ក្រសួង បង្កើតកម្មវិធីសិក្សាលើទូរទស្សន៍៥៧ប៉ុស្តិ៍
COVID-19
ជាតិ
សង្គមជាតិ
ក្រសួង បង្កើតកម្មវិធីសិក្សាលើទូរទស្សន៍៥៧ប៉ុស្តិ៍
20, Apr 2020 , 6:20 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ
រូបពីហ្វេសប៊ុករបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ
ភ្នំពេញ៖ បន្ថែមពីលើការបង្កើតកម្មវិធីសិក្សាតាមអនឡាញ ដែលកំពុងដំណើរការ ក្រសួងអប់រំ បានបង្កើតកម្មវិធីសិក្សាតាមទូរទស្សន៍ដល់ទៅ៥៧ប៉ុស្តិ៍ទៀត ដើម្បីសិស្សានុសិស្ស អាចស្វ័យសិក្សា ក្នុងអំឡុងជំងឺកូវីដ-១៩ កំពុងរាតត្បាត។



ក្រសួងអប់រំ យុវជន និង កីឡា បានសហការជាមួយក្រសួងព័ត៌មាន បង្កើតកម្មវិធីសិក្សា ដែលចាក់ផ្សាយនៅលើទូរទស្សន៍ជាតិកម្ពុជាទី២ (ទទកទី២) ទូរទស្សន៍ផ្កាយរណប  Decho TV ប៉ុស្តិ៍លេខ២២  និង ទូរទស្សន៍ខ្សែកាបដល់ទៅ៥៥ប៉ុស្តិ៍ទៀត ដើម្បីឲ្យសិស្សានុសិស្ស ជាពិសេសសំដៅលើការជួយសិស្សានុសិស្ស នៅតាមទីជនបទនិងដាច់ស្រយាល ដែលមិនមានទូរស័ព្ទ ឬពិបាកប្រើអ៊ីនធឺណិត សម្រាប់សិក្សាតាមអនឡាញ ឲ្យអាចសិក្សាដោយខ្លួនតាមប៉ុស្តិ៍ទាំងនេះ ក្នុងអំឡុងបិទសាលា ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ក្រសួងអប់រំ ចាប់ផ្តើមចាក់ផ្សាយកម្មវិធីនេះ ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០តទៅ។

ក្រសួងអប់រំ បញ្ជាក់ថា សិស្សានុសិស្សគ្រប់កម្រិត នៅទូទាំងប្រទេស (លើកលែងនិស្សិតមហាវិទ្យាល័យ) អាចសិក្សាតាមទូរទស្សន៍ទទកទី២ ទូរទស្សន៍ផ្កាយរណប Decho TV ប៉ុស្តិ៍លេខ២២ ដែលទើបបង្កើតថ្មី និង ទូរទស្សន៍ខ្សែកាប៥៥ប៉ុស្តិ៍ ដែលមានស្រាប់។ ទូរទស្សន៍ទាំងអស់នេះ នឹងចាក់ផ្សាយកម្មវិធីសិក្សា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២យប់ជារៀងរាល់ថ្ងៃ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ក្រសួងអប់រំ ជំរុញឲ្យសិស្សដែលមិនមានលទ្ធភាពរៀនតាមទូរសព្ទដៃ និងទូរទស្សន៍ សិក្សាលើកម្មវិធីរៀនរបស់ក្រសូងជាមួយអ្នកមានទូរសព្ទដៃ និងទូរទស្សន៍។ លោក ថ្លែងថា៖«គ្រួសារណាដែលមិនមានទូរទស្សន៍ ក្រសួងអប់រំលើកទឹកចិត្តឲ្យមើលទូរទស្សន៍ជាមួយនឹងអ្នកជិតខាង តិចជាង១០នាក់ហើយអនុវត្តក្បូនវេជ្ជសាស្រ្ត និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទស្សនាកម្មវិធីសិក្សារបស់ទូរទស្សន៍ទទក២»។

លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) យល់ឃើញថា ដើម្បីជំរុញឲ្យសិស្សទាំងអស់ បានសិក្សាគ្រប់កម្មវិធីរបស់ក្រសួង គឺគ្រូបង្រៀនតាមសាលានីមួយៗ ត្រូវជួយផ្សព្វផ្សាបន្ថែមកម្មវិធីសិក្សា និងរក្សាទំនាក់ទំនងជាមួយអាណាព្យាបាល ហើយលើកទឹកចិត្តឲ្យអាណាព្យាបាល ឲ្យទូន្មានកូន ឲ្យខិតខំសិក្សា។ លោក  បានមានប្រសាសន៍ថា៖«សិស្ស នៅទីប្រជុំជន និងដាច់ស្រយាល អ៊ីចឹង មានតែគ្រូទេ ដែលជួយផ្តល់ព័ត៌មានទៅសិស្ស ឲ្យរៀនម៉ោងនេះ ទូរទស្សន៍នេះ ហើយឪពុកម្តាយ ក៏ត្រូវមានតួនាទីជួយរំលឹកម៉ោងរៀនរបស់កូនផងដែរ»។ 

