COVID-19
អន្តរជាតិ
តួ​ក​គី ក្លាយជា​ប្រទេស​មាន​ករណី COVID-19 ច្រើន​បន្ទាប់ពី​អាមេរិក និង​អឺរ៉ុប​
20, Apr 2020 , 12:04 pm        
រូបភាព
អ្នកជំនាញ កំពុងបាញ់ថ្នាំសម្រាប់មេរោគ និងវីរុស។ រូបភាព៖ Reuters
អ្នកជំនាញ កំពុងបាញ់ថ្នាំសម្រាប់មេរោគ និងវីរុស។ រូបភាព៖ Reuters
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមេសា តួ​ក​គី ក្លាយជា​ប្រទេស​មាន​ករណី COVID-19 ច្រើនជាងគេ​នៅក្រៅ​ទ្វីបអឺរ៉ុប និង​អាមេរិក ក្រោយ​រកឃើញ​ករណី​ឆ្លង​ថ្មី​កាន់តែច្រើន​។​


 
​បើតាម​តួលេខ​របស់​វេ​ប​សាយ​Worldometer តួ​ក​គី មាន​ករណី COVID-19 សរុប​ចំនួន ៨៦៣០៦​ករណី​។ ក្នុងនោះ​អ្នកស្លាប់ មាន​ចំនួន ២០១៧ ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១១៩៧៩​ករណី​។ តួលេខ​ដ៏​ច្រើន​នេះ នាំ​ឲ្យ​តួ​ក​គី​ក្លាយជា​ប្រទេស​មាន​ករណី COVID-19 ច្រើន បន្ទាប់ពី​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន​ដូចជា អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ តួ​ក​គី បាន​រកឃើញ COVID-19 ច្រើន​លើសពី ៣​ពាន់​ករណី​ក្នុង​មួយថ្ងៃ ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​៤ ខែមេសា​មក​ម្លេះ ហើយ​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ដែក​តួ​ក​គី​រកឃើញ​ខ្ពស់​ជាងគេ មាន​ចំនួន​ជាង ៥​ពាន់​ករណី នៅ​ថ្ងៃទី​១១ ខែមេសា​។ 
 
​កន្លងមក តួ​ក​គី បាន​ចាត់វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ក្នុងនោះ​ដូចជា ការ​រឹតត្បិត​ការធ្វើដំណើរ​ក្នុង​ម៉ោង​កំណត់ ហាមឃាត់​ប្រជាជន​ឆ្លងកាត់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយទៀត ហាម​មិន​ឲ្យ​រថយន្ត​ចូល​ទីក្រុង បិទ​ជើងហោះហើរ​អន្តរជាតិ បិទ​សាលារៀន បិទ​ព្រះវិហារ​មួយរយៈ និង​វិធានការ​ផ្សេងទៀត​ជាដើម​៕ 

Tag:
 ​តួ​ក​គី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com