COVID-19
អន្តរជាតិ
ថៃ​មាន​ករណី COVID-19 ថ្មី​តិច ខណៈ​ឡាវ​និង​វៀតណាម​នៅតែ​គ្មាន​សូម្បី​មួយ​ករណី​
21, Apr 2020 , 4:24 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​រដ្ឋាភិបាល​ថៃ បាន​រាយការណ៍​ករណី​ឆ្លង​COVID-19​ថ្មី ១៩​ករណី នៅ​ថ្ងៃ​២១ ខែមេសា ដែលជា​តួលេខ​ឆ្លង​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១​ខែ​ចុងក្រោយ​។ ចំណែក វៀតណាម ពុំ​រកឃើញ​ករណី​ឆ្លង​ថ្មី​សម្រាប់​៥​ថ្ងៃ​ជាប់​គ្នា ខណៈ​ឡាវ​គ្មាន​ករណី​ថ្មី​សោះ ៨​ថ្ងៃ​ជាប់​គ្នា​។

 
​ជំងឺ COVID-19 ត្រឹម​១៩​ករណី​ថ្មី​ប៉ុណ្ណោះ ត្រូវបាន​រាយការណ៍​នៅ​ថ្ងៃទី​២១ ខែមេសា ក្នុងប្រទេស​ថៃ​។ ករណី​ថ្មី​នេះ ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់​២៨១១​ករណី ក្នុងនោះ ៧៥​ភាគរយ ឬ​ស្មើ​២១០៨​នាក់ ជាសះស្បើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​រដ្ឋាភិបាល​ថៃ​ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត បាងកក​ប៉ុស្តិ៍​។ ករណី​ស្លាប់​បាន​ឡើង​១​ករណី​ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​ឡើងដល់​៤៨​ករណី​។ អ្នកស្លាប់​ចុងក្រោយបង្អស់​ក្នុងប្រទេស​ថៃ គឺជា​អ្នករត់​តាក់ស៊ី​អាយុ​៥០​ឆ្នាំ​។ 
 
​ដោយឡែក វៀតណាម នៅ​ព្រឹក​ថ្ងៃ​២១ មេសា ពុំ​រកឃើញ​ករណី​ឆ្លង​COVID-19​ថ្មី​បន្ថែម​ទៀតឡើយ ដែល​នេះ​គឺជា​ថ្ងៃទី​៥​ហើយ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ករណី​ឆ្លង​សរុប​រក្សា​ត្រឹម​២៦៨​ករណី​ដដែល ក្នុងនោះ​១៦០​នាក់​ជា​ករណី​នាំចូល​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Vietnam News​។ អ្នកជំងឺ​២១៦​នាក់ ជាសះស្បើយ ខណៈ​គ្មាន​ករណី​ស្លាប់​កើតឡើង​ឡើង​ក្នុងប្រទេស​វៀតណាម​។ 
 
​នៅ​អាស៊ីអាគ្នេយ៍​ដដែល ប្រទេស​ឡាវ ក៏​គ្មាន​រាយការណ៍​ករណី​ឆ្លង​COVID-19​ថ្មី​បន្ថែមទៀត​ផងដែរ​។ គិត​ត្រឹម​ថ្ងៃ​២០ មេសា នេះ​គឺជា​ថ្ងៃទី​៨​ហើយ​សម្រាប់​ប្រទេស​នេះ​។ ករណី​ឆ្លង​សរុប​ក្នុងប្រទេស​ឡាវ នៅតែមាន​ត្រឹម ១៩​ករណី ក្នុងនោះ​២​នាក់​ជាសះស្បើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។ ឡាវ​បានប្រកាស​ករណី​ឆ្លង​២​ដំបូង​កាលពី​ថ្ងៃ​២៤ មីនា​កន្លងទៅ​។​
 
​ក្រៅពី​ប្រទេស​ទាំងបី ប្រទេស​នៅ​តំបន់​អាស៊ាន​ផ្សេងទៀត បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ថ្មី លើកលែង​កម្ពុជា ដែល​មិនមាន​ករណី​ឆ្លង​ថ្មី​យូរថ្ងៃ​មកហើយ​ដែរ​។ សិង្ហ​បុរី មាន​ករណី​ឆ្លង​ច្រើនជាងគេ គឺ​លើស​៩​ពាន់​ករណី តាម​ពីក្រោយ​ដោយ​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ម៉ាឡេស៊ី​៕ 

Tag:
 ថៃ​
  ឡាវ​
  វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com