COVID-19
អន្តរជាតិ
ថ្ងៃនេះ សិង្ហ​បុរី ប្រកាស​ករណី​ឆ្លង COVID-19 ថ្មី​ដល់​ទៅ​១៤២៦​នាក់
20, Apr 2020 , 2:51 pm        
រូបភាព
​សិង្ហ​បុរី នៅ​ថ្ងៃទី​២០ ខែមេសា បាន​រាយការណ៍​ពី​ករណី​ឆ្លង​ប្រចាំថ្ងៃ​ចំនួន​១៤២៦​នាក់ ដែលជា​តួលេខ​ឆ្លង​ខ្ពស់បំផុត​ក្នុងប្រទេស​។ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បញ្ជាក់ថា ករណី​ឆ្លង​ភាគច្រើន គឺ​រកឃើញ​ក្នុងចំណោម​ពលករ​បរទេស​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​តូចចង្អៀត​។​

 
​ក្នុងចំណោម​ករណី​ឆ្លង​ទាំង​១៤២៦​នាក់ ករណី​ចំនួន​១៦ គឺជា​ពលរដ្ឋ​សិង្ហ​បុរី ឬ​ប្រជាជន​អចិន្ត្រៃយ៍​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​សុខាភិបាល​សិង្ហ​បុរី​នៅ​ថ្ងៃទី​២០ ខែមេសា ដែល​បន្ថែមថា ករណី​ឆ្លង​ទូទាំងប្រទេស​កើន​ដល់​៨០១៤​នាក់​។​
 
​ការ​ហក់​ឡើង​ខ្ពស់​បែបនេះ ជា​រឿង​ដែល​អាជ្ញាធរ​រំពឹងទុក ស្រប​ពេលដែល​ការធ្វើ​តេស្ត​ក្នុងចំណោម​ពលករ​បរទេស​ត្រូវបាន​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ​។ ការឆ្លង​ក្នុងចំណោម​ពលករ​បរទេស​ទាំងនេះ មាន​ចំណែក​ប្រមាណ​៦០​ភាគរយ​នៃ​ករណី​ឆ្លង​ទូទាំងប្រទេស​។​
 
​អន្តេវាសិកដ្ឋាន​ចំនួន​១៨ នៅ​ទូទាំង​សិង្ហ​បុរី​ដែល​រស់នៅ​ដោយ​ពលករ​មកពី​អាស៊ី​ខាងត្បូង ត្រូវបាន​កំណត់​ជា​តំបន់​នៅ​ដោយឡែក​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​បន្ថែមទៀត​។ បន្ថែម​ពី​នោះ ពលករ​ដែល​កាន់​លិខិត​ការងារ ត្រូវ​នៅក្នុង​ផ្ទះ​ដាច់​ពី​គេ​មួយរយៈ ខណៈ​អ្នក​ដែលមាន​សុខភាព​ល្អជា​ច្រើន​នាក់​ទៀត ត្រូវ​យកទៅដាក់​នៅ​កន្លែង​ផ្សេង ដើម្បី​ការពារ​ចង្វាក់​ការងារ​។ ខណៈ​ការធ្វើ​តេស្ត​នៅតែ​បន្ត ករណី​ឆ្លង​ច្រើន​ប្រចាំថ្ងៃ នឹង​នៅតែមាន​ដូចគ្នា​។​
 
​អ្វី​ដែលជា​រឿង​ធូរទ្រូង​សម្រាប់​រដ្ឋាភិបាល​នោះ ករណី​ឆ្លង​ក្នុងចំណោម​ប្រជាជន​សិង្ហ​បុរី នៅមានកម្រិត​ទាប ក្រោយ​ការអនុវត្ត​វិធាន​ការមិន​ចេញពីផ្ទះ​ដ៏​តឹងរ៉ឹង​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com