COVID-19
ជាតិ
សង្គមជាតិ
គណៈសង្ឃ ប្រគេនបច្ច័យ១៥លានរៀល ទៅវត្ត៤១ នៅឧត្តរមានជ័យ ដែលខ្វះខាត ដោយសារកូវីដ មន្រ្តីសង្ឃ យកអង្ករទៅប្រគេនព្រះសង្ឃក្នុងវត្ត១ ក្នុងចំណោមវត្ត៤១ ដែលជួបការខ្វះខាត (រូបពីគណៈសង្ឃនាយក)
× វត្ត៤១ ក្នុងខេត្តឧត្តរមានជ័យ រងផលប៉ះពាល់ ដោយសារតែការរាលដាលនៃជំងឺកូវីដ-១៩។ គណៈសង្ឃនាយក ដែលជាស្ថាប័នមើលការខុសត្រូវលើព្រះសង្ឃនៅទូទាំងប្រទេស បានបញ្ចេញបច្ច័យ១៥លានរៀល បែងចែកទៅកាន់វត្តទាំង៤១នោះ។
សម្តេច អំ លឹមហេង សម្តេចសង្ឃនាយករងទី១ បានប្រគេនភារកិច្ចនេះ ទៅព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ ដើម្បីយកបច្ច័យទាំង១៥លានរៀលនោះ បែងចែកទៅកាន់វត្តទាំង៤១។ លិខិតរបស់សម្តេច អំ លឹមហេង ដែលចេញជំនួសសម្តេច នន្ទ ង៉ែត ជាសម្តេចសង្ឃនាយក កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រះសង្ឃតាមវត្តទាំង៤១ មាន៣៧៣អង្គ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មតានិងសាសនា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១៨ ខែមេសាថា ដ្បិតជំងឺកូវីដ-១៩ រាលដាលនៅកម្ពុជាក្តី តែមិនទាន់មានវត្តអារាមណាមួយ រងផលប៉ះពាល់ធ្ងន់ធ្ងររហូតដល់ដាច់ចង្ហាន់ព្រះសង្ឃនោះទេ។ លោក បន្តថា ចំពោះការជួយ ដល់វត្តទាំង៤១ គឺជាគោលការណ៍របស់គណៈសង្ឃនាយក។
លោក បន្ថែមថា ជារៀងរាល់ឆ្នាំ គណៈសង្ឃនាយក តែងជួយដល់វត្តទាំងឡាយណា ដែលខ្វះខាត ក្រខ្សត់ និង នៅដាច់ស្រយាល នៅតាមបណ្តាខេត្តផ្សេងៗ មិនមែនទើបតែជួយ ពេលជំងឺកូវីដ-១៩ រាលដាលនោះទេ។ យ៉ាងណា លោក ពុំបានផ្តល់ព័ត៌មានឡើយថា មានវត្តនៅខេត្តផ្សេងទៀត រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះដែរ ឬមិនមាន។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា នៅកម្ពុជា រកឃើញមនុស្ស១២២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ តែបានជាសះស្បើយ១១០នាក់ហើយ ដោយនៅសល់តែ១២នាក់ទៀតប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាល៕
Tag:
វត្តខ្វះខាត
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com