ជាតិ
សង្គមជាតិ
ក្រសួង​បង្កើត​កម្មវិធីសិក្សា «​តាម​វិទ្យុ​» សម្រាប់​ក្មេង​ជនជាតិដើម​ភាគតិច ពី​មតេយ្យ​ដល់​ថ្នាក់​ទី​៣
21, Apr 2020 , 8:19 pm        
រូបភាព
កុមារតូចៗជនជាតិដើមភាគតិច​ដែលកំពុង​ស្តាប់តាម​ការ​បង្រៀនពី​អ្នកគ្រូ រូបភាពពីVAO
កុមារតូចៗជនជាតិដើមភាគតិច​ដែលកំពុង​ស្តាប់តាម​ការ​បង្រៀនពី​អ្នកគ្រូ រូបភាពពីVAO
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ​បាន​បង្កើត​កម្មវិធី​សិក្សា​តាម​វិទ្យុ សម្រាប់​ឲ្យ​សិស្ស​ជនជាតិដើម​ភាគតិច ដែល​រៀន​នៅ​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​៣ ក្នុង​ខេត្តមណ្ឌលគិរី និង​រតនគីរី​។ កម្មវិធីសិក្សា​តាម​វិទ្យា​នេះ មាន​រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២០​។

 
​កម្មវិធីសិក្សា​នេះ នឹង​ចាក់ផ្សាយ​តាម​វិទ្យុ​ក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្ត​រតនគីរី​។ ក្រសួង​អប់រំ បាន​បញ្ជាក់ថា នឹង​រៀបចំ​ចាក់ផ្សាយ​ជា​សំឡេង​ភាសា​ទំពួន គ្រឹ​ង និង​ព្នង សម្រាប់​សិស្ស​ថ្នាក់​មេ​ត្ត​យ្យ ដល់​ថ្នាក់​ទី​៣ ដែលជា​ជនជាតិភាគតិច រស់នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគីរី​។ ពេលវេលា​ចាក់ផ្សាយ ក្រសួង​អប់រំ នឹង​ជ្រើសរើស​តាម​ការសម្រេចចិត្ត​ជាក់​ស្តែង​នៅក្នុង​សហគមន៍​។​
 
​ដើម្បី​អាច​ឲ្យ​សិស្ស​ជនជាតិភាគតិច​ទ​ទួលបាន​ចំណេះដឹង និង​មេរៀន ប្រកបដោយ​គុណភាព ក្រសួង​អប់រំ ស្នើ​ឲ្យ​នាយក​សាលា លោកគ្រូ អ្នកគ្រូ បន្ត​ផ្សព្វផ្សាយ និង ត្រូវមាន​ទំនាក់ទំនង​ជាមួយ​ម្តាយ​ឪពុក​និង​អាណាព្យាបាល​គ្រប់រូប ដើម្បី​ជំរុញ​ពួកគាត់ ឲ្យ​យកចិត្តទុកដាក់​និង​ណែនាំ​កូនចៅ ឲ្យ​ខិតខំ​រៀនសូត្រ​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​។​
 
​សូមបញ្ជាក់ថា ក្រសួង​អប់រំ បាន​បង្កើត​កម្មវិធីសិក្សា​តាម​ទូរ​សព្ទ ដូចជា App E-School Cambodia, E-Learning School, Beep, និង Wiki TV ។ សម្រាប់​សិស្ស​នៅតាម​ទីជនបទ​ដាច់ស្រយាល  ក្រសួង​អប់រំ​ណែនាំ​ឲ្យ​សិក្សា​តាម​ទូរទស្សន៍​តេ​ជោ (Decho TV) ប៉ុស្តិ៍​លេខ​២២ ទូរទស្សន៍​ជាតិ​កម្ពុជា​២ (​ទ​ទក​២) និង ទូរទស្សន៍​ខ្សែកាប​៥៥​ប៉ុស្តិ៍​ទៀត​៕ 
 
 

Tag:
 ​អប់រំ​
 ​សិស្ស​
 ​វិទ្យុ​
 ​ជនជាតិដើម​ភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com