COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
IOC៖ លោក អា​បេ ព្រម​ចាយលុយ​ថែម​៣​ពាន់​លាន​ដុល្លារ​ទៀត​លើ​ការពន្យារពេល​អូឡាំពិក​
22, Apr 2020 , 7:59 am        
រូបភាព
​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានប្រកាសថា ជប៉ុន​នឹងត្រូវ​បង់ប្រាក់​បន្ថែមទៀត​សម្រាប់​ការពន្យារពេល​ដំណើរការ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​បណ្តាលមកពី​វិបត្តិ​ជំងឺ COVID-19​។ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ យល់ព្រម​លើ​ការបង់ថ្លៃ​បន្ថែម​នេះ​ដែលមាន​ក្នុង​រង្វង់​ទឹក​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​


 
​កាសែត​ហិរញ្ញវត្ថុ​រប​សស់​ជប៉ុន Nikkei បានដាក់​តម្លៃបន្ថែម​នៅ​ការពន្យារ​ពេលនេះ​ក្នុង​ចំនួន​ទឹកប្រាក់ ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ជប៉ុន​បាន​ចំណាយ​ជាង ១២,៦ ពាន់​លាន​ដុល្លារ​អាមេរិក​រួចទៅហើយ​សម្រាប់​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​នេះ​។​
 
​នៅក្នុង​ការឆ្លើយ​ឆ្លង​គ្នា​នៅលើ​គេហទំព័រ​របស់ខ្លួន IOC បាន​និយាយថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ អះអាងថា ជប៉ុន​យល់ព្រម​លើ​ការចំណាយ​បន្ថែម​ដែល​ខ្លួន​នឹងធ្វើ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​សម្រាប់​ឆ្នាំ ២០២០ ហើយ IOC នឹង​បន្ត​ទទួលខុសត្រូវ សម្រាប់​ចំណែក​នៃ​ការចំណាយ​នេះដែរ​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡា​អូឡាំពិក​ពិភពលោក​មួយ​នេះ​បាន​បន្ថែមទៀតថា​៖«​សម្រាប់ IOC គឺ​ច្បាស់​ណាស់​ថា​ចំនួន​នេះ​ត្រូវ​ចំណាយ​បន្ថែម​លើ​ការចំណាយ​ដំបូង​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​»​។​
 
​កាលពី​ខែមីនា លោក​អា​បេ និង IOC ដែលមាន​លោក Thomas Bach ជា​ប្រធាន​នោះបាន​ព្រមព្រៀងគ្នា​ពន្យារពេល​ការប្រកួត​កីឡា​អូឡាំពិក​ក្នុង​តូ​ក្យូ​ឆ្នាំ ២០២០ រហូតដល់​ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពី​ជំងឺឆ្លង COVID-19 ដ៏​កាច​សាហាវ​បាន​គម្រាមកំហែង​ពិភពលោក​ដោយបាន​សម្លាប់​មនុស្ស​រហូតដល់​ជិត​២​សែន​នាក់​។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ថា​តើ​ការពន្យារពេល​មួយឆ្នាំ​ទៀត​នេះ​នឹង​គ្រប់គ្រាន់​ឬ​អត់​សម្រាប់​ការរៀបចំ​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​។​
 
​លោក Kentaro Iwata អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​មកពី​សាកលវិទ្យាល័យ Kobe បាន​លើកឡើងថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ ២០២១ ដោយសារ COVID-១៩ មិន​ប្រាកដថា​រយៈពេល​គ្រប់គ្រាន់​ក្នុងការ​លុបបំបាត់​ជំងឺ​រាតត្បាត​សកល​នេះឡើយ​។​
 
«​ជប៉ុន​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ខ្ញុំ​សង្ឃឹមថា​យើង​អាច​ធ្វើបាន ប៉ុន្តែ​ខ្ញុំ​មិន​គិតថា​វា​នឹង​កើតឡើង​នៅ​គ្រប់​តំបន់​ផ្សេងទៀត​នៅលើ​ផែនដី​ឡើយ​»​។ លោក Iwata បន្ថែម​ដូច្នេះ​ក្រោយ​ការអង្កេត​របស់លោក​៕

Tag:
 COVID-19
  IOC
  កីឡា​អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com