កីឡាអន្តរជាតិ
អន្តរជាតិ
Premire League អាចនឹងរងគ្រោះ ប្រសិនរជ្ជទាយាទ Bin Salman ក្លាយជាម្ចាស់ Newcastle
× អង្គការលើកលែងទោសអន្តរជាតិ បានព្រមានក្របខណ្ឌ Premier League ថា នឹងប្រឈមបញ្ហាធ្ងន់ធ្ងរ បើអនុញ្ញាតឲ្យរជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed Bin Salman ក្លាយជាម្ចាស់ក្លិប Newcastle United។ ព្រះអង្គម្ចាស់ Bin Salman រងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស ករណីជាប់ពាក់ព័ន្ធសម្លាប់អ្នកកាសែត Jamal Khashoggi។
ក្លិប Newcastle United កំពុងឈានដល់កិច្ចព្រមព្រៀងលក់ក្នុងតម្លៃប្រហែល ៣០០ លានផោន (៣៦៨ លានដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនដែលនៅពីក្រោយសម្ពន្ធក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតមួយទៀតដែលពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ Mohammed bin Salman ។
ពាក់ព័ន្ធនឹងការទិញដូរក្លិបនេះ មានប្រភពគួរទុកចិត្តមួយរាយការណ៍នៅថ្ងៃទី២១ ខែមេសាថា ប្រាក់កក់ចំនួន ១៧ លានផោន (២១លានដុល្លារអាមេរិក) ត្រូវបានបង់ទៅឲ្យម្ចាស់ក្លិបបច្ចុប្បន្នលោក Mike Ashley រួចទៅហើយ មុនកិច្ចព្រមពៀងចុងក្រោយ។
ដោយសារ ទ្រង់ Salman មានជាប់ពាក់ព័ន្ធលើការបញ្ជាឲ្យសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi ក្នុងកុងស៊ុលអារ៉ាប៊ីសាអូឌីត នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី អង្គការលើកលែងទោសអន្តរជាតិដែលព្យាយាមការពារលើការរំលោភសិទ្ធិមនុស្សបានព្រមានទៅកាន់លីគកំពូលអង់គ្លេសថា ដរាបណាលីគមិនបានផ្តល់ការការពារហ្មត់ចត់ណាមួយសម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឲ្យមានការកាន់កាប់នេះទេ នោះវានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់លីគមិនខាន។
ក្រុមអ្នករិះគន់បានចោទអារ៉ាប៊ីសាអ៊ូឌីតថា បានព្យាមយាមប្រើប្រាស់កីឡាជាមធ្យោបាយដើម្បីបង្វែរស្ថានការលើកំណត់ត្រារំលោភបំពានសិទ្ធិមនុស្សរបស់ពួកគេ។ ដូច្នេះក្របខណ្ឌ Premier League ត្រូវសម្រេចថា តើម្ចាស់ថ្មីបានបំពេញតាមលក្ខណៈវិនិច្ឆ័យក្នុងនាមជាម្ចាស់ និងនាយកក្លិបត្រឹមត្រូវហើយឬនៅ។
ក្នុងករណីនេះដែរ នាយកអង្គការលើកលែងទោសអន្តរជាតិចក្រភពអង់គ្លេស អ្នកស្រី Kate Allen បានផ្ញើលិខិតមួយច្បាប់ទៅនាយកប្រតិបត្តិក្របខណ្ឌ Premier League លោក Richard Masters ដោយបង្ហាញពីកង្វល់របស់អង្គការ ជុំវិញការកាន់កាប់ក្លិបរបស់រជ្ជទាយាទ Salman ដែលកំពុងជាប់ក្តីក្តាំរំលោពសិទ្ធិមនុស្ស។ អ្នកស្រីលើកឡើងថា៖ «ជំនួញទាំងអស់ចាំបាច់ត្រូវការពារប្រឆាំងនឹងការផ្សារភ្ជាប់ណាមួយដែលអាចកើតមានចំពោះការរំលោភសិទ្ធិមនុស្ស ហើយកីឡាបាល់ទាត់អង់គ្លេសក៏ត្រូវតែធ្វើបែបនេះដូចគ្នា»៕
Tag:
Premier League
Newcastle United
Mohammed Bin Salman
© រក្សាសិទ្ធិដោយ thmeythmey.com