ជាតិ
សេដ្ឋកិច្ច
ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ប្រឈម​អត់​ការងារ​ធ្វើ​និង​ជំពាក់​បំណុល​គេ ក្រោយ​វិល​ត្រឡប់មក​ស្រុកកំណើត​
21, Apr 2020 , 7:59 pm        
រូបភាព
លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា ដែលត្រូវជាប្តីប្រពន្ធ ​ព្រួយបារម្ភ​អំពី​ការ​ជំពាក់បំណុល​គេ បន្ទាប់​ពីត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ​​ដោយ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​នៅ​ដាច់ដោយឡែក​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ (Ananth Baliga/VOA
លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា ដែលត្រូវជាប្តីប្រពន្ធ ​ព្រួយបារម្ភ​អំពី​ការ​ជំពាក់បំណុល​គេ បន្ទាប់​ពីត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ​​ដោយ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​នៅ​ដាច់ដោយឡែក​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ (Ananth Baliga/VOA
ដោយ: VOA
​ស្រុក​បាទី ខេត្តតាកែវ ៖ លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា ដែល​ត្រូវជា​ប្តី​ប្រពន្ធ បានមក​ដល់​ច្រក​អន្តរជាតិ​ភូមិ​ឡែ​ម ខេត្ត​ចាន់ថា​បូរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​២ ខែមេសា ដើម្បី​មក​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ពួកគាត់​ត្រឡប់មកវិញ​ក្នុង​គោលបំណង​ទៅ​មើល​ម្តាយ​ដែល​កំពុង​សម្រាក​ឈឺ​នៅផ្ទះ  ប៉ុន្តែ​ពួកគាត់​មិនអាច​ឆ្លងតាម​ច្រក​នេះ​បានទេ  ដោយសារ​អាជ្ញាធរ​ថៃ​បាន​បិទ​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​រ៉ូ​ណា​។​ដើម្បី​ឆ្លង​មក​បាន​ពួកគាត់​ត្រូវ​ដើរ​ក្នុងព្រៃ ប្រហែល​៣​គីឡូម៉ែត្រ ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ការធ្វើដំណើរ​ជាង​៩០​ដុល្លារ​ដើម្បី​ទៅមក​ដល់​ទឹកដី​ខ្មែរ​។​

 
​លោក​មិន សារុន បាន​ថ្លែងប្រាប់​VOA​នៅផ្ទះ​របស់លោក​ក្នុង​ខេត្តតាកែវ​ថា​៖ «​គេ​បិទផ្លូវ  ប៉ុន្តែ​ឡាន​គេ​ជូន​មក​តាមផ្លូវ កាត់​។ អ៊ីចឹង​យើង​ត្រូវ​ចំណាយលុយ​ច្រើន​ដែរ​។ យើង​ដើរ​ប្រហែល​៣​គីឡូម៉ែត្រ ចេញ​១៥០០​បាត​ក្នុង​មួយ​នាក់​»​។​
 
​លោក​បន្ថែម​៖ «​ទាហាន​នៅ​ជាយដែន​ពិនិត្យ​ខ្ញុំ​៣​ដង​សរសេរ​ក្រដាស​ពេទ្យ ពិនិត្យ​ម៉ា​ស្អាត​បាន​គេ​ឲ្យ​មក ប្រហែលជា​៣​ម៉ោង ។ យើង​ជិះឡាន ។ ក្មួយ​ទៅយក​។ យើង​ជិះ​៥​នាក់​ទាំង​តៃកុង​អត់​យក​ពី​ណា​មក​ចូល​ទៀត​ទេ សុទ្ធតែ​បងប្អូន​ឯង​»​។​
 
​លោក មិន សារុន និង​អ្នកស្រី នាង ចន្ទ្រា ជា​ពលករ​ក្នុងចំណោម​ពលករ​ខ្មែរ​ចំណាកស្រុក​មកពី​ថៃ ប្រមាណ​៩​ម៉ឺន​នាក់ ដែល​បាន​ប្រញាប់​វិល​មក​ស្រុកកំណើត​វិញ កាលពី​ចុងខែ​មីនា ដើម្បី​ចៀសវាង​ជាប់​ក្នុងប្រទេស​ថៃ ដែល​រដ្ឋាភិបាល​ប្រកា​សបិទ​ច្រកព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​
 
