COVID-19
ជាតិ
អឺរ៉ុប ជួយ​កម្ពុ​ជាជាង​៦០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩
21, Apr 2020 , 9:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប បាន​បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​៥៦​លាន​អឺរ៉ូ (​ជាង​៦០​លាន​ដុល្លារ​)   ពី​កម្មវិធី​កំពុងដំណើរការ​មួយចំនួន ជូន​មក​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ចំណាយ​លើ​វិស័យ​គាំពារ​សង្គម​ជា​អាទិភាព និង​ការងារ​បន្ទាន់​របស់រ​ដ្ឋា​ភិ​បាល ក្នុងការ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ពី​វិបត្តិ​ជំងឺ​កូ​វិដ​-១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ស្តីពី​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាម Video Conference នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​។​


 
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ជួប​ជាមួយ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាម Video Conference ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​របស់​កម្ពុជា និង​លទ្ធភាព​នៃ​ការចូលរួម​របស់​សហ​ភាព​អឺរ៉ុប ក្នុងការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ និង​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។ 
 
​ក្នុង​កិច្ច​ពិភាក្សាគ្នា​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ប្រឈម និង​ប្រយុទ្ធ​ដោះស្រាយ ចំពោះ​វិបត្ដិ​សាកល​ដោយសារ​ជំងឺ​កូ​វីដ ១៩​។ ជាមួយគ្នា​ដែរ កម្ពុជា​កំពុង​គ្រប់គ្រង​លើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ ប៉ុន្តែ​កម្ពុជា​នៅតែ​មិន​បន្ធូរដៃ​នោះទេ និង​សកម្ម​កាន់តែខ្លាំង​ថែមទៀត ដោយបាន​បង្កើត​យន្តកា​រ និង​ដាក់ចេញ​វិធានការ​ជា​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ការស្ដារ​សម្បទា​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។ លើសពីនេះ ជំងឺ​កូ​វីដ​-១៩ មិន​ត្រឹមតែ​ជា​វិបត្ដិ​សុខភាព​សាធារណៈ​នោះទេ តែ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យសេដ្ឋកិច្ច​ផ្សេងៗ រួមមាន​វិស័យ​កាត់ដេរ ទេសចរណ៍ ធុរកិច្ច​ខ្នាតតូច និង​មធ្យម​ទៀតផង​។​
 
​ទន្ទឹម​ន​នឹង​នេះ លោកស្រី Carmen Moreno បានបញ្ជាក់​អំពី​ជំហរ​គាំទ្រ​របស់​សហភាព​អឺរ៉ុប ក្នុងការ​ចូលរួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​-​សង្គម ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ រដ្ឋ​ម​ន្ត្រី្ត​ក្រសួង​សេដ្ឋកិច្ច ប្រាប់​លោកស្រី Carmen Moreno ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ចំ​នួ​៤ រួមមាន ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និង ជំនួយ​សង្គម​ដើម្បី​គ្រប់គ្រង ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់ចេញ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​ផលប៉ះពាល់ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួន ក្នុង​ក្របខណ្ឌ EBA៕ 

Tag:
 អឺរ៉ុប​
  ជំនួយ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com