COVID-19
អន្តរជាតិ
ប៉េកាំង ទាត់ចោលការលើកឡើងរបស់ប្រមុខការទូតអូស្ត្រាលីថា ខ្លួនគ្មានតម្លាភាពពី COVID-19 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
× អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នាថ្ងៃទី២០ ខែមេសា បានទាត់ចោល ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីដែលដាក់ការសង្ស័យថា ចិនគ្មានតម្លាភាពជុំវិញជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) និងទាមទារឲ្យមានការស៊ើបអង្កេតពីប្រភពដើម និងការរីកសាយភាយ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា វាមិនមែនជាការពិត ព្រោះចិន បានបើកចំហណាស់ ជុំវិញជំងឺឆ្លងប្រភេទថ្មីនេះ។
នាថ្ងៃទី១៩ ខែមេសា លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានចោទសួរពីតម្លាភាពរបស់ចិន ក្នុងការដោះស្រាយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស និងទាមទារឲ្យមានការស៊ើបអង្កេតលើការរីកសាយភាយពីប្រភពដើម ក៏ដូចជាព័ត៌មានលំអិតផ្សេងទៀតទាក់ទងកូរ៉ូណាវីរុស។
ចិន បដិសេធការលើកឡើងនេះ។ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងថា ការលើកឡើងរបស់លោកស្រី ម៉ារីស ផេន មិនផ្អែកលើការពិតទេ។ ចិន ពិតជាបារម្ភពីការរីកសាយភាយ COVID-19 និងជំទាស់ដាច់ខាតទៅនឹងការលើកឡើងរបស់អូស្ត្រាលី។ លោក Geng បានអះអាងថា ចាប់តាំងពីផ្ទុក COVID-19មក ចិនមិនដែលបិទបាំង ឬលាក់ព័ត៌មាន COVID-19 ឡើយ ព្រមទាំងឆ្លើយតប និងមានតម្លាភាពយ៉ាងសមស្រប ក្នុងការចាត់វិធានការដោះស្រាយបញ្ហា។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែមេសា អ្នកនាំពាក្យរូបនេះបន្ថែមថា ចិនបានចែករំលែកព័ត៌មាន COVID-19 ទៅអង្គការសុខភាពពិភពលោក ការចែករំលែកសែនវីរុសជាមួយប្រទេសដទៃ ការដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។
ដោយផ្អែកតាមកិច្ចខិតខំកន្លងមក លោក Geng និយាយថា ការលើកឡើងរបស់អូស្ត្រាលីថា ចិនគ្មានតម្លាភាព គឺជារឿងមិនសមស្រប និងមិនគោរពទឹកចិត្តរបស់ប្រជាជនចិន ដែលខិតខំប្រយុទ្ធប្រឆាំងជាមួយ COVID-19។
ក្រៅពីនេះ អ្នកនាំពាក្យចិនរូបនេះ ក៏សង្ឃឹមផងដែរថា អូស្ត្រាលី នឹងមានកិច្ចសហប្រតិបត្តិការជាមួយចិន កាន់តែខ្លាំងជាងមុន ដើម្បីពង្រឹងការទុកចិត្ត និងដោះស្រាយបញ្ហាជំងឺរលាកសួតនៅក្នុងប្រទេសទាំងពីររួមគ្នា ជាជាងប្រឈមមុខដាក់គ្នា។
សូមបញ្ជាក់ថា ការទាមទាររបស់អូស្ត្រាលីឲ្យមានការស៊ើបអង្កេតលើការរីកសាយភាយ COVID-19 នេះ ធ្វើឡើង បន្ទាប់ពីចិន បានបញ្ចេញតួលេខអ្នកឆ្លង និងអ្នកស្លាប់បន្ថែមនៅក្នុងទីក្រុងវូហាន ដែលជាចំណុចផ្ទុះកូរ៉ូណាវីរុសដំបូង៕
Tag:
ចិន
អូស្ត្រាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com