​កាលពី​ថ្ងៃទី​៧​ខែមេសា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ថ្លែងថា  ពលករ​ខ្មែរ​រាប់ពាន់នាក់​បាន​សម្រុក​មក​ប្រទេស​កម្ពុជា​វិញ ហើយ​អាជ្ញាធរ​កម្ពុជា​នៅតាម​ច្រក​មិនអាច​ពិនិត្យ​សុខភាព​កម្មករ​ទាំងអស់​បានទេ​។​
 
​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​មួយ​លាន​២០​ម៉ឺន​នាក់​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់ប្រមាណ​ថា ពួកគេ​ច្រើន​គួរសម​គឺជា​ពលករ​មិន​ស្របច្បាប់​។​
 
​របាយការណ៍​របស់​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)​ឆ្នាំ​២០១៩ ឲ្យ​បានដឹងថា​មួយ​ភាគបី​នៃ​ពលករ​ចំណាកស្រុក​ដែល​ត្រូវបាន​គេ​សាកសួរ​ព័ត៌មាន គឺ​ពុំមាន​ការងារ​ធ្វើ​ក្នុងស្រុក ទេ មុនពេល​ពួកគេ​ចេញពី​កម្ពុជា ហើយ​ជិត​ពាក់កណ្តាល គឺ​គ្មាន​ចំណូល​និង​ប្រហែល​ពីរភាគបី​បានសម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ​ស្វែងរក​ការងារ ដោយសារ​ពុំមាន​ឱកាស​ការងារ​នៅក្នុង​ស្រុក និង​ដោយសារ​ចង់បាន​ចំណូល​ប្រសើរ​ជាង​មុន​។  របាយការណ៍​បង្ហាញថា  ចំនួន​ពាក់កណ្តាល​នៃ​អ្នក​ដែល​ត្រូវបាន​សម្ភាស បាន​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​ស្រុក​ដល់​ទៅ​១២២៨​ដុល្លារ​ក្នុង​មួយឆ្នាំ  ហើយ​ថា​ប្រាក់​ទាំងនេះ គឺជា​ប្រាក់ចំណូល​ចម្បង​សម្រាប់​ទំនុកបម្រុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា ឬក៏​ដើម្បី​ប្រើប្រាស់​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរឡើង​។​
 
​លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា​កំពុង​អង្គុយ​នៅក្រោម​ផ្ទះ​ពេលដែល​អ្នកសារព័ត៌មាន​VOA​បាន​ចុះ​សម្ភាស​ជាមួយ​ពួកគាត់​នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ​ហើយ​វា​គឺជា​ថ្ងៃទី​បី​នៃ​ការរស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​របស់​ពួកគាត់​។ ប្តី​ប្រពន្ធ​ទាំងពីរ​មានផ្ទះ​សមរម្យ ផ្ទះ​ពីរ​ទន្ទឹមគ្នា​។  ផ្ទះមួយ​ធ្វើ​ពី​ឈើ នៅ​ចំ​កណ្តាល​ដី​ភូមិ​។ ម្តាយ​របស់​ពួកគាត់​និង​កូនប្រុស​របស់​ពួកគាត់​បាន​ទៅ​រស់នៅ​ផ្ទះ​សាច់ញាតិ​បណ្តោះអាសន្ន​។ ពួកគាត់​សម្រាក​នៅ​ខាងក្រោម​ផ្ទះថ្ម​បែងចែក​ដាច់ពីគ្នា​ដោយ​កំណាត់​វាំងនន​។​


រូបឯកសារ៖ ពលករ​ចំណាកស្រុក​អង្គុយ​ក្នុង​ឡានក្រុង​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​ថៃ​នៅ​ក្រុង​ប៉ោយប៉ែត កម្ពុជា។
 
​អ្នកស្រី នាង ចន្ទ្រា ប្រាប់​ឲ្យ​ដឹងថា មន្ត្រី​សុខាភិបាល​បាន​ចុះមក​ពិនិត្យ​សុខភាព​នៅផ្ទះ​របស់គាត់​នៅ​ថ្ងៃ​ដំបូង ចំនួន​បី​ដងដោយ​មន្ត្រី​បាន​ពិនិត្យមើល កំដៅ​ឬ​និង​អា​ការៈទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​ហើយ​ការណែនាំ​របស់គេ​សង្កត់ធ្ងន់​គឺ​ឲ្យ​ពួកគាត់​នៅ​ដាច់ដោយឡែក​ពីគ្នា​។​
 
​អ្នកស្រី នាង ចន្ទ្រា បន្តថា​៖ «​យើង​អត់​បាន​ជួប​គាត់​។ អ្នកភូមិ​គេ​អត់​ហ៊ាន​សួរសុខទុក្ខ​យើង​»​។​
 