លើសពីនេះ លោក សន ជ័យ ចង់ឲ្យក្រសួងអប់រំ មានប្រព័ន្ធវាយតម្លៃ និងតាមដានការសិក្សារបស់សិស្សនីមួយៗ ដើម្បីអាចដឹងថា តើសិស្សប៉ុន្មានភាគរយ រៀនតាមអនឡាញ និងសិស្សប៉ុន្មានភាគរយ រៀនតាមទូរទស្សន៍ ហើយពួកគាត់ អាចទទួលបានចំណេះដឹងប៉ុនណា ដើម្បីឲ្យដឹងពីប្រសិទ្ធភាពរៀនតាមអនឡាញ និងតាមទូរទស្សន៍ បាននៅក្នុងកម្រិតណា។

កាលវិភាគសិក្សា​ដែល​ត្រូវ​ចាក់ផ្សាយនៅតាម​ទូរទស្សន៍



សិស្សានុសិស្ស អាចសិក្សាឡើងវិញ ចាប់ពីម៉ោង១២យប់ ដល់ម៉ោង៨ព្រឹកផងដែរ។ សម្រាប់សិស្សថា្នក់ទី៩ និងទី១២ អាចសិក្សារយៈពេល៣ម៉ោងក្នុងមួយថ្ងៃ។ នៅរាជធានីភ្នំពេញ ចាក់ផ្សាយតាមទូរទស្សន៍ខ្សែកាប PPCTV និង ទូរទស្សន៍ខ្សែកាប CCTV, ខេត្តកំពង់ចាម តាមទូរទស្សន៍ខ្សែកាប CAM.TV/Digtal  និង ទូរទស្សន៍ខ្សែកាប CAM.TV/Analog, ខេត្តកណ្តាល តាមទូរទស្សន៍ខ្សែកាប PPCTV, ខេត្តត្បូងឃ្មុំតាមទូរទស្សន៍ខ្សែកាបក្រុងសួង និងទូរទស្សន៍ខ្សែកាប អមធីវី, ខេត្តកំពង់ធំ តាមទូរទស្សន៍ខ្សែកាបស្ទឹងសែន ទូរទស្សន៍ខ្សែកាបអង្គរ និង ទូរទស្សន៍ខ្សែកាបស្រុកស្ទោង, ខេត្តព្រះវិហារ តាមទូរទស្សន៍ខ្សែកាបសួសបញ្ញា, ខេត្តពោធិ៍សាត់ តាមទូរទស្សន៍ខ្សែកាបពោធិ៍សាត់ ទូរទស្សន៍ខ្សែកាបស្រុកកណ្តៀង និង ទូរទស្សន៍ខ្សែកាបក្រវ៉ាញ, ខេត្តកំពង់ឆ្នាំង តាមទូរទស្សន៍ខ្សែកាបខេស៊ី, ខេត្តរតនគិរី តាមទូរទស្សន៍ខ្សែកាបរតនគិរី។

នៅខេត្តកែប ចាក់ផ្សាយតាមទូរទស្សន៍ខ្សែកាប Power Supply, ខេត្តបាត់ដំបង តាមទូរទស្សន៍ខ្សែកាបហង្សមាសបាត់ដំបង ទូរទស្សន៍ខ្សែកាប CAM.TV/Digtal ទូរទស្សន៍ខ្សែកាបCAM.TV/Analog និង ទូរទស្សន៍ខ្សែកាបស្រុកសំពៅលូន, ខេត្តព្រៃវែង តាមទូរទស្សន៍ខ្សែកាបព្រៃវែង, ខេត្តព្រះសីហនុ តាមទូរទស្សន៍ខ្សែកាបពន្លឺថ្មី, ទូរទស្សន៍ខ្សែកាបព្រៃនប់ ខេមរា ទូរទស្សន៍ខ្សែកាបពន្លឺផ្កាយ និង ទូរទស្សន៍ខ្សែកាបខេមកូម, ខេត្តកំពង់ស្ពឺ តាមទូរទស្សន៍ខ្សែកាបក្រុងច្បារមន ហេង សង្ហា ទូរទស្សន៍ក្រុងច្បារមន ឱ មករា និង ទូរទស្សន៍ខ្សែកាបថ្នល់ទទឹង, ខេត្តសៀមរាប តាមទូរទស្សន៍ខ្សែកាបអង្គរ ទូរទស្សន៍ខ្សែកាបក្រុងសៀមរាប ទូរទស្សន៍ខ្សែកាបស្រុកក្រឡាញ់ ទូរទស្សន៍ខ្សែកាបស្រុកសូត្រនិគម និង ទូរទស្សន៍ខ្សែកាបស្រុកជីក្រែង, ខេត្តក្រចេះ តាមទូរទស្សន៍ខ្សែកាបក្រុងក្រចេះ ហេង ហេង ទូរទស្សន៍ខ្សែកាបលាង ស្រីមុំ  និង ទូរទស្សន៍ខ្សែកាបស្រុកស្នូល, ខេត្តកោះកុង តាមទូរទស្សន៍ខ្សែកាបខេមរភូមិន្ទកោះកុង។

