COVID-19
អន្តរជាតិ
ហុងកុង បន្ត​រឹតត្បិត​សកម្មភាព​ប្រជាជន​១៤​ថ្ងៃ​ទៀត ទោះ​គ្មាន​ករណី​ឆ្លង COVID-19 ថ្មី​
21, Apr 2020 , 10:19 pm        
រូបភាព
នាយកប្រតិបត្តិហុងកុង លោកស្រី ការី ឡាំ។ រូបភាព៖ Reuters
នាយកប្រតិបត្តិហុងកុង លោកស្រី ការី ឡាំ។ រូបភាព៖ Reuters
​រដ្ឋាភិបាល​ទីក្រុង​ហុងកុង នា​ថ្ងៃទី​២១ ខែមេសា បានសម្រេច​ពន្យារពេល​រឹតត្បិត​សកម្មភាព​ប្រជាជន​ចំនួន ១៤​ថ្ងៃ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ ការបន្ថែម​រយៈពេល​រឹតត្បិត​នេះ ធ្វើឡើង​បន្ទាប់ពី​តំបន់​ស្វយ័ត​មួយ​នេះ មិនមាន​ករណី​ឆ្លង​ជា​លើកដំបូង​ចាប់តាំងពី​ដើមខែ​មីនា​ក​ន្ល​ង​មក​។


 
​ការបន្ថែម​រយៈពេល​រឹតត្បិត​ការធ្វើដំណើរ ត្រូវបាន​ប្រទេស​ជាច្រើន​កំពុង​អនុវត្ត​ដូចជា​បារាំង អង់គ្លេស អាល្លឺម៉ង់ អាមេរិក អូស្ត្រាលី ម៉ាឡេស៊ី បើទោះបី​តួលេខ​អ្នក​ផ្ទុក​COVID-19 បាន​ធ្លាក់ចុះ​ក៏ដោយ​។ ចំណែក​ហុងកុង​ក៏​ដូចគ្នា រដ្ឋាភិបាល​តំបន់​ស្វយ័ត​មួយ​នេះ បាន​បន្ថែម​រយៈពេល​រឹតត្បិត​រយៈពេល ១៤​ថ្ងៃ​ទៀត បន្ទាប់ពី​ហុងកុង​មិនមាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ជា​លើកដំបូង​នា​ថ្ងៃទី​២០ ខែមេសា​។ នេះ​គឺជា​លើកដំបូង​របស់​ហុងកុង ដែល​មិនមាន​ករណី​ឆ្លង​ចាប់​តាំងពីដើម​ខែមីនា​ក​ន្ល​ង​មក​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បាន​បញ្ជាក់ថា ការ​រឹតត្បិត គឺជា សកម្មភាព​មួយ​ដ៏​ពិបាក ប៉ុន្តែ​ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន​ហុងកុង និង​រក្សា​ជ័យជម្នះ ដែល​ហុងកុង​អាច​គ្រប់គ្រង​លើ COVID-19 តាំងពី​ខែមីនា​មក វា​ចាំបាច់​ណាស់​ដែល​វិធានការ​រឹតត្បិត​ត្រូវ​បន្ថែម​រយៈពេល ១៤​ថ្ងៃ​ទៀត​។​
 
​ហុងកុង​បាន​រឹតត្បិត​ការធ្វើដំណើរ និង​សកម្មភាព​នានា​តាំងពី​ថ្ងៃទី​២៩ ខែមីនា​មក​ម្លេះ ហើយ​ត្រូវបាន​ពន្យារ​បន្ថែមទៀត​រហូតដល់​ថ្ងៃទី​២៣ ខែមេសា​។ ការបន្ថែម​រយៈពេល​រឹតត្បិត​ចំនួន ១៤​ថ្ងៃ​ទៀត​នេះ គឺជា​លើក​ទី​៣ របស់​ហុងកុង ដើម្បី​បង្ការ​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​។ តាមរយៈ​វិធានការ​រឹតត្បិត​នេះ ហុងកុង ត្រូវបាន​មើលឃើញថា មិនមាន​ករណី​ឆ្លង​កើនឡើង​ដូច​បណ្តា​ប្រទេស​អឺរ៉ុប ឬ​អាមេរិក​ឡើយ​។ ផ្ទុយទៅវិញ​ហុងកុង​អាច​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស​បាន​។ ហុងកុង ទទួលបាន​ការសរសើ​រ​ចំពោះ​លទ្ធផល​បែបនេះ​។ 
 
​ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លង​នៅក្នុង​ទីក្រុង ហុងកុង បាន​បិទ​កន្លែង​លេងល្បែង កន្លែង​ហាត់ប្រាណ រោងភាពយន្ត​។ ចំណែក​ការធ្វើដំណើរ​មកពី​បរទេស ក៏ត្រូវ​បាន​ផ្អាក​ដែរ​។ បន្ថែម​ពីលើ​នេះ ហុងកុង ក៏បាន​បិទ​សាលារៀន ឲ្យ​ប្រជាជន​ធ្វើការ​ពី​ផ្ទះ ការរក្សា​អនាម័យ​នៅតាម​កន្លែង​មួយចំនួន​ជាដើម​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ហុងកុង​មានការ​ឆ្លង COVID-19 សរុប​ចំនួន ១០២៦​ករណី អ្នកស្លាប់ ៤​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៦៣០​នាក់​៕ 

Tag:
 ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com