COVID-19
អន្តរជាតិ
វៀតណាម​តវ៉ា ក្រោយ​ចិន​បង្កើត​តំបន់​រដ្ឋបាល​នៅ​សមុទ្រ​ចិន​ខាងត្បូង​
21, Apr 2020 , 8:59 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​វៀតណាម នា​ថ្ងៃទី​១៩ ខែមេសា បានទាមទារ​ឲ្យ​ចិន​លុបចោល​សេចក្តីសម្រេច ដែល​បង្កើត​តំបន់​រដ្ឋបាល​ចំនួន​ពីរ​នៅក្នុង​ដែនទឹក​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ការតវ៉ា​នេះ កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ និង​ទំនាក់ទំនង​រវាង​ប្រទេស​ជិ​ង​ខាង​ទាំងពីរ​កាន់តែ​ល្អក់កករ​ថែមទៀត​។


 
​ក្នុង​កាលៈទេសៈ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) កំពុងតែ​អុកឡុក​ពិភពលោក ចិន បានធ្វើ​សកម្មភាព​របស់ខ្លួន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​យ៉ាងខ្លាំង តួយ៉ាង​ដូចជា ការបាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម ការដេញ​តាម​ទូក​រុករក​ប្រេង​ម៉ាឡេស៊ី និង ចូលទៅក្នុង​ដែនទឹក​ម៉ាឡេស៊ី​ថែមទៀត​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អាមេរិក ទាមទារ​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​បង្កជម្លោះ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ជាបន្ទាន់​។ 
 
​បន្ថែម​ពីលើ​នេះ នា​ថ្ងៃទី​១៨ ខែមេសា ចិន​ថែមទាំង​បាន​បង្កើត​ស្រុក​ចំនួន​ពីរ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។ ស្រុក​មួយ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រជុំ​កោះ Paracel និង​មួយទៀត នៅ​ប្រជុំ​កោះ Spratly​។ បើតាម​ការផ្សព្វផ្សាយ​ទូរទស្សន៍​របស់​ចិន China Global Television Network ស្រុក​ទាំងពីរ​នេះ នឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង Sansha ខេត្ត Hainan​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ វៀតណាម បាន​តវ៉ា​យ៉ាងខ្លាំង​លើ​ការសម្រេចចិត្ត​របស់​ភា​គី​ចិន​បែបនេះ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Le Thi Thu Hang បាន​បញ្ជាក់ថា ការបង្កើត​តំបន់​គ្រប់គ្រង​ដោយ​ទីក្រុង Sansha និង​សកម្មភាព​ពាក់ព័ន្ធ គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ដែន​អធិបតេយ្យ​របស់​វៀតណាម​។ បើតាម​លោក Hang វៀតណាម ទាមទារ​ឲ្យ​ចិន​ចេះ​គោរព​អធិបតេយ្យ​របស់​វៀតណាម និង​លុបចោល​ការសម្រេចចិត្តរ​បស់​ចិន​បែបនេះ​។ 
 
​ការវិវត្ត​ចុងក្រោយ​នេះ នឹងធ្វើ​ឲ្យ​ចិន និង​វៀតណាម កាន់តែ​មាន​ភាព​តានតឹង​មួយកម្រិត​ទៀត ខណៈពេល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កំពុងតែ​ល្អក់កករ​ស្រាប់​។ 
 
​សូមបញ្ជាក់ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​កើតមាន​ជា​យូរ​មកហើយ ដោយ​ភាគី​ជម្លោះ​មួយចំនួន​ដូចជា​ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយ​ណេ បានទាមទារ​ផ្នែក​មួយចំនួន​នៃ​តំបន់​នេះ ជា​ដែនទឹក​របស់ខ្លួន​។ ប៉ុន្តែ​ជម្លោះ​មួយ​នេះ គឺមាន​លក្ខណៈ​ស្មុគស្មាញ ដោយសារ​តំបន់​ដែនទឹក​ខ្លះ គឺ​ទាមទារ​រហូតដល់​ភាគី​ចំនួន ៣ ឯណោះ​។ ការដោះស្រាយ​ជម្លោះ នៅតែ​ជាប់គាំង ខណៈ​ចិន​ចេះតែ​បង្កើន​សកម្មភាព​របស់​ខ្លួន ឯ​ប្រទេស​ឯទៀត ចេះតែ​តវ៉ា​ឥត​ឈប់​៕  

Tag:
 វៀតណាម​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com