​សម្រាប់ លោក មិន សារុន  ការធ្វើដំណើរ​ដ៏​ប្រថុយប្រថាន និង​ការចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​គឺ​សំខាន់ ដោយសារ​ត្រូវ​ទៅ​ថែទាំ​ម្តាយ​កំពុងមាន​ជំងឺ​។​
 
​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ល្អ បើ​ខ្ញុំ​នៅ​នោះ​មាន​លុយ​ផ្ញើ​ឲ្យ​គាត់ គឺ​ល្អ​។ ប៉ុន្តែ​ដោយសារ​គាត់​ឈឺ គ្មាន​អ្នកណា​ថែ​គាត់ គឺ​មិនល្អ​សម្រាប់​ខ្ញុំ​ទេ​។​ម្តាយ​ខ្ញុំ​ឈឺ​នៅផ្ទះ​គ្នាន​អ្នកណា​ថែ​គាត់ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​មកវិញ​ដើម្បី​ថែ​គាត់ ។​ទោះបី​អត់លុយ​មាន​លុយ​ក៏ដោយ ខ្ញុំ​ត្រូវតែ​មក​»​។​
 
​ពេលធ្វើការ​នៅ​រោងចក្រ​សាច់មាន់ នៅ​ប្រទេស​ថៃ​តាំងពី​ចុងឆ្នាំ​២០១៧​មក​នោះ ប្តី​ប្រពន្ធ​នេះ​រកប្រាក់​ចំណូល​បាន ប្រមាណ​៤៣០​ដុល្លារ​ក្នុង​មួយខែ​។ ពួកគាត់​ត្រូវ​ផ្ញើ​ទៅផ្ទះ​ប្រមាណ​១៥០​ដុល្លារ​ក្នុង​មួយខែ និង​បង់​ការប្រាក់​៦១​ដុល្លារ​សម្រាប់​បំណុល​ប្រមាណ​២​ពាន់​ដុល្លារ ដែល​ពួកគាត់​បាន​ខ្ចី​ពី​ឈ្មួញ​ចងការ​ប្រាក់​កាលពី​ពីរ​បី​ឆ្នាំមុន​។ ពួកគាត់​បាន​យកប្រាក់​នោះ​ដើម្បី​ចំណាយ​ធ្វើលិខិត​ឆ្លងដែន និង​ការត្រៀម​រៀបចំ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​។​
 
​បើទោះបីជា​បានមក​ដល់ផ្ទះ​និង​បាន​ជួបជុំ​គ្រួសារ​ក៏ដោយ ក៏​ពួកគាត់​ទាំងពីរ​នាក់​មាន​ក្តី​ស​ង្ឈឹ​ម​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់​ពីរ​បី​ខែ​ខាងមុខ​នៅពេល​ពួកគេ​បញ្ចប់​ការរស់នៅ​ដាច់ដោយឡែក​របស់​ពួកគេ​។ លោក មិន សារុន មាន​ក្តីបារម្ភ​ក្នុងការ​ស្វែងរក​ការងារ​ដែលជា​មូលហេតុ​ជំរុញ​ឲ្យ​គាត់​ធ្វើ​ចំណាកស្រុក តាំងពី​ដំបូង​មក​។ លោក មិន សារុន​បាន​សុំ​ឲ្យ​បងប្រុស​របស់គាត់​ជួយ​បង់ប្រាក់​ជំពាក់​គេ​ក្នុង​ខែមេសា​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ពិបាក​ដោយសារ​ពេល​យើង​មក​ផ្ទះ វា​អត់​ទាន់​មាន​ការងារ​ច្បាស់លាស់ ដែល​យើង​ត្រូវធ្វើ ដោះស្រាយ​ទៅមុខ​ទៀតហើយ​មក​បង្ខាំ​ង​អ៊ីចឹង​ទៀត វា​ពិបាក​បណ្តោយ​។ វា​រក​ដំណោះស្រាយ​មិន​ចេញ បើ​ពីរ​បី​ខែ​ទៀត​»​។​
 
​ឈ្មួញ​ចងការ​ប្រាក់​ឯក​ជន​ក្នុងភូមិ ដែល​មិនបាន​ចុះឈ្មោះ​ផ្លូវការ​ត្រឹមត្រូវ​និង​គ្មាន​ការត្រួតពិនិត្យ​តាមផ្លូវ​ច្បាប់ គឺជា​ប្រភព​កម្ចី​ដែលមាន​ការប្រាក់​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា​បើទោះបី មានការ​រីកដុះដាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏ដោយ​។​
 
