អន្តរជាតិ
ចិនប្រាប់វៀតណាមម្ដងទៀត៖ ប្រជុំកោះParacel និង Spratly គឺជាដែនទឹករបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
× ចិន នាថ្ងៃទី២០ ខែមេសា បានអះអាងជាថ្មីថា ប្រជុំកោះ Paracel និង Spratly ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង គឺជាដែនទឹករបស់ខ្លួន។ ការអះអាងបែបនេះ គឺជាការឆ្លើយតបទៅនឹងវៀតណាម ដែលបានតវ៉ាវាចិន បានរំលោភបំពាន ដែនអធិបតេយ្យរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរតាមរយៈការបង្កើតតំបន់រដ្ឋបាលនៅតំបន់សមុទ្រមួយនេះ។
នាថ្ងៃទី១៩ ខែមេសាកន្លងមក វៀតណាមបានចោទប្រកាន់ចិនថា បានរំលោភដែនអធិបតេយ្យរបស់ខ្លួនតាមរយៈការបង្កើតស្រុកនៅលើប្រជុំកោះ Paracel និង Spratly។ ចិនបានឆ្លើយតបវិញដោយច្បាស់ៗថា ប្រជុំកោះទាំងពីរនេះ គឺជាដែនអធិបតេយ្យរបស់ចិន និងគ្មាននរណាអាចបំពានបានឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២០ ខែមេសា ថា ចិនជំទាស់យ៉ាងខ្លាំងចំពោះពាក្យសម្តី និងសកម្មភាពរបស់វៀតណាម ដែលធ្វើឲ្យប៉ះពាល់ដែនអធិបតេយ្យ សិទ្ធិ និងផលប្រយោជន៍របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ មន្ត្រីចិនដដែលនេះអះអាងថា ចិន នឹងចាត់វិធានការទាំងអស់ ដើម្បីការពារដែនអធិបតេយ្យ សិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានលើកឡើងទៀតថា ប្រជុំកោះ Paracel ឬជាភាសាចិនXisha និងប្រជុំកោះ Spratly ឬ Nansha នេះ គឺជាដែនកោះរបស់ចិន ដែលត្រូវបានក្រុមប្រឹក្សារដ្ឋចិនអនុញ្ញាតឲ្យក្រុង Sansha ខេត្ត Hainan បង្កើតស្រុកចំនួនពីរឡើង។ បន្ថែមពីនេះ ដែនទឹកដែលនៅជុំវិញប្រជុំកោះទាំងនេះ ក៏ជាដែនអធិបតេយ្យរបស់ចិនផងដែរ។
ការសម្រេចបង្កើតស្រុក Xisha និង ស្រុក Nansha នេះ គឺដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងលើកស្ទួកការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច ក៏ដូចជាការការពារបរិស្ថានរបស់ទីក្រុង។ ក្រៅពីនេះ ចិនក៏បានបង្កើតឈ្មោះសម្រាប់កោះផ្សេងទៀតដែរ ដោយផ្អែកទៅច្បាប់ក្នុងស្រុករបស់ខ្លួន។ លោក Geng បញ្ជាក់បែបនេះ។
សូមបញ្ជាក់ថា វិវាទរវាងចិន និងវៀតណាមជុំវិញការបង្កើតស្រុកនៅក្នុងប្រជុំកោះ Paracel និងប្រជុំកោះ Spratly នេះ បានកើតឡើង ក្នុងកាលៈទេសៈប្រទេសនីមួយៗ កំពុងជាប់ដៃប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ៕
© រក្សាសិទ្ធិដោយ thmeythmey.com