COVID-19
អន្តរជាតិ
នាយក CDC អាមេរិក ព្រមាន​ថា រលក COVID-19 ទី​២ នឹង​កាន់តែ​អាក្រក់​
22, Apr 2020 , 10:59 am        
រូបភាព
លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក។ រូបភាព៖ Reuters
លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក។ រូបភាព៖ Reuters
​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក (CDC) នៅ​ថ្ងៃទី​២១ ខែមេសា បាន​ព្រមាន​ថា រលក​ទី​២ នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) នៅ​អាមេរិក នឹង​កាន់តែ​អាក្រក់​ថែមទៀត នៅក្នុង​រដូវ​ត្រជាក់​ខាងមុខ​។


 
​គិត​មក​ត្រឹម​ថ្ងៃទី​២១ ខែមេសា​នេះ អាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 សរុប​រហូតដល់​ចំនួន ៨១​ម៉ឺន​ករណី អ្នកស្លាប់​ជាង​៤​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​ជាង ៨​ម៉ឺន​ករណី​។ អ្នក​ឆ្លង​ក្នុង​ថ្ងៃទី​២១ ខែមេសា មាន​រហូតដល់ ២៥៩៨៥​ករណី និង អ្នកស្លាប់ ២៨០៤​ករណី​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Washington Post លោក Robert Redfield នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក បាន​បញ្ជាក់ថា លទ្ធភាព​នៃ​ការវាយលុក​របស់​កូ​រ៉ូ​ណាវី​រុស អាច​កាន់តែ​អាក្រក់​ជាងនេះទៅទៀត នៅក្នុង​រដូវ​ត្រជាក់​ខាងមុខ​។ ពោលគឺ​ស្ថានភាព នឹង​អាក្រក់​ជាង​ពេលបច្ចុប្បន្ន ឬ​ដំណាក់កាល​ទី​១​ទៅទៀត​។ បើតាម​ការពន្យល់​រប​ស់លោក បញ្ហា​អាក្រក់ គឺ​នៅត្រង់ថា នាពេលខាងមុខ វា​គឺជា​រដូវ​ត្រជាក់ ហើយ​ជំងឺ​ផ្តាសាយ និង COVID-19 នឹង​វាយប្រហារ​អាមេរិក​ក្នុងពេល​ជាមួយគ្នា​តែម្ដង​។ 
 
​ខណៈ​ករណី​ឆ្លង COVID-19 នៅ​អាមេរិក ក៏ដូចជា អ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ​ធ្លាក់ចុះ​បន្តិច​មែន លោក Redfield បាន​ទទូច​ឲ្យ​អាជ្ញាធរ​សុខាភិបាល​អាមេរិក ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ និង​ទាមទារ​ឲ្យ​មាន​មន្ទីរពេទ្យ​សម្រាប់​បម្រុង​ទុក​នាពេលខាងមុខ ព្រោះ​អាមេរិក អាច​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទប់ទល់ COVID-19 នា​ដំណាក់កាល​ទី​ពីរបាន​។ 
 
​ក្រៅពីនេះ លោក​ក៏បាន​ឆ្លើយ​សំណួរ​អ្នក​សម្ភាស​ ជុំវិញ​ការចង់​ឲ្យ​បើក​សកម្មភាព​សេដ្ឋកិច្ច​របស់លោក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ផងដែរ​។ ជា​ចម្លើយ លោក Redfield បាន​ឆ្លើយ​យ៉ាងខ្លី​ថា វា​មិនបាន​ជួយ​សេដ្ឋកិច្ច​អាមេរិក​ច្រើន​ឡើយ​។ 
 
​ដោយ​ផ្អែក​ទៅតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​អាមេរិក​ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ​២០១៩ CDC ប៉ាន់ប្រមាណ​ថា មនុស្ស​ចំនួន ៣៥,៥​លាន​នាក់ មាន​ជំងឺ​ផ្តាសាយ​។ ក្នុង​ចំនួន​នេះ ១៦,៥​លាន​នាក់ បាន​ទៅ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព ហើយ​មនុស្ស​ចំនួន ៤៩០៦០០ បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។ ក្នុង​ចន្លោះ​ពេលនោះ ជំងឺ​ផ្តាសាយ ក៏បាន​សម្លាប់​មនុស្ស​ប្រមាណ ៣៤០០០​នាក់​ផងដែរ​៕ 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com