COVID-19
អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក លុប​ព្រឹត្តិការណ៍​តវ៉ា​ប្រឆាំង​បញ្ជា​ឲ្យ​នៅផ្ទះ​ក្នុង​រដ្ឋ​ខ្លះ​នៅ​អាមេរិក​
21, Apr 2020 , 3:34 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​នៅ​ថ្ងៃ​២០ ខែមេសា​ថា ខ្លួន​បាន​លុបចោល​ព្រឹត្តិការណ៍​ក្នុង​រដ្ឋ​អាមេរិក​ចំនួន​បី រួមមាន រដ្ឋ Nebraska, រដ្ឋ New Jersey និង​រដ្ឋ California ដែល​ជំរុញ​ឲ្យ​មានការ​បាតុកម្ម​តវ៉ា​ប្រឆាំង​ចំណាត់ការ​ស្នាក់​នៅផ្ទះ ក្នុង​បរិយាកាស​ជំងឺ​រាតត្បាត COVID-19 ។

 
​បទបញ្ជា​ស្នាក់​នៅផ្ទះ ដែល​ក្រុម​អ្នកជំនាញ​អះអាងថា មាន​សារសំខាន់​សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល COVID-19 តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ក្នុង​កម្រិត​រដ្ឋ​ខ្លះ​របស់​អាមេរិក​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ប្រកាសថា ខ្លួន​នឹង​អនុលោម​តាម​សេចក្តី​បង្គាប់បញ្ជា​ទាំងនេះ ហើយក៏​លុបចោល​ព្រឹត្តិការណ៍​នានា​ដែល​ផ្ទុយ​នឹង​សេចក្តីណែនាំ​គម្លាត​សុវត្ថិភាព (social distancing) ។​
 
«​ប្រសិនបើ​រដ្ឋាភិបាល​ពុំ​ហាមប្រាម​ព្រឹត្តិការណ៍​អំឡុងពេល​នេះនោះ យើង​អនុញ្ញាត​ឲ្យ​វា​រៀបចំ​ឡើងលើ​ហ្វេ​ស​ប៊ុ​ក​»​។ លោក Andy Stone អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បញ្ជាក់​បែបនេះ ដោយ​បន្ថែម សម្រាប់​ហេតុផល​នេះហើយ ព្រឹត្តិការណ៍​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល​លើ​ការអនុវត្ត​គម្លាត​សុវត្ថិភាព ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​លើ​ហ្វេ​ស​ប៊ុល​ឡើយ​។​
 
​កាលពី​ថ្ងៃ​១៩ ខែមេសា មនុស្ស​យ៉ាងតិច​២៥០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​អគារ Capitol រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​តវ៉ា​ប្រឆាំង​បទបញ្ជា​ស្នាក់​នៅផ្ទះ​ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល COVID-19​។ នេះ​ជា​បាត​កម្ម​ធំ​បំផុត​មួយ​ក្នុង​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​បទបញ្ជា​បិទ​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​COVID-19​សរុប​ជិត​៨០​ម៉ឺន​ករណី ក្នុងនោះ​ជាង​៧​ម៉ឺន​ជាសះស្បើយ ខណៈ​អ្នក​ស្លាប់មាន​ជាង​៤,២​ម៉ឺន​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com