បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
បទ​យកការណ៍៖ បាតុកម្ម​របស់​បក្ស​ស​ង្គ្រោះ​ជាតិ​នាំ​ឲ្យ​អ្នក​ប្រកប​របរ​តូចតាច​ត្រូវប៉ាន់​សារជាថ្មី
24, Oct 2013 , 8:52 am        
រូបភាព
ដោយ:
កាលពី​មហា​បាតុកម្ម​លើកមុនៗ ក្រុម​អ្នកលក់ដូរ​តូចតាច​មានការ​សប្បាយ​ចិត្ត​រួចហើយ ដោយ​ពួកគេ​បាន​ទទួលផល​ចំណូល​យ៉ាងច្រើន​គួរសម ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ចូល​ចូលរួម​ធ្វើ​មហា​បាតុកម្ម។ រហូតមកដល់​ថ្ងៃ​មហា​បាតុកម្ម​លើក​ទី​បី​នេះ ពួកគេ​មាន​ក្តីសង្ឃឹម​ម្តងទៀត ដោយ ម្នាក់ៗមានការ​មមាញឹកគ្រប់ៗគ្នា។ អ្នក​ចាស់​នៅតែ​បន្ត​លក់​ដូចមុនៗ ចំណែក​អ្នកថ្មី​ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​ផងដែរ។


«បើ​មិន​រួសរាន់ ច្បាស់​ជា​ខាត​ហើយ ត្រូវ​ញាប់ដៃ​បន្តិច​ទើបបាន ពួកយើង​លក់ដូរ​តូចតាច គ្មាន​ឱកាស ល្អ​ច្រើន​ទេ» នេះ​ជាស​ម្តី​របស់​ក្រុមអាជីវករ​ដែល​កំពុង​មាន​វត្តមាន​នៅលើ​ទីលាន​ប្រជាធិបតេយ្យ។ ទីលាន​ដែល​កំពុង​តែមាន​មនុស្សម្នា​យ៉ាងច្រើន​កុះករ ក៏​កំពុង​បាន​ក្លាយជា​ទីផ្សារ​រយៈពេល​ខ្លី​មួយ​ផង ដែរ។ ជាក់ស្តែង​ចំណីអាហារ​ច្រើន​ប្រភេទ ភេសជ្ជៈ​គ្រប់មុខ បានដាក់​តំរៀប​គ្នា​ជាច្រើន នៅក្រោម​ដើមឈើ និង​នៅតាម​វាលស្មៅ។ រទេះរុញ និង​រ៉ឺម៉ក​កង់​បី​លក់​ចំណី​ជាច្រើន​មុខ​ទៀត ក៏​កំពុង​ហុំ​ព័ទ្ធ​ទីលាន​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ដោយ​កន្លែង​ទៀតផង។

អង្គុយ​លើ​កូន​កៅអី​ពណ៌​ក្រហម កំពុង​ចាប់​ចំណិត​ស្វាយ និង​ម្កាក់ ដាក់​ស្បោង​បណ្តើរ ងាក​មក​និយាយ ជាមួយ​អ្នកកាសែត​បណ្តើរ អ្នកស្រី ម៉ន សំណាង ឲ្យ​ដឹងថា ជាធម្មតា​គាត់​លក់​ម្ជូរ​គ្រប់មុខ​ជាប្រចាំ​នៅ សួនច្បារ​មាត់ទន្លេរ ប៉ុន្តែ​ឆ្លៀតពេល​គេ​ធ្វើបាតុកម្ម ក៏​ដូរ​មក​លក់​នៅទីនេះ​មួយរយៈ​សិន។ ស្ត្រី​វ័យ៥២ឆ្នាំ រូបនេះ និយាយថា៖«លក់​នៅទីនេះ​មួយថ្ងៃ ស្មើនឹង​លក់​ថ្ងៃ​ធម្មតា២ថ្ងៃ​ឯណោះ ចំណេញ​ច្រើន ណាស់...»។ អ្នកស្រី​បញ្ជាក់ថា៖«ថ្ងៃ​ធម្មតា​លក់បាន​ពី៤ ទៅ៥ម៉ឺន​រៀល​ទេ ដល់ពេល​ថ្ងៃ​បាតុកម្ម​លក់ បាន​ជិត១០ម៉ឺន...»។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ត្រី​ចំណាស់​រូបនេះ អ្នកលក់​នំ​បញ្ចុក​ម្នាក់ទៀត ក៏បាន​សម្តែង​ក្តី​ត្រេកអរ​ផងដែរ​ថា អ្នក​មក​ចូលរួម​បាតុកម្ម​មួយចំនួន ពេល​អស់កម្លាំង ហាក់បីដូចជា​ត្រូវមាត់​នឹង​នំ​បញ្ចុក ស្រូប​ជាមួយ​ទឹក សម្លរក្តៅៗផងដែរ។ ពាក់អាវ​ផ្កា​ពណ៌​ក្រហម​ដៃ​វែង មាន​ពាក់មួក​ផង​នោះ អ្នកស្រី សុខ ជា អាយុ៤៣ ឆ្នាំ មកពី​ម្តុំ​ផ្សារ​អូ​ឫស្សី ជា​អ្នក​ទើបតែ​មក​លក់​ដំបូង​ពេល​គេ​ធ្វើបាតុកម្ម អ្នកស្រី​លើកឡើងថា៖«បើ​ដឹង ថា​ដាច់​អីចឹង មក​លក់​តាំងពី​គេ​បាតុកម្ម​ដំបូង​ម្ល៉េះ»។ អ្នកស្រី​បន្ថែមទៀតថា៖«ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​លក់ដាច់​អីចឹង ជាធម្មតា​លក់​មិន​ដាច់​អីចឹង​ទេ។ ថ្ងៃនេះ​លក់​មិនទាន់​អស់​ផង បាន​ជិត៨ម៉ឺន​រៀល »។

