ONE Championship
កីឡាជាតិ
ជាតិ
ក្លិប Petchyindee Academy ចូលរួម​ជួយ​ក្លិប​នានា​ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19
21, Apr 2020 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ក្លិប​ប្រដាល់ Petchyindee Academy ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​បាន​បង្កើត​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​ពេល​ទទួលបាន​ធនធាន​អ្នកលេង​ក្បាច់គុន​មួយ​ថៃ​ល្អៗ​ឡើង​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ ក្នុងស្ថានភាព​ដ៏​លំបាក​សម្រាប់​ពិភពលោក ក្លិប​ប្រដាល់​ល្បី​នៅ​ក្រុង​បាងកក​មួយ​នេះ​បាន​បរិច្ចាគ​ទឹកប្រាក់​ស​ប្បុ​រសធម៌​ដើម្បី​ចូលរួម​ជួយ​ក្លិប​ផ្សេងទៀត​ក្នុងប្រទេស​ខ្លួន​ដែល​កំពុង​ជួប​បញ្ហា​។



 

​អ្នកចាត់ការ​ក្លិប Petchyindee Academy លោក Nuttadaj Vachirarattanawong ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Sia Boat” បានប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​ក្លិប​របស់ខ្លួន​បាន​បរិច្ចាគ​ទឹកប្រាក់ ១៤០០០ ដុល្លារ​អាមេរិក​ជូន​ដល់​ក្លិប​មួយចំនួន​នៅ​ប្រទេស​ថៃ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ COVID-19​។ 
 
​លោក Nuttadaj បាន​ឲ្យ​ដឹងថា ៖«​វា​ជា​ពេលដែល​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​មិនអាច​នៅ​ស្ងៀម​បានទេ និង​មិន​ឈរ​ឱបដៃ​មើល​ក្លិប​ប្រដាល់​នានា និង កីឡាករ​កីឡាការិនី​ដែល​កំពុង​តស៊ូ​ប្រឆាំងនឹង​ភាពលំបាក​នោះឡើយ​»​។​
 
​អ្នកចាត់ការ​ដដែល​គូសបញ្ជាក់ថា ៖«​ដំបូង​យើង​ផ្ដោតលើ​ការជួយ​ដល់ ៤៥ ក្លិប ដែលជា​ដៃគូ​សហការ​ជាមួយ Petchyindee ប៉ុន្តែ​ក្លិប​ផ្សេង​ក៏​យើង​មិន​បដិសេធ​ដែរ​។  យើង​ត្រូវតែ​ជួយ​ក្លិប​ផ្សេងៗ​តាមតែ​អាចធ្វើ​ទៅបាន​។​ពេល​យើង​សម្រេចចិត្ត​ជួយ យើង​នឹង​ជួយ​ឲ្យ​បានល្អ​បំផុត​»​។ 


 
​ក្លិប Petchyindee Academy  មាន​កីឡាករ​ល្បីៗ​ដូចជា​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Petchmorakot Petchyindee Academy និង​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam “The Baby Shark” Petchyindee Academy ជាដើម​។ លោក Virat Vachirarattanawong គឺជា​ឳ​ពុក​របស់​អ្នកចាត់ការ​ខាងលើ និង ជា​ស្ថាបនិក​របស់​ក្លិប Petchyindee Academy​។ លោក​នឹង​លៃលក​បរិច្ចាគ​បន្ថែម​រហូតដល់​ក្បែរ ១៩០០០ ដុល្លារ​អាមេរិក​លើសពី​គម្រោង​ចាស់​។ 
 
​ការបរិច្ចាគ​នេះ​សម្រាប់​ក្លិប​នៅតាម​តំបន់​ដាច់ស្រយាល​ដើម្បី​រួមចំណែក​ដល់​ការចំណាយ​លើ ការបង់​ភ្លើង ចំណីអាហារ និង​ទឹក​ទឹកស្អាត​ប្រើប្រាស់​ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ​។ Petchmorakot បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ជាពិសេស​ការជួយ​ដល់​ក្លិប​នៅ​ស្រុកកំណើត​ឯ​ខេត្ត Ubon Ratchathani​។ 
 
«​ខ្ញុំ​សប្បាយរីករាយ​ណាស់ និង មាន​មោទនភាព​ដែលមាន​អ្នកគ្រប់គ្រង​ដូច​លោក Nuttadaj ហើយ​វា​ល្អ​សម្រាប់​សហគមន៍​ក្បាច់គុន​មួយ​ថៃ​។ វា​ពិតជា​សំខាន់​ណាស់ ព្រោះ​ឥឡូវនេះ ក្លិប​ប្រដាល់​នៅតាម​តំបន់​ដាច់ស្រយាល​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់​ក្រៅពី​រង់ចាំ​ការ​ត្រលប់​មកវិញ​ក្រោយ COVID-19 លែងមាន​។ ពួកគេ​ត្រូវការ​ជំនួយ​។ ក្លិប​ខ្លះ​នៅ​ភាគ​ឦសាន​ទើបតែ​ចាប់ផ្ដើម​»​។ ម្ចាស់​ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion បាន​រៀបរាប់​បែបនេះ​។ 
 
​ចំណែក Petchdam ដែល​បាន​ចាក​ចេញពី​រាជធានី​បាងកក​ទៅ​តំបន់​ដាច់ស្រយាល​បាន​ថ្លែងថា​៖«​យើង​បានធ្វើការ​ជាមួយគ្នា​។ វា​មិន​ត្រឹមតែ​ក្លិប​តូចៗ​នៅ​តំបន់​ឦសាន​ទេ តែ​យើង​ជួយ​ដល់​ក្លិប​ផ្សេងទៀត​។ យើង​ត្រូវ​ពឹង​គ្នា​ទៅវិញទៅមក​»​។ 
 
​ទោះជា​មេរោគ COVID-19 បាន​បានធ្វើ​ឲ្យ​សង្វៀន​នានា និង ការហ្វឹកហាត់​ត្រូវបាន​ផ្អាក ប៉ុន្តែ​លោក “Sia Boat” នៅតែមាន​សុទិដ្ឋិនិយម​ថា​ក្លិប​នានា និង កីឡាករ​អាច​យកឈ្នះ​រឿងនេះ​បាន​។ 
 
Petchdam សង្កត់ធ្ងន់ ៖«​រឿង​ចុងក្រោយ​ដែល​ចង់​និយាយ​គឺ មានតែ​មួយ​ដោយ​រួមគ្នា និង​សហការគ្នា​ដើម្បី​យកឈ្នះ​មេរោគ​រាលដាល​នេះ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com