​ខណៈពេលដែល​ឈ្មួញ​ចងការ​ប្រាក់​ឯកជន គឺជា​ប្រភព​កម្ចី​នោះ​របាយការណ៍​ឆ្នាំ​២០១៥​របស់​អង្គការ​សហប្រតិបត្តិកា​រ​ហិរញ្ញវត្ថុ​អន្តរជាតិ បានចង្អុលបង្ហាញ​ថា ប្រហែលជា​ប្រជាជន​ទៅ​ខ្ចីលុយ​ពី​ក្រុម​ឈ្មួញ​ចងការ​ប្រាក់​ឯកជន​ដើម្បី​យកទៅ​បង់​ការប្រាក់​បន្ថែម​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ជាហេតុ​ធ្វើ​ឲ្យ​ការប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ស្ថិតក្នុង​កម្រិត​ទាប​។​
 
​កាលពី​ឆ្នាំមុន​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បាន​បញ្ចេញ​របាយការណ៍​ដែល​បាន​ឆ្លុះបញ្ចាំង​ការរំលោភបំពាន​សិទ្ធិ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ ជាពិសេស សិ​ទិ្ធ​កាន់កាប់​ដី ការធ្វើ​ចំណាកស្រុក​ដោយ​បង្ខំ និង​ការជួញដូរ​កម្លាំង​ពលកម្ម​កុមារ​។​
 
​ករណី​សិក្សា​នៅក្នុង​របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផងដែរ​ថា ពលរដ្ឋ​ដែល​ត្រូវបាន​សម្ភាស​បាន​ប្រើប្រាស់​កម្ចី​ពី​ឈ្មួញ​ចងការ​ប្រាក់​ឯកជន ដើម្បី​សង​ការប្រាក់​តម្កល់​រប​ស់​មីក្រូហិរញ្ញវត្ថុ​។​


សត្វមាន់​នៅ​ក្នុង​ទ្រុង​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​មាន់​នៅ​ខេត្តស៊ូផាន់បូរី ប្រទេស​ថៃ។
 
​ត្រឡប់​ទៅ​ស្រុក​បាទី ខេត្តតាកែវ​វិញ  ពលរដ្ឋ​ផ្សេងទៀត ដូចជា​អ្នកស្រី សៀង ណា​រ័ត្ន និង​ស្វាមី​ឈ្មោះ​សេង វ៉ា បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​២៤ ខែមីនា ចំពេល​ដែល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ត្រូវបាន​បិទ​។​
 
​ពួកគេ​និង​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ទៀត​ដែលមាន​បំណង​ត្រឡប់​ទៅ​ស្រុកកំណើត​បានជា​ប់​នៅក្នុង​ប្រទេស​ថៃ​។  ក្រោយពី​ការពិនិត្យ​សុខភាព​ជាច្រើន​សារ​រប​ស់​អាជ្ញាធរ​ថៃ និង​កម្ពុជា  ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​បាន​ឆ្លង​ផុត​ព្រំប្រទល់​ចូលមក​កម្ពុជា ហើយ​បាន​ជួល​រថយន្តឈ្នួល​ជិះ​ទៅផ្ទះ​ភ្លាមៗ​។​
 
​មកដល់​ផ្ទះ អ្នកស្រី​សៀង ណា​រ័​តុ្ន បាន​និយាយថា  ប៉ូលិស​រួមមាន​ប្រធានភូមិ និង​បុគ្គលិក​សុខាភិបាល​បាន​ចុះមក​ចាំ​ដល់ផ្ទះ​របស់​ស្រី​ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល​។​
 
​អ្នកស្រី​បញ្ជាក់ថា​៖ «​យើង​មកដល់​ផ្ទះ​ប្រហែល​ម៉ោង​៧​។ គ្រាន់តែ​មកដល់ ទាំង​ប៉ូលិស​ទាំង​ប្រធានភូមិ អី គេ​មក​ពិនិត្យ​យើង​។ ពេល​ព្រលឹម​ឡើង​គេ​មក​ភ្លាម​ចូល​ផ្អើល​ពេញ​ភូមិ​។ គេ​ផ្អើល​គេ​ខ្លាច​យើង​។ គេ​ផ្អើល​ថា  ខាង​ថៃ គេ​កើត​ច្រើន​»​។​
 
