COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ក្លិប Wuhan Zall អាច​ទៅ​វូ​ហាន​វិញ​ក្រោយ​បែក​ពី​ផ្ទះ​៣​ខែ ដោយសារ COVID-19
20, Apr 2020 , 2:05 pm        
រូបភាព
​កីឡាករ​បាល់ទាត់​រប​ស់​ក្រុម Wuhan Zall នៃ​លី​គ​កំពូល​ចិន (Chinese Super League) អាច​វិលត្រឡប់​ចូល​ក្រុង​វូ​ហាន​វិញ​ហើយ​បន្ទាប់ពី​អាក់ខាន​ចូល​ស្រុក​រយៈពេល​ជាង ៣​ខែ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត COVID-19​។ វូ​ហាន បានប្រកាស​ឲ្យ​បើក​ក្រុង​ឡើងវិញ នៅ​ដើមខែ​មេសា ក្រោយ​ជំងឺឆ្លង​សកល​នេះ បាន​ធូរស្បើយ​។​



​ក្រុម Wuhan Zall បាន​ស្នាក់នៅ​ជំរំហ្វឹកហាត់​នៅឯ​ប្រទេស​អេ​ស្ប៉ា​ញ​តាំងពី​ខែមករា​ម្លេះ អំឡុងពេល​ជំងឺឆ្លង COVID-19 បាន​កើនឡើង​កាន់តែខ្លាំង​ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន​។ វូ​ហាន​ជា​តំបន់​ដែលមាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដំបូង​គេ និង​ជា​ក្រុង​ដែល​ត្រូវ​ប្រកាស​ឲ្យ​បិទ​មុនគេ​ផងដែរ​ក្នុងប្រទេស​ចិន​។​
  
​ក្រោយ​ចាក​ចេញពី​អេ​ស្ប៉ា​ញ​ដោយ​ជិះ​យន្តហោះ​តាម​អាល្លឺម៉ង់ ក្រុម​កីឡាករ​ទាំងនេះ បាន​ត្រឡប់​ទៅដល់​ក្រុង Shenzhen ប្រទេស​ចិន តាំងពី​ថ្ងៃទី​១៦ ខែមីនា ដោយ​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​ចំនួន​៣​សប្តាហ៍​បន្ទាប់​ទៀត​មុន​អនុ​ញ្ញា​ឲ្យ​ចូល​ទឹកដី​វូ​ហាន​។​ ​ត្រឡប់​ទៅដល់​ក្រុង​វូ​ហាន​តាមរយៈ​រថភ្លើង​នៅ​ថ្ងៃទី​១៨ ខែមេសា ក្រុម​កីឡាករ​របស់ Wuhan Zall ដែល​បែកក្រុម​គ្រួសារ​អស់​រយៈពេល​១០៤​ថ្ងៃ បានទទួល​ការស្វាគមន៍​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ​នៅ​ស្ថា​នី​រថភ្លើង​យ៉ាងច្រើន​ផងដែរ​។​
 
«​បន្ទាប់ពី​វិលវល់​នៅក្រៅ​ប្រទេស​អស់​រយៈពេល​ជាង ៣ ខែ​មក សមាជិក​ក្រុម Wuhan Zall ដែល​បែក​ស្រុក នឹក​ផ្ទះ​បាន​វិលត្រឡប់​ទៅដល់​ស្រុកកំណើត​វិញ​ហើយ​។ កីឡាករ​ក្រុម Wuhan Zall បាន​សរសេរ​លើ​បណ្តាញ​សង្គម Weibo ដូច្នេះ​ក្រោយ​បាន​ជួបជុំ​គ្រួ​សារ​របស់​ពួកគេ​ជាថ្មី​។​
  
​ក្លិប​កីឡាបាល់ទាត់​នៃ​លី​គ​កំពូល​ចិន ដែលមាន​លោក Jose Gonzalez ជនជាតិ​អេ​ស្ប៉ា​ញ​ជា​គ្រូបង្វឹក​នោះ បានអនុញ្ញាត​ឲ្យ​កីឡាករ​របស់ខ្លួន​ចំណាយពេល​ជាមួយ​ក្រុមគ្រួសារ​ពួកគេ​មួយរយៈ​សិន​មុនពេល​ចាប់ផ្តើម​ហ្វឹកហាត់​សារជាថ្មី​។​
 
​ចិន មាន​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ជាង​៤៦០០​នាក់ គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា​នេះ​។ អ្នក​ឆ្លង​មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​ជាសះស្បើយ​ជាង​៧៧​ពាន់​ករណី​។ ចិន​បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​លើ​លោក​ទៅ​លេខ​៨​វិញ ខណៈ​អាមេរិក​ឡើងទៅ​ឈរ​កំពូល​តារាង​៕

Tag:
 Wuhan Zall
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com