COVID-19
អន្តរជាតិ
សិង្ហ​បុរី ជា​ប្រទេស​ដំបូង​នៅ​អាស៊ាន​មាន​អ្នក​ឆ្លង COVID-19 លើស​មួយ​ម៉ឺន​នាក់
22, Apr 2020 , 2:42 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សិង្ហ​បុរី បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អាស៊ាន​ដែលមាន​អ្នក​ឆ្លង​ជំងឺ COVID-19 លើស​មួយ​ម៉ឺន​នាក់​។ នៅ​ថ្ងៃទី​២២ ខែមេសា សិង្ហ​បុរី បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​១០១៦​នាក់​ទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់​១០១៤១​នាក់​។ ករណី​ឆ្លង​ភាគច្រើន រកឃើញ​ក្នុងចំណោម​កម្ម​ករបរ​ទេស​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​រួមគ្នា​។

 
​ភាគច្រើនបំផុត​នៃ​ករណី​ឆ្លង​ថ្មី គឺ​អ្នក​កាន់​បណ្ណ​ការងារ​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​សម្រាប់​ព​លករ​បរទេស​។ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បញ្ជាក់​បែបនេះ​ពេល​ប្រកាស​ករណី​ឆ្លង COVID-19 ថ្មី​នៅ​ថ្ងៃទី​២២ ខែមេសា​។ ក្នុងចំណោម​អ្នក​ឆ្លង​ចំនួន​១០១៦​នាក់ មាន​ពលរដ្ឋ​សិង្ហ​បុរី ឬ​ពលរដ្ឋ​អចិន្ត្រៃយ៍​ចំនួន​១៥​ករណី​ប៉ុណ្ណោះ​។​
 
​ការ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​សិង្ហ​បុរី​ដាក់ចេញ​គោលការណ៍​ថ្មី​បន្ថែមទៀត សំដៅ​កាត់បន្ថយ​ការឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​២១ ខែមេសា បានប្រកាស​ពី​ការបន្ត​រយៈពេល​រឹតត្បិត​សកម្មភាព​ប្រជាជន​ក្នុងពេល​អាសន្ន​នេះ​។ «​គោលការណ៍​បំបែក​សៀគ្វី​» ដែល​ហៅ​សំដៅ​វិធាន​ការដាក់​ប្រជាជន​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​ដើម្បី​ផ្ដាច់​ការឆ្លង COVID-19 នឹងត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃទី​១ ខែមិថុនា​។​
 
​អាជីវកម្មមួយ​ចំនួន​ដូច​ហាង​កាត់សក់ និង​ហាង​លក់​ភេសជ្ជៈ​ជាដើម ត្រូវ​ហាម​មិន​ឲ្យ​ដំណើរការ​ឡើយ​។ ដោយឡែក ​វិស្សមកាល​សម្រាប់​សិស្ស​នៅ​ខែមិថុនា​ខាងមុខ នឹង​បញ្ចូល​ក្នុង​រយៈពេល​រឹតត្បិត​នេះ ដើម្បី​ទុកពេល​ឲ្យ​សិស្ស​រៀន​វិញ​នៅពេល​ស្ថានការណ៍​ធូរស្រាល​។ 
 
​ឈរ​បន្ទាប់ពី​សិង្ហ​បុរី គឺ​ឥណ្ឌូណេស៊ី​ដែលមាន​ករណី​ឆ្លង​ចំនួន​៧១៣៥​នាក់ និង​ស្លាប់​៦១៦​នាក់​។ ឡាវ​ជា​ប្រទេស​មាន​ករណី​ឆ្លង​តិចជាងគេ គឺ​១៩​ករណី​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com