COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Son ខ្សែប្រយុទ្ធ Spurs ចាប់ផ្ដើម​បំពេញ​កាតព្វកិច្ច​យោធា​នៅ​កូរ៉េខាងត្បូង​
20, Apr 2020 , 10:59 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម Tottenham Hotspur បាន​ទៅដល់​បន្ទាយ​ទាហាន​នៅឯ​ប្រទេស​កូរ៉េខាងត្បូង​ហើយ ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​នៅ​សប្តាហ៍​នេះ​។​


 
​ស្របពេល​ក្របខណ្ឌ Premier League ផ្អាក​ការប្រកួត​ដោយសារ​ជំងឺ​រាតត្បាត COVID-19 កីឡាករ​កូរ៉េខាងត្បូង Son Heung-min បាន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​កាលពី​ចុងខែ​មីនា ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ច​យោធា​នៅ​ចុងខែ​មេសា​នេះ​។​
 
​ក្លិប Spurs បានចេញ​សេចក្តីប្រកាស​មួយ​ថា Son Heung-Min នឹង​ចាប់ផ្តើម​បំពេញ​កាតព្វកិច្ច​យោធា​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ខែ​នេះ​តទៅ ក្នុងនោះដែរ​បុគ្គលិក​ពេទ្យ​របស់​ក្លិប​នៅតែមាន​ទំនាក់ទំនង​ជាប្រចាំ​រហូត​ដល់​រូបគេ​ជាសះស្បើយ​ពីរ​បួស​បាក់ដៃ​ឡើងវិញ​។ Son បាន​រងរបួស​នេះ ក្នុងជំនួប​ដែល Spurs ទទួល​ជ័យជម្នះ ៣-២ លើ​ក្រុម Aston Villa កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ​។​
 
​តាមពិតទៅ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អាស៊ី វ័យ ២៧ ឆ្នាំ​រូបនេះ ត្រូវ​ជាប់​កាតព្វកិច្ច​យោធា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងទៅ​ក្នុង​រយៈពេល​២១​ខែ​ឯណោះ ប៉ុន្តែ​រូបគេ​បានគេច​ផុត​ការងារ​ដែលជា​ច្បាប់​ប្រទេស​កូរ៉េខាងត្បូង​នេះ​វិញ បន្ទាប់ពី​ជួយ​ជម្រើសជាតិ​ឈ្នះ​មេដាយមាស​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ ២០១៨​។​


 
Son នឹងចូលរួម​វគ្គ​បណ្តុះបណ្តាល​យោធា​រយៈពេល​៣​សប្តាហ៍ ខណៈ​រូបគេ​បាន​ទៅដល់​កោះ Jeju ភាគខាងត្បូង​ប្រទេស​ហើយ ដែលជា​ទីតាំង​ត្រូវបំពេញ​កាតព្វកិច្ច​នេះ​។ ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វី​អាស៊ី​រូបនេះ ត្រូវបាន​គេ​ឃើញ​ឈរ​នៅ​ជាមួយ​ទាហាន​ជាច្រើន​នៅជាប់​នឹង​រថយន្ដយោធា និង​កំពុង​ពិភាក្សា​ជ​ជាមួយ​មេទាហាន​ម្នាក់​ផង​។​
 
​បើតាម​ការផ្សាយ​របស់​កាសែត Mirror របស់​អង់គ្លេស Son ដែល​ពាក់មួក​ខ្មៅ និង​ម៉ាស​ការពារ​ដើម្បី​ការពារ​ជំងឺឆ្លង COVID-19 នឹងចូលរួម​ជាមួយ​ក​ង​ពល​តូច​លេខ ៩ នៃ​កង​ម៉ា​រី​ន​រហូតដល់​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២០​។ ដោយឡែក បើតាម​ការប្រកាស​រប​ស់​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស Son នឹង​វិលត្រឡប់​ទៅ​ទីក្រុង​ឡុង​ដ៍​វិញ​បន្ទាប់ពី​បញ្ចប់​កាតព្វកិច្ច​យោធា​របស់ខ្លួន​នេះ​នៅក្នុង​ខែឧសភា​ដដែល​៕

Tag:
 Tottenham Hotspur
  Son Heung-min
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com