ឥណ្ឌូណេស៊ី និង​ដៃគូ​ផ្សេងទៀត ប្រកាស​បន្ត​ជ្រោមជ្រែង WHO ក្រោយ​អាមេរិក​ប្រកាស​ឈប់​ផ្តល់ជំនួយ
COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី និង​ដៃគូ​ផ្សេងទៀត ប្រកាស​បន្ត​ជ្រោមជ្រែង WHO ក្រោយ​អាមេរិក​ប្រកាស​ឈប់​ផ្តល់ជំនួយ
21, Apr 2020 , 7:59 am        
រូបភាព
រូបភាពក្រសួងការបរទេសឥណ្ឌូណេស៊ី
រូបភាពក្រសួងការបរទេសឥណ្ឌូណេស៊ី
​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី បានប្រកាស​បន្ត​គាំទ្រ និង​គាំពារ អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​បន្ត​បេសកកម្ម​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​ជាតិ​។ សម្រាប់​ឥណ្ឌូណេស៊ី អំឡុង​ពេលនេះ គឺជា​ពេល​ដ៏​សំខាន់បំផុត សម្រាប់​សហគមន៍​អន្តរជាតិ ក្នុងការ​បង្ហាញ​សាមគ្គីភាព​គ្នា​ប្រយុទ្ធ​ជាមួយនឹង​មេរោគ​រាតត្បាត Covid-19​។​

 
​លោកស្រី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi  នៅ​ថ្ងៃទី​១៧ ខែមេសា​កន្លងទៅ បាន​អះអាងថា ឥណ្ឌូណេស៊ី នឹង​នៅតែ​បន្ត​ជ្រោមជ្រែង​អង្គការ​សុខភាព​ពិភពលោក ខណៈ​អង្គការ​មួយ​នេះ កំពុងតែ​ប្រឈម​នឹង​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារតែ​ភាគី​មួយចំនួន បានប្រកាស​បញ្ឈប់​ផ្តល់​វិភាគទាន​ដើម្បី​ទ្រទ្រង់​អង្គភាព​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Globe ។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី បាន​គូសបញ្ជាក់ថា ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន វា​ជា​រឿង​ចាំបាច់​បំផុត ដែល​សហគមន៍​អន្តរជាតិ ត្រូវផ្តោត​លើ​ធនធាន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស Covid-19​។ លោកស្រី បន្ថែមថា មិនមែន​មានតែ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​នោះទេ ដែលមាន​ជា​ជំហរ​មុតមាំ​ដើម្បី​បន្ត​គាំទ្រ និង​ជ្រោមជ្រែង​បេសកកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​។ 
 
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​រូបនេះ លើកឡើងថា តាមរយៈ​ជំនួប​ពិភាក្សា​របស់​សម្ព័ន្ធ​ពហុភាគី​និយម លោកស្រី បាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​២៥​ប្រទេស​ផ្សេងទៀត ដើម្បី​ពិភាក្សា​លើ​ការឆ្លើយតប​ជា​សកល​មួយ​ទៅកាន់​វីរុស​រាតត្បាត ដែល​បាន​ឆ្លង​ប្រជាជន​សកល​ចំនួន​២,២ លាន​នាក់ និង​សម្លាប់​មនុស្ស ១៥០ ០០០ ហើយ​នោះ​។​
​តាម​លោកស្រី ប្រទេស​ជាច្រើន ជាពិសេស ឥណ្ឌា អាល្លឺម៉ង់ និង​បារាំង បានបង្ហាញ​ជំហ​ដូចជា​ឥណ្ឌូណេស៊ី​យ៉ាង​ដូច្នេះ​ឯង​។ គួរកត់សម្គាល់​ផង​នោះ ក្រៅពី​ការប្តេជ្ញាចិត្ត​ជ្រៀម​ជ្រែង​អង្គភាព​សុខភាព​ពិភពលោក ប្រទេស​ទាំងនេះ ក៏បាន​ឯកភាពគ្នា​លើ​ការពិភាក្សា​ពី​ការកែទម្រង់​អង្គការ​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​បាន​ពី​ការឆ្លើយតប​នឹង​វិបត្តិ​នាពេល​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​។ 
 
​សេចក្តីប្រកាស​របស់​ឥណ្ឌូណេស៊ី ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក បានប្រកាស​បញ្ឈប់​ផ្តល់​វិភាគទាន​ក្នុងការ​ទ្រទ្រង់​អង្គការ​សុខភាព​ពិភពលោក ស្រប​ពេលដែល អង្គការ​មួយ​នេះ កំពុងតែ​ស្ថិតក្នុង​ពេ​លំបាក​បំផុត​មួយ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ជាមួយនឹង​វីរុស​រាតត្បាត Covid-19៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com