COVID-19
ជាតិ
COVID-19៖ កញ្ញា លន ណេ​ន គាំទ្រ​ចំណាត់ការ​ច​ត្តា​ឡី​ស័ក្តិ តែ​បារម្ភ​រឿង​ជីវភាព​
21, Apr 2020 , 11:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ញា លន ណេ​ន គឺជា​កម្មការិនី​ម្នាក់ ក្នុងចំណោម​កម្មករ​ជាច្រើន​នាក់​ទៀត ដែល​បាន​ពិនិត្យ​សុខភាព​រក​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៃ​ជំងឺ​COVID-19 កាលពី​ថ្ងៃទី​២០ មេសា​។ កញ្ញា លន ណេ​ន ត្រូវបាន​មន្ត្រី​ជំនាញ​សម្រេច​ដាក់​ឱ្យនៅ​ដោយឡែក នៅ​បន្ទប់​ជួល​រយៈពេល​១៤​ថ្ងៃ មុននឹង​ចូល​បម្រើ​ការងារ​វិញ​។​


 
​កម្មការិនី​រូបនេះ មិន​ជំទាស់​នឹង​ចំណាត់ការ​ច​ត្តា​ឡី​ស័ក្តិ​របស់​រដ្ឋាភិបាល​ឡើយ ដោយ​នាង​យល់ឃើញថា អ្វីដែល​រដ្ឋ ចេញ​វិធានការ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។ ដ្បិត​គាំទ្រ​ចំណាត់​នេះ​ក្តី តែ​កញ្ញា លន ណេ​ន នៅសល់​បញ្ហា​មួយទៀត ដែល​ខ្លួន​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ នោះ​គឺ​ផលប៉ះពាល់​ដល់​ជីវភាព​។​
 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា លន ណេ​ន បាន​បញ្ជាក់ថា ខ្លួន​មិន​ទទួលបាន​ប្រាក់​ឈ្នួល​ឡើយ នៅក្នុង​អំឡុងពេល​ដាក់​ឱ្យនៅ​ដោយឡែក​នេះ ខណៈដែល​ត្រូវ​រ៉ាប់រង​បន្ទុកគ្រួសារ​មួយផ្នែកធំ​។ សម្រាប់ លន ណេ​ន ការបាត់បង់​ប្រាក់​ឈ្នួល និង​ចំណូល​នេះ វា​ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធភាព​នាង ក្នុង​ការសង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ និង​ជួយ​ទំនុកបម្រុង​ការសិក្សា​របស់​ប្អូន រួមទាំង​ការចំណាយ​ប្រចាំថ្ងៃ​ផងដែរ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
​មាន​មាឌ​ល្អិត កម្ពស់​ទាប និង​សម្បុរ​ស្រអែម កម្មការិនី​រូបនេះ បាន​និយាយ​ទាំង​អួលដើមក ដូច្នេះ​ថា «​សម្រាប់​គេ​អ្នក មាន គេ​អត់​(​មាន​បញ្ហា​)​អី​ទេ​។ តែ​សម្រាប់​អ្នកក្រៗ (​ដូច​ខ្ញុំ​) អ៊ីចឹង វា​ពិបាក​។ វា​ពិបាក​ត្រង់​ថា ធម្មតា​ការរៀន​(​របស់​ប្អូន​) អី វា​ត្រូវ​បង់​(​ថ្លៃ​សាលា​)​ហើយ ទោះបី​ពេល​ឥឡូវ​(​សាលា​)​អត់​រៀន ក៏​យើង​ត្រូវ​ការឱ្យ​ប្អូន​រៀន​តាម​យូ​ធូប ឬក៏​រៀន​តាម​អ្វី​ផ្សេង ត្រូវការ​កុំព្យូទ័រ ត្រូវការ​អ្វី​ផ្សេងទៀត​។ ទោះបី​គេ​បិទ​សាលា ក៏​នៅតែ​ត្រូវ​រៀន​តាម​អ៊ីនធឺណិត​ទៀត​ដែរ ។ អ៊ីចឹង​វា​យ៉ាប់​ដែរ ព្រោះ​វា​ត្រូវការ​ចំណាយលុយ​មួយខែៗ អស់​ច្រើន​»​។​
 