ជា​ពលរដ្ឋ​ដែលមាន​លំនៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ផង​នោះ អ្នកស្រី សំបូរ ជា​អ្នកលក់​ភេសជ្ជៈ តាំង ពីថ្ងៃ​មាន​មហា​បាតុកម្ម​លើកទីមួយ អ្នកស្រី​បាន​ត្រៀម​រួចជាស្រេច​ពេលឮ​តំណឹង​ថា​មាន​មហា​បាតុកម្ម ម្តងទៀត។ ខណៈ​កំពុង​ឈរ​ពីក្រោយ​ធុង​ពណ៌​ក្រហម ដែលមាន​ភេសជ្ជៈ​គ្រប់​ប្រភេទ ស្ត្រី សម្បុរ​សរ​រូប នេះ បាន​ឲ្យ​ដឹងថា៖«ខ្ញុំ​លក់ដាច់​ជាង​លើក​មុន ព្រោះ​ថ្ងៃ​បាតុកម្ម​លើក​នេះ មេឃ​ដូចជា​ក្តៅ​ជាង​លើក​មុន »។ អ្នកស្រី បាន​បន្ថែមទៀតថា៖«ថ្ងៃនេះ​ខ្ញុំ​លក់​ទឹក​សុទ្ធ​អស់​ជិត១០កេះ ភេសជ្ជៈ​ផ្សេងទៀត​ក៏​អស់​ច្រើន ដែរ...»។

បុរស​សម្បុរ​ខ្មៅ ពុកមាត់​រាង​ក្រាស់​បន្តិច ក៏​កំពុងមាន​ទឹកមាត់​លេប​ផងដែរ ខណៈ​ឈរ​នៅ​ពីក្រោយ​ធុង អំពៅ​សាង  លោក រដ្ឋា មាន​ក្តី​រំពឹងថា ក្នុងអំឡុង​ថ្ងៃ​បាតុកម្ម​លើក​នេះ​ច្បាស់​ជា​បាន​លុយ​ចូល​ផ្ទះ​ច្រើន ដូច​លើកមុនៗជាមិនខាន។ លោក​បាន​អះអាងថា៖«ទោះបី​មាន​អ្នកលក់​ច្រើន​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​លក់ ដាច់  ព្រោះ​មាន​អ្នកចូលរួម​បាតុកម្ម​ច្រើនណាស់»។ កំពុង​ឈរ​នៅក្រោម​ឆត្រ​ពណ៌​ក្រហម លោក រដ្ឋា បន្ថែមទៀតថា៖«អំពៅ​មួយ​ធុង​នេះ ខ្ញុំ​លក់បាន៦ទៅ៧ម៉ឺន​រៀល​ដែរ។ បើ​លក់​អស់​ខ្ញុំ​នឹង​ទៅយក​ថែម ទៀត»។

អាជីវករ​ជាច្រើន​ផ្សេងទៀត​ដូចជា អ្នកលក់​ផ្លែ​ឈូក ពោត​ស្ងោរ ពោត​បំពង នំ​បុ័ង​សាច់ និង​បរ​បរជា ដើម​នោះ ក៏​កំពុង​មមាញឹក​ជាមួយ​ក្រុមបាតុករ​ផងដែរ។

គួរ​បញ្ជាក់ថា រាល់ពេល​មាន​មហា​បាតុកម្មម្តងៗ អ្នករកស៊ី​ខ្នាត​ធំ​មួយចំនួន​មានការ​រអ៊ូរទាំ​មិន​ដាច់​ពី មាត់ និង​ត្រូវ​បង្ខំចិត្ត​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ទៀតផង។ ប៉ុន្តែ​ចំពោះ​អ្នកលក់ដូរ​តូច តាច​ឯណោះ​វិញ នា​អំឡុង​ថ្ងៃ​មហា​បាតុកម្ម​នេះដែរ បែរជា​ត្រូវប៉ាន់​ទៅវិញ៕





© រក្សាសិទ្ធិដោយ thmeythmey.com