ការគ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតត្រឹមត្រូវមួយដែលមិនទាប ឬខ្ពស់ពេក គឺចាំបាច់ណាស់ដើម្បីចៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ ថាតើធ្វើបែបណាទើបអាចគ្រប់គ្រងសម្ពាធឈាមបាន?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយគ្រប់គ្រងសម្ពាធឈាម ៖
១. សម្រកទម្ងន់ដែលលើស
ភាពធាត់ជ្រុលជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាពរួមទាំងបញ្ហាលើសសម្ពាធឈាម។ អ្នកអាចគ្រប់គ្រងទម្ងន់តាមរយៈការទទួលទានអាហារសុខភាពល្អនិងធ្វើលំហាត់ប្រាណ។ នេះមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ។
២. កម្រិតការទទួលទានគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារីពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ក៏ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ប្រសិនបើអ្នកមានជំងឺលើសឈាម ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនលើសប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាសុខភាពនេះ។
៣. កាត់បន្ថយការទទួលទានអំបិល ឬអាហារប្រៃ
ការទទួលទានប្រៃពេកញឹកញាប់ក៏អាចបណ្ដាលឱ្យកើតជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារប្រៃ ឬកម្រិតការទទួលទានអំបិលមិនគួរលើសពី ១៥០០ មីលីក្រាមក្នុងមួយថ្ងៃឡើយ។ ចូរជ្រើសរើសរបបអាហារមានសុខភាពល្អប្រសិនបើអ្នកចង់រក្សាបាននូវសម្ពាធឈាមប្រក្រតី។ របបអាហារសុខភាពល្អមានរួមបញ្ចូលនូវបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងត្រី។ អាហារប្រភេទនេះមិនត្រឹមតែមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងប្រសើរផងដែរ។
៤. ព្យាយាមគ្រប់គ្រងស្ត្រេស
ធ្លាប់ដឹងទេថាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ខ្លាំងជាប្រចាំក៏អាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ? ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពស្ត្រេសរបស់អ្នក។
៥. គេងឱ្យបានគ្រប់គ្រាន់
ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិសូដ្យូមច្រើនហើយនោះបញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពីកង្វះនៃការគេងផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគេងឱ្យបានចន្លោះពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់៕
ត្រួតពិនិត្យដោយ www.health.com.kh