ខេត្តឧត្តរមានជ័យ ចាប់ផ្សាយតាមទូរទស្សន៍ខ្សែកាបប្រជាពលរដ្ឋមើលតាមតេជោ DTV, ខេត្តមណ្ឌលគីរី តាមទូរទស្សន៍ខ្សែកាបក្រុងសែនមនោរម្យ, ខេត្តប៉ៃលិន តាមទូរទស្សន៍ខ្សែកាបប៉ៃលិន និង ទូរទស្សន៍ខ្សែកាបព្រំ, ខេត្តបន្ទាយមានជ័យ តាមទូរទស្សន៍ខ្សែកាបក្រុងសិរីសោភណ្ឌ ទូរទស្សន៍ខ្សែកាបក្រុងប៉ោយប៉ែត ទូរទស្សន៍ខ្សែកាបស្រុកមង្គលបុរី និងទូរទស្សន៍ខ្សែកាបទីរួមស្រុកអូរជ្រៅ, ខេត្តស្វាយរៀង តាមទូរទស្សន៍ខ្សែកាបក្រុងស្វាយរៀង និង ទូរទស្សន៍ខ្សែកាបកងបាវិត, ខេត្តស្ទឹងត្រែង តាមទូរទស្សន៍ខ្សែកាបស្ទឹងត្រែង, ខេត្តតាកែវ តាមទូរទស្សន៍ខ្សែកាបក្រុងដូនកែវ ទូរទស្សន៍ខ្សែកាបស្រុកអង្គតាសោម ទូរទស្សន៍ខ្សែកាបត្រាំខ្នារ ទូរទស្សន៍ខ្សែកាបស្រុកបាទី និង ទូរទស្សន៍ខ្សែកាបព្រះបាទជាន់ជុំ គីរីវង់, ខេត្តកំពត តាមទូរទស្សន៍ខ្សែកាបតារាវីដេអូខេត្តកំពត។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បានចងក្រងកម្មវិធីសិក្សាតាមទូរទស្សន៍ខ្សែកាបទាំងអស់ ដាក់ចូលនៅក្នុង App របស់ក្រសួងព័ត៌មាន។  

សូមបញ្ជាក់ថា កម្មវិធីសិក្សាតាមទូរទស្សន៍ទាំងអស់នេះ គឺជាកម្មវីធីសិក្សាបន្ថែមទៅលើកម្មវីធី E-School Cambodia, E-Learning School, BEEP និង ទូរទស្សន៍ Wiki TV ដែលមានស្រាប់ កំពុងតែចាក់ផ្សាយនៅតាមទំព័រហ្វេសប៊ុក និងតាមយូធូប របស់ក្រសួងអប់រំ។

ទោះបីបង្កើតកម្មវីធីសិក្សាតាមអេឡិចត្រូនិក ដែលអាចសិក្សាបានគ្រប់ទីកន្លែងក្តី ប៉ុន្តែក្រសួងបានពន្យារពេលប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២០ លើសិស្សដែលសិក្សានៅតាមសាលារដ្ឋ។ ចំណែកនៅតាមសាលារៀនឯកជន ក្រសួង ណែនាំឲ្យរៀបចំប្រឡងតាមប្រព័ន្ធអេឡិចត្រូនិក ដោយក្រសួង នឹងកំណត់កាលបរិច្ឆេទប្រឡងនៅពេលក្រោយ៕

អត្ថបទទាក់ទង
  

Tag:
 COVID-19
  កម្មវិធីសិក្សាតាមទូរទស្សន៍
© រក្សាសិទ្ធិដោយ thmeythmey.com