COVID-19
អន្តរជាតិ
ទីប្រឹក្សាសេដ្ឋកិច្ចលោក ត្រាំ ៖ ចិនអាចលាក់ព័ត៌មានពី COVID-19 ដើម្បីប្រយោជន៍ពាណិជ្ជកម្ម លោក Peter Navarro ទីប្រឹក្សាប្រចាំសេតវិមាន។ រូបភាព AFP
× លោក Peter Navorra ទីប្រឹក្សាប្រចាំសេតវិមាន បានលើកឡើងពីលទ្ធភាពដែលចិនទំនងជាលាក់បាំងព័ត៌មានពីជំងឺ COVID-19 នៅដំណាក់កាលដំបូង ដើម្បីកេងចំណេញនៅពេលក្រោយ។ លោក Navarro និយាយបែបនេះក្នុងកិច្ចសម្ភាសជាមួប៉ុស្តិ៍ទូរទស្សន៍ Fox Business ។
ចិនលាក់ព័ត៌មានពី COVID-19 ដើម្បីចង់យកឈ្នះក្នុងការប្រកួតប្រជែងបង្កើតវ៉ាក់សាំង។ នេះជាការគំនិតរបស់លោក Peter Navarro ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នជាប្រទេសរងគ្រោះខ្លាំងដោយសារជំងឺCOVID-19 បានទាមទារចិនម្តងហើយម្តងទៀតឲ្យចែករំលែកទិន្ន័យនៅក្នុងដំណាក់ដំបូងនៃការឆ្លងជំងឺ។ រដ្ឋបាលលោក ត្រាំ និយាយមិនដាច់ពីមាត់ពីគោលដៅរបស់ចិនដែលព្យាយាមលាក់ព័ត៌មានដើម្បីប្រយោជន៍អ្វីមួយ។
ប្រាប់ទូរទស្សន៍ Fox News លោក Navarro បាននិយាយថា ហេតុផលមួយដែលចិន អាចនឹងមិនព្រមឲ្យអ្នកជំនាញអាមេរិកចូលទៅក្នុងប្រទេសចិន ឫផ្តល់ទិន្ន័យនៅដំណាក់កាលដំបូងនៃការឆ្លងមក ដោយសារចិនកំពុងប្រឹងប្រែងផលិតវ៉ាក់សាំង ព្រោះមើលឃើញថាវាជាការពាណិជ្ជកម្មដែលមានភាពប្រកួតប្រជែង និងដើម្បីអាចលក់បានជុំវិញពិភពលោក។ យ៉ាងណាមិញ ទីប្រឹក្សារូបនេះអះអាងថា អាមេរិក នឹងជាអ្នកឈ្នះ។
លោកបញ្ជាក់បែបនេះថា ៖« ប៉ុន្តែយើងនឹងឈ្នះចិន។ យើងនឹងឈ្នះក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ។ យើងនឹងឈ្នះគេ ដោយសារតែក្រសួងសុខាភិបាល និងសេវាមនុស្សរបស់យើងបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ ប្រកួតប្រជែងស្វែងរកវ៉ាក់សាំងហើយ។»
លោក ត្រាំ បានចាត់តាំងលោក Navarro ដែលជាមន្ត្រីរិះគន់ចិនមិនសំចៃមាត់ ឲ្យទទួលបន្ទុកលើការផ្គត់ផ្គង់ទាំងឡាយណា ដែលទាក់ទង់នឹងជំងឺរាតត្បាតសកលនេះ។
មកដល់ពេលនេះ ពុំទាន់រកឃើញវិធីសាស្ត្រព្យបាលណាមួយ ឫវ៉ាក់សាំងដែលគេអនុញ្ញាតសម្រាប់ព្យាបាលជំងឺ COVID-19 ឡើយ។ គិតត្រឹមថ្ងៃទី២១ ខែមេសានេះពិភពលោកទាំងមូលមានអ្នកឆ្លងចំនួន២,៤៨លាននាក់ និងស្លាប់ចំនួន១៧០,៤៣៩នាក់។ នៅ សហរដ្ឋអាមេរិក អ្នកឆ្លងមាន៧៩២,៩១៣នាក់ និងស្លាប់ចំនួន ៤២,៥១៧នាក់ ខណៈជាសះស្បើយមាន៧២,៣៨៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com