COVID-19
ជាតិ
អ្នកទោស​ជាង​៤០​នាក់​នៅ​កំពង់ស្ពឺ ដែល​វា​យម​ន្រី្ត​ពន្ធនាគារ​ដើម្បី​រត់ចេញ ត្រូវបាន​បង្ក្រាប​
20, Apr 2020 , 11:01 am        
រូបភាព
រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកំពង់ស្ពឺ
រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកំពង់ស្ពឺ
​ភ្នំពេញ​៖ អ្នកទោស​​៤៦​នាក់ បាន​វាយ​មន្ត្រី​ពន្ធនាគារ ដើម្បី​រត់ចេញ​ពន្ធនាគារ ប៉ុន្តែ​ត្រូវបាន​កងកម្លាំង​បង្ក្រាប​ទាន់ពេលវេលា​។ មន្ត្រី​ពន្ធនាគារ​៤​នាក់ រងរបួស​ស្នាម ដោយសារ​ការបះបោរ​រ​បស់​អ្នកទោស​ទាំងនោះ​។


 
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា កាលពី​ថ្ងៃទី​១៩ មេសា ម៉ោង​ប្រមាណ​៧​យប់ នៅក្នុង​បន្ទប់​ឃុំឃាំង​អ្នកទោស​ជាង​៤០​នាក់ បាន​ព្យា​យាម​ចេញពី​បរិវេណ​ពន្ធនាគារ​។​ ក្នុងនោះ​មាន​អ្នកទោស​២៦​នាក់ បាន​សម្រុក​ចេញពី​មន្ទីរឃុំឃាំង ក្រោយ​ពួកគេ​វាយ​មន្ត្រី​ពន្ធនាគារ​៤​នាក់ ។ ប៉ុន្តែ​អ្នកទោស​ទាំងនោះ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ​ចុះបង្ក្រាប​ទាន់ពេល​។ 
 
លោក​អភិបាលខេត្ត​កំពង់ស្ពឺ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្នកទោស​ក្នុង​បន្ទប់​ឃុំ​មាន​៤៦​នាក់ ហើយ​មាន​១​នាក់​ធ្វើ​ពុត​ជា​ឈឺ ហើយ​មន្ត្រី​ពន្ធនាគារ​៤​នាក់ ក៏បានបើក​ទ្វារ​ចូល​មើល ក៏ត្រូវ​អ្នកទោស​វាយ និង​បង្ក​ការបះបោរ​ចេញ​ក្រៅ​បន្ទប់​ឃុំឃាំង​។ ភ្លាមៗ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះទៅ​ភ្លាម​បង្ក្រាប​អ្នកទោស​​២៦​នាក់ ដែល​ចេញពី​បន្ទប់​ឃុំឃាំង ដោយ​ស្ថិតក្នុង​បរិវេណ​ពន្ធនាគារ​»​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់ លោក ពិន សុ​វណ្ឌី ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ អ្នកទោស​ជាង​៤៦​នេះ គឺជា​អ្នកទោស​ចូល​ថ្មី​ ដែល​ត្រូវដាក់​ឱ្យនៅ​ដោយឡែក​១៤​ថ្ងៃ ដើម្បី​តាមដាន ​និង​ទប់ស្កាត់ ​COVID-19 ហើយ​ក្នុងចំណោម​នោះ ក៏មាន​អ្នកទោស​ដែល​ធ្លាប់មាន​ប្រវត្តិ​ជាប់ពន្ធនាគារ​ផងដែរ​។ 
 
​ស្រាប់តែ​ដល់​ថ្ងៃទី​១៩ មេសា មាន​អ្នកទោស​១​នាក់ ធ្វើ​ពុត​ជា​ឈឺ ហើយ​ស្រែក​ខ្លាំងៗ ទើប​លោក​បាន​បញ្ជា​មន្ត្រី​៤​នាក់ បើកទ្វារ​ដើម្បី​ពិនិត្យ​សុខភាព ក៏ត្រូវ​អ្នកទោស​វាយ​តែម្ដង​។ ម​ន្រី្ត​ទាំង​៤​នាក់ មាន​របួសធ្ងន់​១​នាក់ និង​៣​នាក់​ទៀតរបួស​​ស្រាល​។ 
 
​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​របាយការណ៍ ​និង​រៀបចំ​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ លើ​អ្នកទោស​ជាង​៤០​នេះ។ នេះ​បើតាម​លោក ពិន សុ​វណ្ឌី ៕

Tag:
 អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com