តែច្រើន គឺ​បណ្តាលមកពី​ហេតុផល​ពីរ​ ដែល​បានលើកឡើង​នៅ​ខាងលើ​មុននេះ​បន្តិច​។ ហើយ​ចំណុច​មួយទៀត ដែល​នាំ​ឲ្យ​មាន​ចរន្ត​ដាក់លក់ ឬ​ដាក់​ជួល​អចលនទ្រព្យ​កាន់តែច្រើនៗ​នោះ គឺ​ដោយសារបុគ្គល​ស្ទើរ​គ្រប់រូប មិន​ថាអ្នកជំនួញ ឬ​មិន​ជំនួញ​ទេ ក្នុង​បរិបទ​កូ​វីដ-​១៩​នេះ ខ្វះ​សាច់ប្រាក់​កាន់តែ​ច្រើនឡើង ហើយ​គំនរ​បំណុល​កាន់​ខ្ពស់​ឡើងៗ​។ 
 
​ហេតុផល​ចុងក្រោយ​មួយទៀត ​ដែល​គេ​មិនគួរ​មើលរំលង​ដែរនោះ គឺ​ដោយសារម្ចាស់​ទីតាំង​អាជីវកម្ម ​មិន​ព្រម​បញ្ចុះ​ថ្លៃឈ្នួល​ទីតាំង​អាជីវកម្ម​ ក្នុង​បរិបទ​កូ​វីដ-​១៩​។ ការមិន​ព្រម​បញ្ចុះ​ថ្លៃ​ទីតាំង​ជួល​នេះ បាន​ជំរុញ​ឲ្យ​អ្នកជំនួញ​មួយចំនួនធំ ទប់ខ្លួន​មិន​រួច ក៏​សម្រេចចិត្ត​បិទ​អាជីវកម្ម​កាន់តែ​ច្រើនឡើងៗ ហើយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ ក៏​កាន់តែ​កើនឡើង​ស្របពេល​ជាមួយគ្នា​ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com