​សព្វថ្ងៃ​កញ្ញា លន ណេ​ន រ៉ាប់រង​លើ​ការសិក្សា​របស់​ប្អូនប្រុស​- ស្រី ២​នាក់ នៅក្នុង​បន្ទុក ដោយ​នាង​ត្រូវការ​ចំណាយ​ចន្លោះ​ពី​១០០​ដុល្លារ ទៅ​២០០​ដុល្លារ​មួយខែ សម្រាប់​ពួកគេ​។​
 
​មូលហេតុ​ដែល លន ណេ​ន មិនអាច​បម្រើ​ការងារ​បាន គឺ​ដោយសារ​នាង​មាន​អ​ការមិន​ស្រួលខ្លួន ហើយ​ត្រូវបាន​គ្រូពេទ្យ​ប្រចាំ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សម្រេច​ឱ្យ​នាង​មក​សម្រាក​១៤​ថ្ងៃ​នៅផ្ទះ​វិញ នៅមុន​អំឡុងពេល​ចូលឆ្នាំ​។ លន ណេ​ន អះអាងថា ខ្លួន​មិនបាន​ទៅ​ស្រុកកំណើត និង​បំពេញការងារ​នៅក្នុងពេល​ចូលឆ្នាំ​ឡើយ រហូត​ដល់ពេល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​សុខភាព​នេះ ។ ក្រោយ​ពិនិត្យ​សុខភាព​ហើយ មន្ត្រី​ជំនាញ​សុខាភិបាល ក៏បាន​សម្រេច​ឱ្យ លន ណេ​ន នៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​ជួល ម្ដុំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មុននឹង​អាច​ចូល​បម្រើ​ការងារ​វិញ​។​
 
​កាលពី​ថ្ងៃទី​២០ មេសា កម្មករ​-​កម្មការិនី ចំនួន​១,០១៨​ពាន់​នាក់ ត្រូវ​បានដាក់​ឱ្យនៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោយ​ពិនិត្យ​សុខភាព​រក​COVID-19 ។ ក្នុងនោះ​សំណាក​កម្មករ​ចំនួន​២១​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើតេស្ត​រក​COVID-19 បន្ត​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
 
​ក្រសួង​ការងារ បាន​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​សុខាភិបាល បានរៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន​១០ កន្លែង ដើម្បី​ពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ដែល​បាន​ឈប់​ពេល​ចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូលធ្វើការ​វិញ​។ ក្នុងចំណោម​កម្មករ​រោងចក្រ​បាន​ចំនួន ១០១៨​នាក់ ក្នុងនោះ​កម្មករ​៩៥៩​នាក់ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ ។​
 
​កម្មករ​៥៩​នាក់​ទៀត ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៃ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ដោយ​ក្នុងនោះ​កម្មករ​២១​នាក់ ច​ត្តា​ឡី​ស័ក​កម្រិត​២ ដោយ​ក្នុង​មួយ​បន្ទប់​អាច​រស់នៅ​បានតែ​១​នាក់​ប៉ុណ្ណោះ (​កម្មករ​២១​នាក់​នេះ មិនមែនជា​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ទេ​)​។ ដោយឡែក​កម្មករ​៣៨​នាក់​ទៀត ត្រូវដាក់​ឲ្យ​ស្នាក់នៅ​ច​ត្តា​ឡី​ស័ក​កម្រិត​១ មានន័យថា ក្នុង​មួយ​បន្ទប់ អាចឱ្យ​ស្នាក់នៅ​លើសពី​២​នាក់​ឡើងទៅ​៕

Tag:
 COVID-19
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com