រដ្ឋមីស៊ូរី (Missouri) របស់អាមេរិកនៅថ្ងៃទី២១ ខែមេសា បានប្តឹងថ្នាក់ដឹកនាំចិន ទាមទារសំណងខូចខាត ដោយបរិយាយថាចិនមានបំណងបោកប្រាស់ និងចេញសកម្មភាពមិនគ្រប់គ្រាន់ក្នុងការបញ្ឈប់ជំងឺរាតត្បាតសកលCOVID-19។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ។
រដ្ឋមីស៊ូរី ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធអាមេរិក ដោយទាមទារសំណងខូចខាតមិនកំណត់មួយ និងឲ្យតុលាការចេញសេចក្តីបង្គាប់ឲ្យចិនបញ្ឈប់សកម្មភាពទាំងឡាយដែលត្រូវចោទប្រកាន់ ដោយក្នុងនោះក៏មានការលួចប្រមូលស្តុកឧបករណ៍ការពារខ្លួនផងដែរ។
លោក Eric Schmitt រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋនេះបាននិយាយថា រដ្ឋាភិបាលចិនកុហកពិភពលោកពីគ្រោះថ្នាក់ និងសភាពឆ្លងរបស់ជំងឺ COVID-19 ដោយបំបិទសំឡេងអ្នកផ្តល់ព័ត៌មាន និងធ្វើសកម្មភាពតិចតួច ដើម្បីបញ្ឈប់ការឆ្លងជំងឺនេះ។ លោក សង្កត់ធ្ងន់ថា៖« ពួកគេត្រូវទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន»។
បណ្តឹងខាងលើនេះ ជាបណ្តឹងដំបូងបង្អស់ ក្នុងអំឡុងពេលដែលមានការអំពាវនាវ ឲ្យសភាអាមេរិកពិន័យប្រទេសចិន។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កំពុងបើកយុទ្ធនាការ ផ្តោតលើតួនាទីរបស់ចិន ក្នុងជំងឺឆ្លងនេះ ទោះលោក ត្រាំ ខ្លួនឯងផ្ទាល់ ក៏កំពុងរងការរិះគន់ ក្នុងការគ្រប់គ្រងស្ថានការណ៍ផងដែរ។
នៅក្រោមច្បាប់អាមេរិក បណ្តឹងខាងលើនេះមិនងាយនឹងទទួលជោគជ័យទេ ដោយសារតែគោលការណ៍អភ័យឯកសិទ្ធអធិបតេយ្យ បានហាមឃាត់សកម្មភាពតុលាការ ប្រឆាំងនឹងរដ្ឋាភិបាលបរទេស។ ទោះជាយ៉ាងណាក្តី រដ្ឋមីសូរីដោះស្រាយបញ្ហាខាងលើ ដោយប្តឹងបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច ក្រោមហេតុផលថា បក្សនេះមិនមែនជាស្ថាប័នផ្លូវការរបស់រដ្ឋចិនឡើយ។
នៅក្នុងបណ្តឹង រដ្ឋមីស៊ូរីបានលើកឡើង ពីការប៉ាន់ស្មានខាតបង់ទឹកប្រាក់ ១០ពាន់លានដុល្លារ ដោយសារតែវីរុស និងសកម្មភាពដើម្បីបង្ការការឆ្លង ហើយចោទប្រកាន់បក្សកុម្មុយនីស្តចិនថា បានដឹង មានចេតនា និងមិនប្រុងប្រយ័ត្ន ដោយមិនយកចិត្តទុកដាក់ពីសិទ្ធិរបស់រដ្ឋ និងប្រជាជនរបស់ខ្លួន។ ពាក្យបណ្តឹងខាងលើ បានលើកឡើងផងដែរ ពីការឃុំខ្លួនអ្នកផ្តល់ព័ត៌មាន នៅពេលកំពុងគ្រប់គ្រងការផ្ទុះជំងឺនាពេលដំបូង ក៏ដូចជាការបដិសេធរបស់ចិនតាំងពីដំបូង ដែលថាគ្មានការឆ្លងពីមនុស្សទៅមនុស្ស។
បើទោះបីជាលោក ត្រាំ រិះគន់ចិនយ៉ាងណាក៏ដោយ គេពុំទាន់ឃើញរដ្ឋបាលរបស់លោក ចេញសកម្មភាពអ្វីជាដុំកំភួន ប្រឆាំងចិននៅឡើយទេ។ នេះទំនងជា រដ្ឋបាលរបស់លោក នៅចាំថា ចិនជាប្រភពផ្គត់ផ្គង់ម៉ាស់ និងឧបករណ៍វេជ្ជសាស្ត្រ ដែលអាមេរិកត្រូវការជាចាំបាច់។
គួរបញ្ជាក់ផងដែរថា រដ្ឋមីស៊ូរី ដែលដឹកនាំដោយអ្នកអភិរក្សនិយម ពុំសូវជាមានការរឹតបណ្តឹង ដូចជារដ្ឋដទៃទៀតឡើយ ដោយអនុញ្ញាតឲ្យអាជីវកម្មបើកជាធម្មតា ដរាបណាមានការរក្សាគម្លាត និងកំណត់ចំនួនមនុស្ស។ ត្រឹមថ្ងៃទី២១ ខែមេសា រដ្ឋមីស៊ូរីមានអ្នកស្លាប់ចំនួន១៨៩ ករណី។
ដោយឡែកនៅថ្ងៃទី២២ ខែមេសា អាមរិកទាំងមូល មានអ្នកឆ្លងចំនួន៨១៨,៨៩២ករណី ខណៈអ្នកស្លាប់មានចំនួន៤៥,៣៣៩នាក់៕