COVID-19
អន្តរជាតិ
តម្លៃ​ប្រេង​អាមេរិក​ធ្លាក់​ចុះក្រោម​០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
21, Apr 2020 , 10:03 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ដោយ:
​ការដាំ​ក្បាល​ចុះ​យ៉ាងគំហុក​នៃ​ទីផ្សារ​ប្រេង ពុំទាន់​មាន​បង្ហាញ​សញ្ញា​ថមថយ​បន្តិច​សោះឡើយ ខណៈ​វិបត្តិ​ COVID-19 ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្រូវការ និង​បង្ខំ​ឲ្យ​ផលិតករ​អស់​ទីតាំង​ស្ដុក​ប្រេង​ឆៅ​ដែល​ហួសប្រមាណ​របស់​ពួកគេ​។

 
​ជា​រឿង​ដែល​មិន​នឹកស្មាន​ដល់ តម្លៃ​ប្រេង​អាមេរិក កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា បាន​ធ្លាក់ចុះ​ជាង​៥៥,៩០​ដុល្លារ ឬ​ជាង​៣០០​ភាគរយ មក​តម្លៃ​៣៧,៦៣​ដុល្លារ​ក្រោម​សូន្យ​ (-៣៧,៦៣)ក្នុង​មួយ​បារ៉ែល​។ តម្លៃ​ប្រេង​ថ្ងៃ​ចន្ទ​នេះ គឺជា​តម្លៃ​ទាប​បំផុត​ពុំ​ធ្លាប់មាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរ​ទស្ស​អាមេរិក CNN ។ 
 
​កត្តា​ចម្បង​ពីរ បង្ក​ឲ្យ​តម្លៃ​ប្រេង​អាមេរិក​ដាំ​ក្បាល​ចុះ​យ៉ាងគំហុក​បែបនេះ​។ កត្តា​ទី​១ កិច្ចសន្យា​ខែឧសភា​សម្រាប់ West Texas Intermediate តម្លៃ​ប្រេង​គោល​របស់​អាមេរិក ត្រូវអស់​សុពលភាព​នា​ថ្ងៃទី​២១ ខែមេសា​។ ម្ល៉ោះហើយ ក្រុម​អ្នកវិនិយោគ​ភាគច្រើន កំពុង​សម្លឹងមើល​កិច្ចសន្យា​ខែមិថុនា ដោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំហំ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង និង​បង្ក​ឲ្យ​ការផ្លាស់ប្តូរ​យ៉ាង​លឿន​បែបនេះ​។ អ្នកវិភាគ​ប្រេង​អាមេរិក Giovanni Staunovo ប្រាប់ CNN បែបនេះ​។ 
 
​កិច្ចសន្យា​ខែមិថុនា​សម្រាប់ West Texas Intermediate គឺមាន​តម្លៃ​ប្រមាណ ២២ ដុល្លារ​ក្នុង​មួយ​ប៉ា​រែ​ល ខណៈ​តម្លៃ​ប្រេង​គោល​សាកល ធ្លាក់ចុះ​៨​ភាគរយ កាលពី​ថ្ងៃ​ចន្ទ មក​ត្រឹម ២៥,៨២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​
 
​កត្តា​មួយទៀត គឺពាក់ព័ន្ធ​នឹង​វិបត្តិ COVID-19 ដែល​បច្ចុប្បន្ន​សម្លាប់​ម​នុស្ស​១៧​ម៉ឺន​នាក់ និង​ឆ្លង​ជាង​២,៤​លាន​នាក់​ហើយ​នៅ​ទូទាំង​ពិភពលោក​។ វិបត្តិ​នេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តម្រូវកា​រ​ប្រេង​នៅ​ជុំវិញ​ពិភពលោក ដោយសារតែ​ការដាំ​ក្បាល​នៃ​ការធ្វើ​ចរាចរណ៍​ទាំង​ផ្លូវអាកាស ទឹក គោក ក៏ដូចជា​ផលិតកម្ម​ឧស្សាហកម្ម​ផងដែរ​។ ទាក់ទិន​រឿងនេះ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Oanda លោក Jeffrey Halle បាន​ប្រាប់ CNN ដូច្នេះ​ថា​៖«​គ្មាន​នរណាម្នាក់​ក្នុង​សហរដ្ឋអាមេរិក ចង់បាន​ប្រេង​ក្នុងពេល​ដ៏​ខ្លី​នេះឡើយ​»​។ 
 
​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុស្ស៊ី និង​បណ្ដា​ប្រទេស​ផលិត​ប្រេង​ផ្សេងទៀត បាន​ព្យាយាម​ប្រឹង​ទប់​តម្លៃ​ប្រេង​កុំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំង​ជ្រុល​ហួសហេតុ​ពេក ដោយ​កាលពី​សប្តាហ៍​មុន ពួកគេ​បានសម្រេច​កំណត់​កាត់បន្ថយ​ផលិតកម្ម​ប្រេង​មក​ត្រឹម ៩,៧​លាន​បារ៉ែល​ក្នុង​ថ្ងៃ​សម្រាប់​ខែឧសភា និង​ខែមិថុនា​។ នេះ​ជាការ​កាត់បន្ថយ​ច្រើន​បំផុត​មួយ​ដែល​ពុំ​ធ្លាប់​ធ្វើឡើង​ពីមុន​ឡើយ​។ 
 
​យ៉ាងណាមិញ បញ្ហា​ខ្វះខាត​ទីតាំង​ស្ដុក​ប្រេង​នៅតែ​ជា​ហានិភ័យ​ខ្ពស់​។ ការណ៍​នេះ​អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ប្រេង​ខ្លះ​ក្នុង​សហរដ្ឋអាមេរិក​និង​កាណាដា​ចាប់ផ្ដើម​បង់លុយ​ឲ្យ​អតិថិជន​ពួកគេ​យក​ប្រេង​ឆៅ​យកទៅ​ប្រើប្រាស់​៕ 

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
  ប្រេង​ឆៅ
© រក្សាសិទ្ធិដោយ thmeythmey.com