COVID-19
ជាតិ
សង្គមជាតិ
លោក ហេង សួរ​៖ ការធ្វើ​ច​ត្តា​ឡី​ស័ក​កម្មករ​ដែល​ឈប់សម្រាក​ពេល​ចូលឆ្នាំ មិនមែនជា​ការដាក់ទណ្ឌកម្ម​ឡើយ​
21, Apr 2020 , 3:14 pm        
រូបភាព
លោក ហេង សួរ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពេលចុះទៅពិនិត្យទីតាំងធ្វើតេស្តរកមេរោគកូរ៉ូណានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(រូបហ្វេសប៊ុកលោក ហេង សួរ)
លោក ហេង សួរ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពេលចុះទៅពិនិត្យទីតាំងធ្វើតេស្តរកមេរោគកូរ៉ូណានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(រូបហ្វេសប៊ុកលោក ហេង សួរ)
ដោយ:
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាត់ទុក​វិធានការ​ដាក់​កម្ម​ករក​ម្ម​ការិនី ​ដែល​បាន​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីខ្មែរ ឲ្យ​នៅ​ដាច់ដោយឡែក​(​ច​ត្តា​ឡី​ស័ក​)​ រយៈពេល​១៤​ថ្ងៃ មិនមែនជា​ការដាក់ទណ្ឌកម្ម​នោះទេ​។ ផ្ទុយទៅវិញ វា​ជួយ​សម្រួល​ដល់ក​ម្មករ​កម្មការិនី​ទាំងនោះ​ទៅវិញ​ទេ ហើយ​វា​ក៏​ជា​វិធី​មួយ ​ក្នុងការ​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩​។  មក​ពេលនេះ កម្មករ​-​កម្មការិនី ប្រមាណ​១៥០០​នាក់​ហើយ​ ដែល​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។​

 
​មានមតិ​មួយចំនួន​តូច​បាន​រិះគន់ថា ការដាក់​កម្មករ​កម្ម​ការិនី ដែល​បាន​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ​ទាំង​មានច្បាប់​ និង​អត់​ច្បាប់ ឲ្យ​នៅ​ដាច់ដោយឡែក ​រយៈពេល​១៤​ថ្ងៃ ប្រៀបបាន​ជាការ​ដាក់ទណ្ឌកម្ម​ដល់​ពួកគេ​។ ដ្បិត​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ កម្មករ​កម្មការិនី​ពុំ​ទទួលបាន​ប្រាក់​ឈ្នួល​ ពី​និយោជក​នោះឡើយ​។ 
 
​ឆ្លើយតប​នឹង​ការរិះគន់​នេះ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានចេញ​មក​អះអាងថា ការដាក់ចេញ​វិធានការ​របស់​រាជរដ្ឋាភិបាល ​តាមរយៈ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ មិនមែនជា​ការដាក់ទណ្ឌកម្ម​លើ​កម្មករ​កម្មការិនី​នោះទេ​។ ផ្ទុយទៅវិញ វា​ជួយ​សម្រួល​បន្ទុក​របស់​ពួកគេ​ទៅវិញ​ទេ ព្រោះ​អាចមាន​កម្មករ​កម្មការិនី​មួយចំនួន ​រង​ការរើសអើង​ពី​មិត្តភក្តិ ក្រុមការងារ និង​ម្ចាស់​ផ្ទះជួល​នៅ​កន្លែងធ្វើការ​ងារ និង​ស្នាក់នៅ​របស់​ពួកគេ​។​
 
​បើតាម​លោក ហេង សួរ ការចាត់វិធានការ​រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ធ្វើឡើង​ក្រោយ​មានការ​សំណូមពរ​ពី​កម្មករ​កម្មការិនី ដែល​បានមក​ធ្វើការ​ធម្មតា​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ដ្បិត​ពួកគេ​ទាំងនោះ ​បារម្ភ​ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ​ការធ្វើ​បែបនេះ ជាការ​រួមចំណែក​ក្នុងការ​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា​។  
 
