ONE Championship
កីឡាជាតិ
ជាតិ
ក្លិប Evolve បង្ហាត់​ក្បាច់គុន​តាម​អន​ឡាញ​លើ ONE Super App អំឡុង​វិបត្តិ COVID-19
22, Apr 2020 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
ONE Championship សហការ​ជាមួយ​ក្លិប​ប្រដាល់ Evolve MMA ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បង្ហាត់​ក្បាច់គុន​អន​ឡាញ​ដែលមាន​ផ្សាយ​ផ្ទាល់​លើ​កម្មវិធី​ទូរ​សព្ទ ONE Super App​។



ការបើក​បង្ហាត់​អន​ឡាញ​នេះ​ដោយសារតែ​ស្ថានភាព​នៃ​ជំងឺឆ្លង COVID-19 និង​ដើម្បី​ចូលរួម​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​ម្នាក់ៗ​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ​។ 
 
​ទោះជា​មាន​វិធី​ជាច្រើន​ដើម្បី​បន្តសកម្មភាព​ហ្វឹកហាត់​អំឡុងពេល​នៃ​ការបិទ​ប្រទេស​ក៏ដោយ ក្លិប Evolve ដែល​សម្បូរ​ដោយ​គ្រូបង្វឹក​លំដាប់​កំពូលៗ​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ជួយ​ដល់​កីឡាករ​កីឡាការិនី​រាប់ពាន់នាក់ ព្រោះ​បានផ្ដល់​ការបង្ហាត់បង្ហាញ​តាម​អន​ឡាញ​មាន​ឈ្មោះថា «Evolve At Home»​។ 
 
​ការបង្ហាត់​នេះ​ធ្វើឡើង​៣​ពេល​ក្នុង​មួយថ្ងៃ​នៅ​ថ្ងៃ​ធម្មតា និង ៤​ពេល​ក្នុង​មួយថ្ងៃ​នា​ថ្ងៃ​ចុង​សប្ដាហ៍​។ ដូច្នេះ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ គេ​អាច​ចូលទៅ​កាន់ ONE Super App សម្រាប់​ការបង្ហាត់​ប្រដាល់​នៅ​ម៉ោង ១២ ថ្ងៃត្រង់​ម៉ោង​នៅ​សិង្ហ​បុរី (​ម៉ោង ១១​ព្រឹក​នៅ​ខ្មែរ​), ការហាត់​ក្បាច់​មួយ​ថៃ​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​នៅ​សិង្ហ​បុរី (​ម៉ោង​៥:៣០ នៅ​ខ្មែរ​) និង ជឺ​ជិត​ស៊ូ​ម៉ោង ៧:៣០ ល្ងាច​នៅ​សិង្ហ​បុរី (៦:៣០ នៅ​ខ្មែរ​)​។ អ្នកទស្សនា ឬ អ្នក​ចង់​រៀន​ក៏​អាច​តាមដាន​នៅ​ថ្ងៃ​សៅរ៍ និង អាទិត្យ​ដូចគ្នា ដូចជា ក្បាច់​ចាប់​(Grappling) នៅ​ម៉ោង ៩:០០ ព្រឹក​នៅ​សិង្ហ​បុរី (​ម៉ោង ៨​ព្រឹក​នៅ​ខ្មែរ​), ការហាត់​ប្រដាល់​ម៉ោង ១០:០០ ព្រឹក​នៅ​សិង្ហ​បុរី (​ម៉ោង ៩​ព្រឹក​នៅ​ខ្មែរ​) , មួយ​ថៃ​នៅ​ម៉ោង ១១:០០​ព្រឹក (​ម៉ោង​១០​ព្រឹក​នៅ​ខ្មែរ​) និង ជឺ​ជិត​ស៊ូ​នៅ​ម៉ោង ១២:០០ ថ្ងៃត្រង់​នៅ​សិង្ហ​បុរី (​ម៉ោង ១១ ព្រឹក​ខ្មែរ​)​។​


 
​ការបង្ហាត់​តាម​អន​ឡាញ​របស់​ក្លិប Evolve មាន​គ្រូ​ល្បីៗ​លំដាប់​ពិភពលោក​ដូចជា  Siyar “The Great” Bahadurzada,​អតីត​កំពូល​កីឡាករ​ប្រដាល់ Drian Francisco, ម្ចាស់​ខ្សែក្រវាត់ BJJ World Champion  លោក Jucimar Eller, និង អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion និង​ជា​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ច្រើន​សម័យកាល លោក Dejdamrong Sor Amnuaysirichoke​។ 
 
​ការបង្ហាត់​នេះ គឺ​ជួយ​ឲ្យ​កីឡាករ​កីឡាការិនី​អាច​រក្សា​កម្លាំង​របស់ខ្លួន​ឲ្យ​ល្អ និង បង្កើន​សមត្ថភាព ខណៈដែល​ក្លិប​ប្រដាល់​នានា​ត្រូវបាន​បិទទ្វារ​ដោយសារតែ​មេរោគ Covid-19​។ 
 
Evolve គឺជា​ក្លិប​បណ្ដុះ​បាន​កីឡាករ​កីឡាការិនី​ល្អៗ​លំដាប់​ពិភពលោក ហើយ​ក្លិប​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​មួយ​នេះ​មាន​កីឡាករ​មួយ​ថៃ​, kickboxing, និង តារា​គុន​ចម្រុះ​ជាច្រើន​ប្រកួត​នៅ​សង្វៀន លំដាប់​ពិភពលោក ONE Championship​។ នាពេល​បច្ចុប្បន្ននេះ​មិនមាន​កន្លែង​ណា​ដែល​ល្អប្រសើរ​ជាង​ការហាត់​តាម​អន​ឡាញ​នោះឡើយ​។  ខណៈពេលដែល​កីឡាករ​កីឡាការិនី​ត្រូវដាក់​ដោយឡែក​កម្មវិធី​បង្ហាត់​ក្បាច់គុន​តាម​អន​ឡាញ​នេះ​អាចជួយ​បាន​ទាំង​ការរក្សា​កម្លាំង និង សមត្ថភាព​៕

© រក្សាសិទ្ធិដោយ thmeythmey.com