​ទើបតែ​បញ្ចប់​ការរស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ  អ្នកស្រី សេង ណា​រ័ត្ន បាន​ប្រាប់ថា​គាត់​និង​ស្វាមី មិនមែន​ត្រឡប់មក ដោយសារ​ការខ្លាច​វីរុស​កូ​រ៉ូ​ណា​នោះទេ​។ ពួកគេ​មានបំណង​មកលេង​កូនប្រុស​និង​មកលេង​ស្រុកកំណើត មុន​ចូលឆ្នាំ​ខ្មែរ និង​ជួបជុំ​ក្រុមគ្រួសារ មុនពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ នា​ចុងខែ​មេសា​។​
 
​អ្នកស្រី​ធ្លាប់ធ្វើ​ការងារ​រោងចក្រ​កាត់ដេរ​ក្នុងប្រទេស​កម្ពុជា មុន​ពេលធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ទទួលបាន​ប្រាក់ខែ ប្រហែល​២០០​ដុល្លារ​។  អ្នកស្រី សៀង ណា​រ័ត្ន ចង់បាន​ជីវិត​ប្រសើរ​ឲ្យ​កូនប្រុស​អាយុ​បី​ឆ្នាំ​របស់គាត់  ហេតុនេះហើយ​បានជា​អ្នកស្រី​បានសម្រេច​ចិត្ត​ខ្ចីលុយ​ពី​ឈ្មួញ​ចងការ ដើម្បី​ចំណាយ​ថ្លៃ​ឯកសារ និង​ថ្លៃ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​។  កម្ចី​នេះ អ្នកស្រី​អាចយ​កបាន​ដោយ​មិនចាំបាច់​ដាក់​ប្លង់ដី​នោះទេ​។​
 
​នៅក្នុង​ប្រទេស​ថៃ អ្នកស្រី សៀង ណា​រ័ត្ន​និង​ស្វាមី អា​ចរក​ចំណូល​រួមគ្នា បាន​ប្រហែល​៩២០​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ត្រូវ​ផ្ញើ​ទៅផ្ទះ​សងលុយ​គេ​ប្រហែល​១០០​ដុល្លារ​ក្នុង​មួយខែ ។​
 
​ស្វាមី​របស់​អ្នកស្រី គឺ​លោក សេង វ៉ា ក៏បាន​ប្រាប់ថា ពួកគេ​បាន​បង់​សង​គេ​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ  និង​នៅ​ជំពាក់​ប្រាក់​ឈ្មួញ​ប្រហែល​១០០០​ដុល្លារ​ទៀត​។  ការ​ត្រឡប់​មកជួប​កូន​និង​គ្រួសារ​ក្នុង ឱកាស​ចូលឆ្នាំ បានធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ទាំងពីរ ត្រូវ​ជួប​នូវ​សុបិន​អាក្រក់ ទាក់ទង​នឹង​បញ្ហា​ថវិកា​។​
 
​លោក​បញ្ជាក់ថា​៖ «​យើង​ពិបាក​។​យើង​មកដល់​នេះ យើង​ទៅរក​ការងារ​ធ្វើ  ក៏​វា​ពិបាក​។​យើង​មកដល់​នេះ  អ្នកភូមិ​គេ​មិន​ហ៊ាន​មក​ក្បែរ​យើង​។ អត់​ទាន់​ដឹងថា​….​ព្រោះ​អត់​មានការ​ងារ​ធ្វើ​ផង ថា​ទៅវិញ​ហ្នឹង ថា ធ្វើការ​បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​គេ … មាន​លុយ​បង់​ឲ្យ​គេ​…. ព្រោះតែ​អត់​មានការ​ងារ​ធ្វើ យើង​បារម្ភ​»​។​
 
​ដោយមាន​ទឹកមុខ​ក្រៀម​ក្រំ ដោយ​មិនបាន​នៅ​ស្និទ្ធស្នាល​ជាមួយ​កូនប្រុស​រយៈពេល​១៤​ថ្ងៃ អ្នកស្រី សៀង ណា​រ័ត្ន មានប្រសាសន៍ថា​៖« គ្រាន់​ចុះមក​វិញ បាញ់​អាល់កុល ហើយ​លាងដៃ លាង​ជើង ហើយ​ឱប​កូន​ភ្លាម​ហ្មង​»​។​


ពលករ​ចំណាកស្រុក អ្នក​ស្រី សៀង ណារ័ត្ន ​និង​ស្វាមី​ឈ្មោះ​សេង​ វ៉ា ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពីថ្ងៃ​២៤ ​ខែ​មីនា​ ចំ​ពេល​ដែល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​បិទ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ (Ananth Baliga/VOA)
 
