COVID-19
ជាតិ
កម្មករ៣៨នាក់ ត្រូវបានផ្ទេរពីការដាក់ចត្តាឡីស័ក នៅវិទ្យាល័យជម្ពូវ័ន្ត ទៅផ្ទះវិញ
× ភ្នំពេញ៖ កម្មករ៣៨នាក់ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកអស់រយៈពេល១២ម៉ោង នៅមណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន (វិទ្យាល័យជម្ពូរវ័ន្ត) ត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែពួកគេត្រូវបន្តចត្តាឡីស័កខ្លួនឯង នៅតាមផ្ទះរៀងខ្លួន។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មូលហេតុដែលក្រសួងការងារ សម្រេចឱ្យកម្មករទាំងនោះ ផ្ទេរការធ្វើចត្តាឡីស័ក ពីវិទ្យាល័យជម្ពូវ័ន្ត ទៅនៅក្នុងផ្ទះវិញនេះ ដោយសារតែពួកគេ ស្ថិតនៅក្នុងករណីសង្ស័យប្រយោលប៉ុណ្ណោះ។ មានន័យថា កម្មករទាំង៣៨នាក់នេះ គឺជាអ្នកដំណើរមកជាមួយកម្មករ១៨នាក់ទៀត ដែលត្រូវបានយកសំណាកទៅធ្វើតេស្ត ហើយកំពុងស្ថិតនៅក្រោមការតាមដានសុខភាពអគារចត្តាឡីស័កក្នុងកម្រិត២(មួយបន្ទប់ នៅតែមួយនាក់) នៃវិទ្យាល័យជម្ពូរវ័ន្តនេះ។
បើតាមក្រសួងការងារ សំណាកកម្មករ១៨នាក់ទៀត ដែលត្រូវបានយកទៅធ្វើតេស្តនោះ ចេញលទ្ធផលមកអវិជ្ជមាន ប៉ុន្តែក្រសួងត្រូវការធ្វើតេស្តជាលើកទី២ ម្ដងទៀត។
គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី២១ មេសា កម្មករ-កម្មការិនី ជិត១៥០០នាក់ ដែលត្រូវបានពិនិត្យសុខភាព និងដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោយពិនិត្យសុខភាពរកCOVID-19 ។ ក្នុងនោះសំណាកកម្មករចំនួន៤៤នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តរកCOVID-19 បន្ត។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រសួងការងារ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញសុខាភិបាល បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ កន្លែង ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។ ក្នុងចំណោមកម្មកររោងចក្រជិត១៥០០នាក់ មានកម្មករ៤៤នាក់ ដែលត្រូវដាក់ឱ្យនៅដោយឡែកកម្រិត២ (ក្នុងមួយបន្ទប់អាចរស់នៅបានតែ១នាក់ប៉ុណ្ណោះ )នៃវិទ្យាល័យជម្ពូរវ័ន្ត ។ ក្រៅពីនេះ កម្មករជាង១៣៧៣នាក់ទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ៕
Tag:
COVID-19
កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com