COVID-19
អន្តរជាតិ
សង្គ្រាម និង​ជំងឺ​កូ​វី​ឌ ១៩ ប៉ះពាល់​ដល់​មនុ​ស្សរាប់​លាន​នាក់​នៅ​តំបន់​ខាងលិច​និង​កណ្តាល​នៃ​ទ្វីបអាហ្វ្រិក​
20, Apr 2020 , 7:59 pm        
រូបភាព
បុគ្គលិក​ពេទ្យ​​ម្នាក់​ក្នុ​ង​​ឯកសណ្ឋាន​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុសកូរ៉ូណា យក​សំណាក​ពី​​អ្នក​ស្រុក​ម្នាក់​​ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ក្រុង Umlazi ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២០។
បុគ្គលិក​ពេទ្យ​​ម្នាក់​ក្នុ​ង​​ឯកសណ្ឋាន​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុសកូរ៉ូណា យក​សំណាក​ពី​​អ្នក​ស្រុក​ម្នាក់​​ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ក្រុង Umlazi ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២០។
ដោយ: VOA
​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ៖ ផ្នែក​ខាងលិច​និង​កណ្តាល​នៃ​ទ្វីបអាហ្វ្រិក​គឺជា​តំបន់​ដែលមាន​មនុស្ស​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ច្រើន​បំផុត​មួយ​នៅ​ទ្វីបអាហ្វ្រិក​។ មនុស្ស​ជាង ៩ លាន​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅដ្ឋាន​ដោយសារ​សង្គ្រាម​និង​បញ្ហា​អាកាសធាតុ​មិនល្អ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​

 
​ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UNHCR បាន​ព្រមាន​ថា ការឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នឹង​ធ្វើឱ្យ​អាក្រក់​ថែមទៀត​ដល់​វិបត្តិ​មនុស្ស​ធ៌​ម​ដែល​ធ្ងន់ធ្ងរ​ស្រាប់​នៅក្នុង​តំបន់​នោះ​។ កន្លងមក មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ឌ ១៩ ជាង ៥ ពាន់​នាក់ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ជាង ១០០ នាក់​ផងដែរ ត្រូវបាន​រាយការណ៍​ពី​ប្រទេស​ចំនួន ២១ នៅ​ទ្វីបអាហ្វ្រិក ដល់​អង្គការ​សុខភាព​ពិភពលោក​។​
 
​លោក Babar Baloch អ្នកនាំពាក្យ​នៃ​អង្គការ UNHCR និយាយថា ករណី​ឆ្លង​ជំងឺ​កូ​វី​ឌ ១៩ នេះ និង​អ្នកស្លាប់​ទាំងអស់​កើតឡើង​ក្នុងចំណោម​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នានា​ដែល​បានទទួល​ក្រុមមនុស្ស​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ឱ្យ​រស់នៅ​។ ក៏ប៉ុន្តែ​លោក​ព្រមាន​ថា ករណីនេះ​អាច​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​វីរុស​នេះ​មិន​រើសអើង​មនុស្ស​នោះទេ​។​
 
​លោក​បាន​និយាយប្រាប់​វី​អូ​អេ​ថា ទីភ្នាក់ងារ​ផ្តល់ជំនួយ​នានា​ព្រួយបារម្ភ​ថា ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​ប្រល័យ​នេះ​អាច​រាតត្បាត​ខ្លាំង ប្រសិនបើ​គ្មាន​វិធានការ​ប្រុងប្រៀប​និង​បញ្ចៀស​វា​នោះទេ​។​
 
​លោក Baloch និយាយ​ដូច្នេះ​ថា​៖ «​នៅពេលដែល​អំពើហិង្សា​មាន​ជា​បន្ត នៅពេលដែល​ការ​ភៀសខ្លួន​ពី​ផ្ទះសំបែង​មាន​ជា​បន្ត នៅពេលដែល​មនុស្ស​ត្រូវ​បាន​បង្ខំ​ឱ្យ​រស់នៅក្នុង​កន្លែង​ដែលមាន​មនុស្ស​រស់នៅ​ណែនណាន់តាន់តាប់ ដោយ​គ្មាន​ទឹក​និង​អនាម័យ សេដ្ឋកិច្ច​ក៏មាន​ផលប៉ះពាល់ ហើយ​ការណ៍​នេះ​អាច​បង្ក​ជា​បញ្ហា​ដ៏​ប្រល័យ​រួច​ជាមួយនឹង​ជំងឺ​កូ​វី​ឌ ១៩»​។​
 
​លោក Baloch និយាយថា អង្គការ UNHCR កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ទូទាំង​តំបន់​ខាងលិច​និង​តំបន់​កណ្តាល​នៃ​ទ្វីបអាហ្វ្រិក ដើម្បី​ការពារ​ជនភៀសខ្លួន និង​អ្នក​ភៀសខ្លួន​ពី​ផ្ទះសំបែង​នៅក្នុង​ប្រទេស​ដែល​ងាយ​រងគ្រោះ​។ ក៏ប៉ុន្តែ ការអនុវត្តន៍​វិធានការ​បញ្ចៀស​កុំឱ្យ​មាន​មហន្តរាយ​នេះ​កើតឡើង​គឺជា​ការ​ប្រជែង​នឹង​ពេលវេលា​។​
 
​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ធនធាន និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​គឺ​ត្រូវការ​ជា​ចាំបាច់​។ ដោយសារតែ​ហេតុនេះហើយ​បានជា​យើង​អំពាវនាវ​កុំឱ្យ​មានការ​ទុកចោល​មនុស្ស​ក្រុម​ណាមួយ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វី​ឌ ១៩ នេះ ពីព្រោះថា ការ​ទុកចោល​ក្រុម​ណាមួយ​អាច​នាំឱ្យមាន​ផលវិបាក​ដ៏​ប្រល័យ​ដល់​យើង​គ្រប់គ្នា​»​។​
 
​លោក Baloch បញ្ជាក់ថា ប្រតិបត្តិការ​ផ្តល់ជំនួយ​ក្នុង​តំបន់​នោះ​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​។ លោក​បាន​បន្តថា សង្គ្រាម​នៅក្នុង​តំបន់ Sahel ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក បង្កើតឱ្យមាន​អស្ថិរភាព និង​នាំឱ្យមាន​ការបង្អាក់​ដល់​ដំណើរ​ការជួយ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​។​
 
​លោក Baloch បាន​បន្ថែមថា ការដាក់កំហិត​ការធ្វើដំណើរ​អន្តរជាតិ​តាំងពី​ការបិទ​ព្រំដែន​ទាំងស្រុង រហូតដល់​ការបិទ​ព្រំដែន​មួយផ្នែក និង​ការ​រឹតត្បិត​ផ្សេងទៀត​ទាក់ទិន​នឹង​ជំងឺ​កូ​វី​ឌ ១៩ ក៏បាន​បង្អាក់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​មនុស្សធម៌​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com