COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អ្នកចាត់ការ និង​កីឡាករ Arsenal សុខចិត្ត​កាត់​ប្រាក់​ឈ្នួល ដើម្បី​ជួយ​ក្លិប​ក្នុង​គ្រា​លំបាក​
21, Apr 2020 , 2:38 pm        
រូបភាព
​លោក Mikel Arteta អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal រួមទាំង​កីឡាករ​របស់ខ្លួន​បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល​ដើម្បី​ជួយ​សម្រួល​ដល់​ក្លិប​របស់​ពួកគេ​ដែល​រង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19​។​


 
​ក្លិប​នៃ​ក្របខណ្ឌ Premier League មួយ​នេះ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ម័គ្រចិត្ត​រួមគ្នា​មួយ​ដោយ​រួមមាន ការ​កាត់​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ពួកគេ​ក្នុង​ម្នាក់ៗ​ចំនួន ១២,៥ ភាគរយ​។ មិន​ត្រឹមតែ​កីឡាករ និង​អ្នកចាត់ការ​នោះទេ បុគ្គលិក និង​គ្រូបង្វឹក​សំខាន់ៗ​ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​កាត់​ប្រាក់បៀវត្ស​របស់ខ្លួន​ដែរ​។​
 
​យ៉ាងណាក៏ដោយ ប្រសិនបើ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​អាច​វិល​ចូល​ទីលាន​វិញ​តាម​កាលកំណត់​ជាក់លាក់​ណាមួយ ក្លិប​អះអាងថា​ចំនួន​ទឹកប្រាក់​ដែល​បាន​ព្រមព្រៀងគ្នា​ខាងលើនេះ​នឹងត្រូវ​សង​ទៅវិញ​។​
 
«​យើង​នឹង​អាច​សង​ប្រាក់​ទាំងនោះ​វិញ ប្រសិនបើ​គោលដៅ​នៃ​ការប្រកួត​ឡើងវិញ​រដូវ​កាល​នេះ​ចាប់ផ្តើម​តាម​កាលកំណត់​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ក្លិប​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្លិប Arsenal​។​
 
​ជុំវិញ​ការយល់ព្រម​កាត់​ប្រាក់​ឈ្នួល​នេះ ក៏​ព្រោះ​អ្នកចាត់ការ កីឡាករ និង​គ្រូបង្វឹក Arsenal ទាំងអស់​បាន​យល់​យ៉ាងច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ឥទ្ធិ​ភព​ជំងឺឆ្លង COVID-19 ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រាក់ចំណូល​ក្លិប​យ៉ាងច្រើន​។ ម្យ៉ាងវិញទៀត​ពួកគេ​ធ្វើបែបនេះ​គឺ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ក្រុមគ្រួសារ​របស់ Arsenal ទាំង​មូល​ផងដែរ​៕

Tag:
 COVID-19
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com