ជាតិ
បញ្ហា​ចំនួន​៥ កំពុង​រាំងស្ទះ​ផែន​ការដាំ​ដំណាំ​អាទិភាព​តាម​ខេត្ត ក្រសួងកសិកម្ម​
21, Apr 2020 , 9:19 pm        
រូបភាព
រូបភាពពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
រូបភាពពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
​ភ្នំពេញ​៖ បញ្ហា​ទីផ្សារ និង​ការកែច្នៃ​, ធនធាន​វិនិយោគ​, ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​កម្រិត​ចំណេះដឹង​របស់​កសិករ​ជាដើម គឺជា​បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ ដល់​ការរៀបចំ​ផែន​ការដាំដុះ​ដំណាំ​អាទិភាព​តាម​ខេត្ត​នីមួយៗ​។ នេះ​ជាការ​បញ្ជាក់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។


 
​លោក​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ គឺ​ឆ្លើយតប​នឹង​សំណើ​របស់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​បាន​ផ្តល់យោបល់​នៅពេលដែល​រដ្ឋមន្ត្រី​បង្ហោះ​ពី​ជោគជ័យ​នៃ​ការដាំ​មើម​ការ៉ុត និង​ស្ពៃបូកគោ របស់​កសិករ​នៅ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៨ មេសា​កន្លងទៅ​។​
 
​លោក វេ​ង សាខុន បញ្ជាក់ថា​ក្រសួងកសិកម្ម កំពុង​ដាក់ចេញ​ទស្សនវិស័យ​រៀបចំ​ផែន​ការដាំ​ដំណាំ​អាទិភាព​តាម​ខេត្ត​នេះ តែ​ទន្ទឹមនឹងនេះ លោក​ក៏បាន​រៀបរាប់​ពី​បញ្ហា​ប្រឈម​ជុំវិញ​ផែនការ​នេះដែរ​។ លោក​រដ្ឋមន្ត្រី​កសិកម្ម សរសេរ​តប​ដូច្នេះ​៖ «​ប្រាកដ​ណាស់ យើង​ត្រូវតែ​ធ្វើ ហើយ​ក្រសួង​កំពុង​ដាក់ចេញ​នូវ​ទស្សន​វិស័យនេះ ប៉ុន្តែ​ក៏​យើង​ត្រូវ​គិត​ផងដែរ ទៅលើ​បញ្ហា​ប្រឈម​ទៅលើ​អ្វីដែល​យើង​មិនទាន់​អាច​បង្ខំ​ធ្វើទៅបាន​នោះ​គឺ​៖ ១) ទីផ្សារ និង​កែច្នៃ​នៅ​កន្លែង ២) ធនធាន​សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​ជួបនឹង​បញ្ហា និង​នៅមាន​ការ​រាយប៉ាយ  ហើយ​មាន​ទស្សន​មិន​ស្របគ្នា​ច្រើន​ក្នុង​កម្រិត​ជាតិ និង​មូលដ្ឋាន ៣) ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដទៃទៀត​នៅមានកម្រិត ៤) ធនធាន​វិនិយោគ​របស់​វិស័យ​ឯកជន​នៅមានកម្រិត ៥) ឆន្ទៈ និង​ធនធាន​របស់​កសិករ នៅមានកម្រិត ទាំង​ការវិនិយោគ និង​ចំណេះដឹង​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី លោក​រដ្ឋមន្ត្រី មិនបាន​បញ្ជាក់​ពី​ដំណោះស្រាយ​បញ្ហា​នេះ​នោះទេ នៅក្នុង​សំណេរ​ដដែល​នោះ​។​
 
​នៅក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​៕

Tag:
 កសិកម្ម​
  ដំណាំ​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com