«​ខ្ញុំ​គិតថា គួរតែ​សួរ​មនុស្ស​៩៨​ភាគរយ ដែល​មក​ធ្វើការ​ក្នុងអំឡុងពេល​ចូលឆ្នាំ​វិញ ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងដូចម្តេច ​នៅពេល​មនុស្ស​២​ភាគរយ​ (​អ្នក​ឈប់​ពេល​ចូលឆ្នាំ​)​ នៅក្បែរ​ពួកគាត់​។ វា​ជា​សំណូមពរ​របស់​អ្នក​៩៨​ភាគរយ ​ដែល​មក​ធ្វើការ​ទេ ដែល​គាត់​អត់​ហ៊ាន​ទទួលយក ​អ្នក​អវត្តមាន​២​ភាគរយ​មក​ក្បែរ​ខ្លួន​។ ដូច្នេះ​រាជរដ្ឋាភិបាល ​ត្រូវ​រក​វិធីសាស្ត្រ​ធ្វើយ៉ាងណា ​យក​អ្នក​២​ភាគរយ ​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​៩៨​ភាគរយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង សួរ​។  
 
​លោក​បាន​បន្ថែមថា​៖«​នៅពេល​យើង​សួរថា អ្វីដែល​យើង​ពិនិត្យ​សុខភាព​ជូន​មនុស្ស​២​ភាគរយ​ជា​ទណ្ឌកម្ម ថា​តើ​មានបាន​សួរ​អារម្មណ៍​មនុស្ស​៩៨​ភាគរយ​ទៀត​ដែរឬទេ តើ​អ្នក​ដែល​និយាយ ​អាច​ទទួលយក​បងប្អូន​២​ភាគរយ ​ទៅ​រស់នៅ​ជាមួយ​បាន​ឬ​អត់​? ប្រសិនបើ​អាច​ទទួលយកបាន ​រាជរដ្ឋាភិបាល​មិនចាំបាច់​ធ្វើបែបនេះ​នោះទេ​»​។​
 
​មាន​កម្មករ​កម្មការិនី​ទូទាំងប្រទេស​ជិត​៣​ម៉ឺន​នាក់ ​បាន​ឈប់សម្រាក​ទាំង​មានច្បាប់ ​និង​អត់​ច្បាប់​ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ខណៈ​នៅ​រាជធានី​ភ្នំពេញ ​មាន​កម្មករ​កម្មការិនី​ ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់​។ ចំនួន​នេះ ​មិនបាន​គិត​ប​ញ្ជូ​ល​ចំនួន​កម្មករ កម្មការិនី ដែល​បម្រើ​ការងារ​ក្រៅ​ប្រព័ន្ធ​នោះទេ ពោលគឺ​រាប់​តែ​កម្មករ​កម្មការិនី​ ធ្វើការ​តាម​រោងចក្រ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ ​លោក ហេង សួរ ដែល​បាន​បន្ថែមថា ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​កម្មករ​កម្មការិនី​ទាំងនោះ ក៏​មិន​ប្រាកដថា អាច​បម្រើ​ការងារ​បាន​នោះដែរ ពោលគឺ​អាស្រ័យ​លើ​ថៅកែ​រោងចក្រ​។  
 
​អ្នក​នាំ​រូបនេះ មិនបាន​បញ្ជាក់ថា មាន​កម្មករ​កម្មការិនី​ប៉ុន្មាន​នាក់​ ឈប់សម្រាក​ដោយមាន​ច្បាប់ និង​ប៉ុន្មាន​នាក់​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​។ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល ​កាលពី​ថ្ងៃ​២០ ខែមេសា ចាប់ផ្តើម​យុទ្ធនាការ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ លើ​កម្មករ​កម្មការិនី ក្រោយ​ពួកគេ​ត្រឡប់​មកពី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។  
 
​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​មណ្ឌល​ពិនិត្យ ​ចំនួន​១០​ទីតាំង រួមមាន​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១, សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​, អនុវិទ្យាល័យ​គោក​បញ្ជាន់​, សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២, វិទ្យាល័យ​ជម្ពូ​វ័​ន្ត​, អនុវិទ្យាល័យ​ដង្កោ​, វិទ្យាល័យ​ភ្នំពេញ​ថ្មី​, តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​, សាលាបឋមសិក្សា​ភូមិ​ឫស្សី និង​វិទ្យាល័យ​ឫស្សីកែវ​៕
 

Tag:
 ហេង សួរ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com