​លោក ឃុន ថា​រ៉ូ មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស​(CENTRAL)​បាន​និយាយថា ដោយសារតែ ប្រឈមមុខ​នឹង​បំណុល​ដ៏​ច្រើន ពលករ​ខ្មែរ​ចំណាកស្រុក ពិតជា​ងាយ​រងគ្រោះ  អំឡុងពេល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​ថា នេះ​គឺ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ដោយសារ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ គោ​លន​យោ​យ​បាយ​គាំទ្រ​សង្គម ដូចជា​ទទួលបាន​អត្ថប្រយោជន៍​ពេល​កម្មករ​អត់​ការងារ ដើម្បី​ប៉ះប៉ូវ​ក្នុង​គ្រា​មាន​ផលប៉ះពាល់​ដោយ​សេដ្ឋកិច្ច​ដែល​កម្មករ​ជួប​នៅ​អំឡុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
 
​លោក​បន្ថែមថា​៖ «​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​បាន​ត្រឡប់មក​សហគមន៍រ​បស់​ពួកគេ​វិញ ឬក៏​មាន​គម្រោង​នឹង​ត្រឡប់មកវិញ ពួកគាត់ គឺមាន​ភាព​ងាយ​រងគ្រោះ​ខ្លួនឯង​ផ្ទាល់​ប៉ះពាល់​គ្រួសារ​គាត់ និង​សហគមន៍ ហើយ​អត់​មាន​សេវា​សង្គម​ដើម្បី​ជួយ​ពួកគេ​ទេ​»​។​
 
​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ មានប្រសាសន៍ថា រដ្ឋបាលខេត្ត​បាន​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​មកពី​ថៃ ហើយ​បាន​ចុះ​អប់រំ​ពលរដ្ឋ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​យើង​មានការ​បារម្ភ ដូច្នេះហើយ​បាន​យើង​ចុះ​អប់រំ​បងប្អូន​កម្មករ​តាមរយៈ​ការប្រើប្រាស់​ផ្ទាំង​រូបភាព​សារ ការអប់រំ ប្រើប្រាស់​វិទ្យុ និង​ការប្រើប្រាស់​ឧបករណ៍​មេក្រូ​ចល័ត​ចាក់ ដោយសារ​យើង​ឃើញថា គាត់​នៅតែ​បន្ត​ត្រឡប់​មកពី​ថៃ​វិញ​»​។​
 
​ត្រឡប់មក​លោក មិន សារុន នៅផ្ទះ​របស់គាត់​នៅ​ស្រុក​បាទី ខេត្តតាកែវ ។ ពួកគាត់​កំពុង​ទន្ទឹងរង់ចាំ​ការបញ្ចប់​ការដាក់​រស់នៅ​ដាច់ដោយឡែក ដើម្បី​បានរស់នៅ​ជុំ​ជាមួយ​គ្រួសារ និង​កូន ហើយ​ទោះបីជា​យ៉ាងណា​ពួកគេ​រីករាយ​ត្រឡប់មក​រស់នៅ​ជុំគ្នា​វិញ​ទោះបី​មានការ​រំខាន​ក្តី​។ ទោះជា​យ៉ាងណា លោក មិន សារុន នៅតែ​បារម្ភ​ពុំមាន​ប្រាក់​៦១​ដុល្លារ​សម្រាប់​សង​គេ ដែល​វា​ក៏​អាច​ផ្តល់​ការលំបាក​ដល់​គ្រួសារ​គាត់​ផងដែរ​។​
 
​លោក​បញ្ជាក់ថា​៖«​តិច​ច្រើន​សំខាន់​បាន​នៅ​ជិត​កូន នៅ​នេះ​ក៏​ល្អ​ម្យ៉ាង​។ សំខាន់​យើង​មាន​ការងារ​ចិញ្ចឹម​កូន​យើង​បាន​។​យើង​នៅ​នេះ​វិញ ល្អ​ជាង​តែបើ​សិន​ខ្ញុំ​នៅ​នេះ រក​ការងារ​អត់​បាន​….»​។​
 
​លោក​បន្ថែមថា​៖ «​ឈប់​ទៅហើយ​! ម៉ែ​ពិបាក​អ៊ីចឹង​ព្រោះថា ម៉ែ​កាន់តែ​ចាស់ ។ ហើយ​កូន​គាត់​អត់​មាន​អ្នកមើល​»៕

© រក្សាសិទ្ធិដោយ thmeythmey.com